រដ្ឋាភិបាលកម្ពុជា បានប្រកាសថានឹងបើកឲ្យមានរដ្ឋាករស្វយ័ត លើការទទួលខុសត្រូវលើការដឹកជញ្ជូនសេវាកម្មរថយន្តក្រុង បន្ទាប់ពីក្រុមហ៊ុនឯកជនអនុវត្តបរាជ័យ។ ការអន្តរាគមន៍របស់រដ្ឋនៅពេលនេះ គឺជារឿងមួយត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែអ្នកសេដ្ឋកិច្ចវិញ បានចោទជាសំណួរថា តើរដ្ឋាភិបាលមានលុយគ្រប់គ្រាន់ឬទេ ដើម្បីចេញខាតលើការឧបត្ថម្ភធននេះ?
ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី៣១ កក្កដា ថា រដ្ឋាភិបាលរបស់លោកមានលុយគ្រប់គ្រាន់ ដើម្បីរ៉ាប់រងការចំណាយលើការបង្កើតសេវារថយន្តក្រុងដោយខ្លួនឯងបាន។ ការប្រកាសនេះ បន្ទាប់ពីក្រុមហ៊ុននានាដែលបានសាកល្បងសេវាកម្មដឹកជញ្ជូនមួយរយៈ ហើយក៏បញ្ឈប់ទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តដោយ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធនានា និងមន្ត្រីក្រោមឱវាទ ឲ្យបង្កើតជារដ្ឋាករស្វយ័ត ដឹកជញ្ជូនសេវារថយន្តក្រុង ដែលចំណុះឲ្យសាលារាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនឯកជនធ្វើបរាជ័យ៖ «សំឡេង»។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការទទួលខុសត្រូវរបស់រដ្ឋលើការបង្កើតសេវាកម្មនេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ចំពោះកុមារ ជនពិការ ព្រះសង្ឃ នឹងមិនបង់ប្រាក់ឡើយ។ ហើយលោកក៏បានស្នើឲ្យអង្គការក្រៅរដ្ឋាភិបាលនានា កុំរិះគន់ការលូកដៃចូលក្នុងការផ្ដល់សេវាកម្មរថយន្តក្រុងនេះ ប្រាសចាកពីគោលការណ៍នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី។
របាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា នៅក្នុងស្ថាប័នរដ្ឋាកររថយន្តក្រុងថ្មីនេះ រួមមាន រថយន្តចំនួន ៤០គ្រឿង និងគ្រោងពង្រីកឲ្យមានបណ្ដាញរថយន្តក្រុងជាច្រើនខ្សែទៀត ដើម្បីចរាចរនៅក្នុងរាជធានីភ្នំពេញ។
អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការលូកដៃចូលរបស់រដ្ឋ អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលមានលុយគ្រប់គ្រាន់ ប៉ុន្តែសេដ្ឋវិទូមួយក្រុមទៀតយល់ថា ក្នុងដំណើរការអភិវឌ្ឍប្រទេស យន្តការសេដ្ឋកិច្ចទីផ្សារមានតួនាទីចម្បង ចំណែករដ្ឋវិញត្រូវមានតួនាទីតិចតួចប៉ុណ្ណោះ។ ដើម្បីឲ្យសេដ្ឋកិច្ចផ្សារដំណើរការប្រកបដោយប្រសិទ្ធភាព រដ្ឋត្រូវដកខ្លួនចេញពីសកម្មភាពនានា ដែលយន្តការទីផ្សារអាចដំណើរការបានដោយជោគជ័យ ក្នុងការកំណត់ថ្លៃទំនិញ និងសេវា។
