អាជ្ញាធរខេត្តកំពង់ធំ ឲ្យដឹងថា រូបដំរីជាន់ខ្លាដែលតំណាងឲ្យខេត្តនេះ គឺមិនបានបាត់បង់ដូចការលើកឡើងកន្លងមកនោះឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរខេត្តមានតែកែលំអរូបសំណាកមួយនេះឲ្យស្អាតទៅវិញទេ ហើយការលើកឡើងថា បាត់រូបដំរីជាន់ខ្លានោះ គឺជាការបំភ្លៃព័ត៌មានទៅវិញទេ។
បើទោះបីជាអាជ្ញាធរខេត្តកំពង់ធំ បានបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះបញ្ហារូបសំណាកដំរីជាន់ខ្លា និងរូបស្តូបអនុស្សាវរីយ៍ ឬជារូបតំណាងឲ្យការនឹកគុណវៀតណាម រហូតដល់ពួកគេបានបង្កើតជាវីដេអូបង្ហាញពីរូបសំណាកនោះយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅមានពលរដ្ឋមួយចំនួនមិនទាន់អស់ចិត្ត។ ដោយភាពមិនអស់ចិត្ត ពលរដ្ឋជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ស្នើឲ្យអាជ្ញាធរបំភ្លឺជុំវិញបញ្ហានេះទៀតផង។
ពលរដ្ឋនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ លោក ឃុត វាសនា ស្នើឲ្យវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយដើម្បីឲ្យអាជ្ញាធរបំភ្លឺពីបញ្ហានេះ ថែមទាំងស្នើឲ្យអាជ្ញាធរដកស្តូបអនុស្សាវរីយ៍ជាមួយប្រទេសវៀតណាម ចេញផុតពីដីខ្មែរ។
អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា រូបសំណាកដំរីជាន់ខ្លាដែលជានិមិត្តរូបឲ្យខេត្តកំពង់ធំ នោះ មិនបានបាត់ទៅណាដូចការលើកឡើងក្នុងប្រព័ន្ធបណ្ដាញសង្គមនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរខេត្តបានចំណាយថវិកាមួយចំនួន ដើម្បីរៀបចំរូបដំរីជាន់ខ្លាឲ្យខ្ពស់ និងស្អាតជាងមុនទៀតផង។ ចំណែករូបស្តូប ឬជាបង្គោលរំឭកអនុស្សាវរីយ៍កងទ័ពវៀតណាម គឺគេកសាងតាំងពីទសវត្ស៨០ ពោល គឺតាំងពីពួកកងទ័ពវៀតណាម មានវត្តមានលើដីខ្មែរមកម្ល៉េះ ហើយអាជ្ញាធរក៏មិនដែលបានកែប្រែស្តូបនោះអ្វីដែរ៖ «បាទ! ខ្ញុំមានការសោកស្ដាយសម្រាប់អ្នកដែលចេតនាបង្ករឿងហ្នឹង ព្រោះមិនមានអីឲ្យគាត់យល់ច្រឡំសោះ។ ដែលជាចេតនាដោយសារអី? ដោយសារតែទីមួយ ដំរីជាន់ខ្លានៅកន្លែងដដែល ហើយឆ្នាំ២០១៤ ខ្ញុំបានចំណាយលុយ ៥ពាន់ដុល្លារ ដើម្បីកែលំអលើខឿនខ្ពស់ ៧តឹកឲ្យគាត់កាន់តែខ្ពស់ និងមានឥទ្ធិពលនៅកន្លែងហ្នឹង»។
ប្រតិកម្មពីអាជ្ញាធរខេត្តពេលនេះ ក្រោយពេលមានការលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា បាត់រូបសំណាកដំរីជាន់ខ្លា ដោយជំនួសមកជារូបសំណាកតំណាងឲ្យប្រទេសវៀតណាម ទៅវិញ។ ស្តូបរំឭកអនុស្សាវរីយ៍កងទ័ពវៀតណាម មានស្ថានភាពដូចជាបង្គោលព្រំដែន ដែលមានបួនជ្រុង ហើយជ្រុងនីមួយៗមានរូបផ្កាយនៅផ្នែកខាងលើតំណាងឲ្យប្រទេសវៀតណាម ស្ថិតនៅខាងក្រោយរូបសំណាកដំរីជាន់ខ្លា។ លើសពីនេះទៀត មានពលរដ្ឋខ្លះថាខេត្តកំពង់ធំ ជាខេត្តស្ថិតនៅចំណុចកណ្ដាលនៃប្រទេសកម្ពុជា ពុំគួរយកស្តូបនេះមកដាក់នៅក្នុងកណ្ដាលបែបនេះឡើយ។

ទាក់ទងបញ្ហានេះ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការចាប់អារម្មណ៍របស់យុវជន និងពលរដ្ឋទូទៅ គឺបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាប្រទេសជាតិ បញ្ហានយោបាយ និងរបៀបដឹកនាំនៅក្នុងប្រទេសជាដើម។ ជាងនេះទៀត រឿងរ៉ាវទាំងឡាយណាពាក់ព័ន្ធជាមួយប្រទេសវៀតណាម គឺរឹតតែធ្វើឲ្យពលរដ្ឋខ្មែរកាន់តែចង់ដឹងថែមទៀត៖ «អ៊ីចឹងដោយសារថ្មីៗនេះ ប្រទេសវៀតណាម មានការរំលោភបំពានព្រំដែនប្រទេសកម្ពុជា ពិសេសអធិបតេយ្យភាពប្រទេសកម្ពុជា ធ្វើឲ្យយុវជន និងពលរដ្ឋកម្ពុជា មានការចាប់អារម្មណ៍។ ចំណុចទីពីរ អាចដោយសារលំហូរចូលនៃពួកវៀតណាម»។
លោកបន្តថា ព័ត៌មានពិតអាចជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែប្រសិនបើព័ត៌មាននោះមិនពិតវិញ គឺជារឿងបំពុលមតិសាធារណជន ហើយក៏អាចធ្វើឲ្យខ្មែរ និងខ្មែរបែកបាក់សាមគ្គីគ្នា។ ចំណែកការកសាងស្តូបរំឭកអនុស្សាវរីយវៀតណាម ដើម្បីឲ្យខ្មែរនៅតែបន្តដឹងគុណនោះ លោក រស់ រ៉ាវុធ បញ្ជាក់ថា វារឿងហួសសម័យហើយមកដល់ពេលនេះ ព្រោះបច្ចុប្បន្ននេះមិនមែនប្រទេសកម្ពុជា ត្រូវដឹងគុណវៀតណាម នោះឡើយ។ ផ្ទុយទៅវិញ វៀតណាម ទេដែលត្រូវដឹងគុណកម្ពុជា ព្រោះមានចំណុចច្រើនណាស់ដែលកម្ពុជា មានគុណលើវៀតណាម។ ជាក់ស្ដែង ប្រជាជនវៀតណាម រាប់ម៉ឺននាក់ កំពុងរស់នៅលើដីខ្មែរ ហើយថែមទាំងបំផ្លាញធនធានធម្មជាតិខ្មែរស្ទើរតែអស់ទៀតផង។ ម្យ៉ាងទៀត កម្ពុជា គឺប្រទេសទីផ្សារធំមួយសម្រាប់ប្រទេសវៀតណាម។ ជាមួយគ្នានេះ ទាំងប្រជាពលរដ្ឋ និងប្រមុខដឹកនាំ ត្រូវដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសមានឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន មិនចាំបាច់ត្រូវដឹងគុណប្រទេសណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
