ក្រុមហ៊ុន​ដឹក​ជញ្ជូន​សុរិយា​បដិសេធ​ជា​ថ្មី​មិន​ទទួល​អតីត​អ្នក​បើក​បរ​ចូល​ធ្វើការ​វិញ

0:00 / 0:00

អតីត​អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សុរិយា ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​កាល​ពី​ខែ​មេសា តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​២៤ សីហា។ អ្នក​តវ៉ា​ទាំង​នោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាធរ​កណ្ដាល ដែល​សម្រេច​ឲ្យ​ទទួល​យក​ពួកគេ ១៧​នាក់ ចូល​ធ្វើការ​វិញ។ រីឯ​ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ទទួលយក​ចូល​ធ្វើ​ការ​វិញ តែ​សន្យា​ផ្ដល់​សំណង​ជា​ប្រាក់​កាស​ជំនួស។

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សុរិយា គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៥ សីហា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​អតីត​អ្នក​បើកបរ ១៧​នាក់ ចង់​ចូល​ធ្វើការ​វិញ។ អតីត​អ្នក​បើកបរ​រថយន្ត​ដឹកនាំ​ដំណើរ​ចំនួន ១៧​នាក់ ឈរ​តវ៉ា​ពេញ​មួយ​ថ្ងៃ​នៅ​មុខ​ក្រុមហ៊ុន ដោយ​មាន​លើក​បដា​ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ​ធ្វើការ​វិញ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​បាន​ចេញ​មក​ចរ​ចារ ឬ​ទទួល​យក​ញត្តិ​ទាមទារ​របស់​ពួកគេ​ទេ។

អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សុរិយា លោក ចាន់ សុផាន់ណា បញ្ជាក់​ថា ក្រុមហ៊ុន​ព្រម​ផ្ដល់​សំណង​ជំងឺ​ចិត្ត​តាម​ច្បាប់​ការងារ​ទៅ​ដល់​ពួកគេ​ទាំង ១៧​នាក់​នោះ។ ប៉ុន្តែ​មិន​អាច​ទទួល​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​បាន​ទេ។ លោក​ពន្យល់​ថា សព្វថ្ងៃ​ក្រុមហ៊ុន​មាន​អ្នក​បើកបរ​រហូត​ដល់ ១៤៧​នាក់ លើស​ពី​ចំនួន​រថយន្ត​ដែល​មាន​ចំនួន ១២៣​គ្រឿង។ ក្រុមហ៊ុន​បាន​ចេញ​ខាត​ជា​ច្រើន ដើម្បី​ផ្ដល់​ប្រាក់ខែ​ឲ្យ​អ្នក​បើកបរ​ទាំង​នោះ និង​បាន​កាត់​សេវា​ដឹក​អ្នកដំណើរ នៅ​តំបន់​ខ្លះ​ទៀត ដោយសារ​តែ​គ្មាន​អតិថិជន ដូច្នេះ​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​ហិរញ្ញវត្ថុ​ខ្លះ ដែល​មិន​អាច​ទទួល​យក​បុគ្គលិក​បន្ថែម​ទៀត​បាន៖ «យើង​កំពុង​ប្រឈម​មុខ​ពាក់ព័ន្ធ​នឹង​បុគ្គលិក​រាល់​ថ្ងៃ​នេះ យើង​អត់​ទាន់​មាន​លទ្ធភាព​ផ្គត់ផ្គង់​គាត់​គ្រប់គ្រាន់​ផង ឥឡូវ​យើង​អត់​អាច​ទទួល​គាត់​ឲ្យ​មក​ចិញ្ចឹម​ប្រាក់ខែ​គាត់​ទៀត យើង​យក​មក​ម៉េច​កើត?»

ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​ភ្នំពេញ​សុរិយា បាន​បញ្ឈប់​អ្នក​បើកបរ​ចំនួន ១៧​នាក់ កាល​ពី​ខែ​មេសា ដោយ​ប្រាប់​ថា ក្រុមហ៊ុន​អត់​ការងារ​ធ្វើ ហើយ​ត្រូវ​កាត់បន្ថយ​បុគ្គលិក។ តែ​បើ​តាម​ការ​អះអាង​ពី​បុគ្គលិក​ប្រាប់​ថា មូលហេតុ​ពិតប្រាកដ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​នោះ គឺ​នៅ​ពេល​ដែល​ពួកគេ​គ្រោង​បង្កើត​សហជីព​មួយ​ក្នុង​ក្រុមហ៊ុន​ដើម្បី​ការពារ​ផល​ប្រយោជន៍​ឲ្យ​បុគ្គលិក។

យ៉ាងណា​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល បាន​ចេញ​សេចក្ដី​បង្គាប់​កាលពី​ថ្ងៃ​ទី​៤ កក្កដា អនុញ្ញាត​ឲ្យ​អតីត​អ្នក​បើក​បរ​ជា​បុគ្គលិក ១៥​នាក់​ក្នុង​ចំណោម ១៧​នាក់ ចូល​ធ្វើ​ការ​វិញ។ រី​ឯ ២​នាក់​ទៀត ក្រុមហ៊ុន​ត្រូវ​បើក​ប្រាក់​ផ្ដាច់​កិច្ចសន្យា​ដល់​ពួកគេ។ ប៉ុន្តែ​ការ​សម្រេច​នោះ​ត្រូវ​ក្រុមហ៊ុន​បដិសេធ និង​មាន​ការ​ចរចា​គ្នា​ជាមួយ​អតីត​អ្នក​បើកបរ​នោះ​ចំនួន ៥​លើក​មក​ហើយ តែ​មិនទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ។

​ប្រធាន​សហជីព​តំណាង​អ្នក​បើកបរ​លោក សម្បត្តិ វន ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​បញ្ជាក់​ថា ពួកគេ​មិន​អាច​ទទួល​សំណង​ជា​ប្រាក់​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​នោះ​ទេ ព្រោះ​អ្វី​ដែល​ពួកគេ​ធ្វើ​នោះ គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ការងារ។

លោក​បន្ត​ថា ក្រុមហ៊ុន​រើសអើង​សហជីព​មិន​ចង់​ឲ្យ​បង្កើត​សហជីព​ក្នុង​ក្រុមហ៊ុន​ដែល​ឆ្អឹង​ទទឹង​ក មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត។ តាម​ការ​អះអាង​របស់​លោក ក្រុមហ៊ុន​បាន​រំលោភ​ច្បាប់​ការងារ​ជា​ច្រើន ដូចជា​ការ​ផ្ដល់​ថ្ងៃ​ឈប់សម្រាក​ឲ្យ​កម្មករ​ចំនួន ២​ថ្ងៃ​ក្នុង​មួយ​ខែ តែ​ពេល​កម្មករ​ឈប់​សម្រាក​ខាង​ក្រុមហ៊ុន​បែរ​ជា​កាត់​ប្រាក់​ខែ​បុគ្គលិក និង​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជាដើម៖ «ពួក​ខ្ញុំ​តវ៉ា​នេះ​មិន​មែន​ចង់​ឲ្យ​ក្រុមហ៊ុន​បង់​លុយ​អី​ឲ្យ​ទេ គឺ​តវ៉ា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​គោរព​លក្ខខណ្ឌ​ការងារ​និង​គោរព​សិទ្ធិ​បុគ្គលិក។ ឧទាហរណ៍​ថា ការ​គាប​សង្កត់ ជិះជាន់​ពី​ថៅកែ​ទៅ​ពួក​ខ្ញុំ​ទាមទារ និង​តវ៉ា​បាន»

​មន្ត្រី​ច្បាប់​មក​ពី​សហភាព​ការងារ​កម្ពុជា លោក ព្រិត សុអួត ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​រើសអើង​សហជីព និង​បាន​រំលោភ​ច្បាប់​ការងារ​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា តាម​ច្បាប់​ការងារ​អ្នក​បើកបរ​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទាំង​នោះ មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ទាមទារ ហើយ​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក៏​មិន​បាន​ចង​កាតព្វកិច្ច​ក្រុមហ៊ុន​ត្រូវ​តែ​អនុវត្ត​តាម​ដែរ។ ខាង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សុរិយា បញ្ជាក់​ជំហរ​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​តុលាការ​ជា​អ្នក​សម្រេច​វិវាទ​នេះ បន្ទាប់ពី​អតីត​អ្នក​បើកបរ​ទាំង​នោះ មិន​យល់​ព្រម​តាម​ការ​សម្របសម្រួល​របស់​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។