អ្នកសេដ្ឋកិច្ចទាំងនោះមិនលើកទឹកចិត្តឲ្យរដ្ឋលូកដៃចូលនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីឡើយ ដោយសារហេតុផលសំខាន់បី។ ទីមួយ ភាពអន់ខ្សោយនៅក្នុងព័ត៌មាន។ ទីពីរ ភាពទន់ខ្សោយក្នុងផ្នែកត្រួតពិនិត្យលើការឆ្លើយតបរបស់វិស័យឯកជន និងទីបី ភាពទន់ខ្សោយក្នុងការត្រួតពិនិត្យទៅលើការិយាធិបតេយ្យ។ ការលូកដៃចូលរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ច អាចធ្វើឲ្យទីផ្សារបរាជ័យ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើអន្តរាគមន៍របស់រដ្ឋនៅក្នុងសេដ្ឋកិច្ច អាចធ្វើទៅបានដែរ ដោយសារកត្តាពីរ គឺការវិនិយោគផ្ទាល់ និងការធ្វើគោលនយោបាយ។ ការវិនិយោគផ្ទាល់ គឺសំដៅលើការផលិតទំនិញសាធារណៈ ដែលសង្គមត្រូវការប្រើប្រាស់ ហើយឯកជនមិនវិនិយោគ ដោយសារតែអត្ថប្រយោជន៍ទទួលបានទាប ឬផលចំណេញ មិនបានផ្ដល់ភ្លាមៗ។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើតសាវារថយន្តក្រុងគ្រប់គ្រងដោយរដ្ឋនេះ ហាក់ជារឿងមួយត្រឹមត្រូវ។ លោកបញ្ជាក់ថា ភាពបរាជ័យនៃការផ្គត់ផ្គង់សេវាកម្មរថយន្តក្រុងកន្លងមក បណ្ដាលមកពីកត្តាសំខាន់ពីរ។ ទីមួយ អ្នកគាំទ្រតិច មានន័យថា ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់សេវាកម្មនៅមានកម្រិតនៅឡើយ។ ទីពីរ ការផ្ដល់បណ្ដាញនៃសេវាកម្មមិនសម្បូរបែប ទាំងចំនួនរថយន្ត និងបណ្ដាញផ្លូវ។ ម្យ៉ាងវិញទៀត ការយកកម្រៃទាប ក៏ជាកត្តាធ្វើឲ្យសេវាកម្មរថយន្តក្រុងបរាជ័យដែរ ព្រោះចំណេញតិច ហើយចំណាយលុយវិនិយោគច្រើន។ ទោះជាយ៉ាងណា ភាពជោគជ័យនៃគម្រោងរបស់រដ្ឋាភិបាលនេះ អាស្រ័យលើធនធានរបស់រដ្ឋ៖ «សំឡេង»។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ គ្រោងបង្កើតឲ្យមានខ្សែបន្ថែមចំនួន៨ផ្សេងទៀត ដើម្បីចរាចររថយន្តក្រុងនៅពាសពេញរាជធានីភ្នំពេញ ក្នុងនោះ ពេលវេលានៃការបម្រើសេវាដឹកជញ្ជូនមានរយៈពេល ១៦ម៉ោងក្នុងមួយថ្ងៃ និងមានតម្លៃសំបុត្រ ១.៥០០រៀលសម្រាប់មនុស្សម្នាក់។ ប៉ុន្តែ ការចំណាយសរុបលើការបង្កើតសេវានេះ នៅមិនទាន់ដឹងជាក់លាក់នៅឡើយ ដោយលោកលើកហេតុផលថា កំពុងស្ថិតនៅក្នុងការស្រាវជ្រាវ៖ «សំឡេង»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលទទួលបានការដេញថ្លៃក្នុងការផ្ដល់សេវាកម្មរថយន្តក្រុងកន្លងមក គឺមកពីប្រទេសចិន និងកូរ៉េខាងត្បូង ដោយក្រោមជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា ចៃកា (JICA)។ ក្រុមហ៊ុនទាំងនោះបានអះអាងថា ការបញ្ឈប់សកម្មភាពរបស់ខ្លួននេះ ដោយសារតែមិនចំណេញ បើប្រៀបធៀបនឹងការឡើងថ្លៃនៃប្រេងសាំង និងការគាំទ្រពីប្រជាពលរដ្ឋក៏មានចំនួនតិចតួច។
របាយការណ៍របស់សាលារាជធានីភ្នំពេញ ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅទីក្រុង និងអ្នកធ្វើដំណើរចូលមកទីក្រុង មានចំនួនប្រមាណ ៤លាននាក់។ ចំណែករថយន្តមានចំនួន ៣សែនគ្រឿង និងម៉ូតូមានចំនួន ១លានគ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
