ភាគហ៊ុន​របស់​ក្រុមហ៊ុន​សម្លៀកបំពាក់​ជីធីអាយ​បន្ត​ធ្លាក់​ថ្លៃ​ដោយសារ​បាតុកម្ម

0:00 / 0:00

ការ​តវ៉ា​របស់​កម្មករ នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ជា​ការ​ដាក់​សម្ពាធ​មួយ​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​នៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​ធ្លាក់​ថ្លៃ។ អ្នកវិភាគ​លើ​វិស័យ​មូលប័ត្រ​បាន​អះអាង​ថា អំពើ​ហិង្សា​ដែល​កើតឡើង​ពី​ការ​ទាមទារ​ប្រាក់​ឈ្នួល និង​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ ពិតជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ចុះបញ្ជី វិនិយោគ​លក់​ភាគហ៊ុន នៅ​ក្នុង​ផ្សារ​មូលប័ត្រ។

ភាគហ៊ុន​របស់​រោងចក្រ​សំលៀកបំពាក់ ឈ្មោះ​ជី​ធី​អាយ (Grand Twin International) ដែល​បាន​បោះពុម្ពផ្សាយ​លក់​ហ៊ុន​របស់​ខ្លួន​នៅ ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​បាន​បន្ត​ធ្លាក់​ថ្លៃ​ជា​លំដាប់ ដោយ​គិត​ចាប់​តាំងពី​ក្រុមហ៊ុន​នេះ បាន​ចូល​លក់​ហ៊ុន​របស់​ខ្លួន កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៤​កន្លងមក។

ការ​ធ្លាក់​ថ្លៃ គឺជា​ការ​បង្ហាញ​ថា​វិស័យ​មូលប័ត្រ​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ពី​កត្តា​ខាងក្រៅ​ដូចជា ការ​យល់ដឹង​របស់​អ្នកទិញ​ហ៊ុន និង​ការ​ផ្សព្វផ្សាយ អំពី​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ផ្សា​រមូលប័ត្រ​ហាក់​នៅ​មាន​កម្រិត​ទាប។

គេហទំព័រ របស់​ផ្សារ​មូលប័ត្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​បាន​បង្ហាញ​ថា តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ជីធីអាយ ធ្លាក់​ចុះ​១៨% មក​ត្រឹម ៧​ពាន់​៩​រយ​ក្នុង​មួយ​ហ៊ុន បើ​ប្រៀបធៀប​តម្លៃ​ហ៊ុន​ដែល​បាន​បោះពុម្ពផ្សាយ​របស់​ខ្លួន​កាលពី​ខែ​ឧសភា ។ ចំណែក ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ បាន​ធ្លាក់​ថ្លៃ​ប្រមាណ​៧% មក​ត្រឹម​៤​ពាន់​៨​រយ​រៀល​ក្នុង​មួយ​ហ៊ុន នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា បើ​ប្រៀបធៀប​នឹង​តម្លៃ​ហ៊ុន​នៅ​សប្ដាហ៍​មុន។

អ្នកវិភាគ​ថ្នាក់ខ្ពស់​នៃ​ក្រុមហ៊ុន​តុងយ៉ាស៊ីធ្យូរីធី (Tong Yang Securities) លោក ស៊ីន ស៊ីវុធថារ៉ា មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ថ្លៃ​ហ៊ុន បណ្ដាល​មក​ពី​កត្តា​សំខាន់​ពីរ ទី​មួយ​ស្ថានភាព​ផល​ចំណេញ​របស់​ក្រុមហ៊ុន និង​កត្តា​សំខាន់​ទី​ពីរ ដោយសារ​តែ ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម ពី​សំណាក់​កម្មករ នៅ​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់។ ម្យ៉ាង​វិញ​ទៀត ភាព​ខ្វះខាត​ព័ត៌មាន ក៏​ជា​កត្តា​សំខាន់​ផ្សេងទៀត​ដែល​ធ្វើ​តម្លៃ​ហ៊ុន​ធ្លាក់​ថ្លៃ​នៅ​ផ្សារ​មូលប័ត្រ​ដែរ។ សំឡេង

បន្ថែម​លើ​នេះ​លោក ស៊ី វុធថារ៉ា បាន​ឲ្យ​ដឹង​ថា​កត្តា​ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​ហ៊ុន មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ភ្លាម អំពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ ឲ្យ​សាធារណជន​បាន​ដឹង គឺជា​កត្តា​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ធ្លាក់​ថ្លៃ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ លោក ស្រី ចន្ធី យល់​ឃើញ​ថា​កត្តា​ដែល​ធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់​មូលប័ត្រ មាន​សភាព​នៅ​ទ្រឹង​ដោយសារ ការ​យល់​ដឹង​ពី​សាធារណជន​អំពី​ការ​ជួញដូរ ហ៊ុន នៅ​មាន​កម្រិត និង​ឈ្មួញ​ធំៗ មិន​មានបំណង​វិនិយោគ​ដោយសារ មិន​ទទួល​បាន​ផល​ចំណេញ​ច្រើន។

តាម​បទពិសោធន៍​នៃ​ការ​បើក​ផ្សា​រមូល​ប​ត្រ គឺ​ទាមទារ​រយៈ​ប្រមាណ​១០​ឆ្នាំ ដើម្បី​បង្ហាញ​ថា​ផ្សារ​មូលប័ត្រ មានការ​ទុកចិត្ត​ពី​សាធារណជន និង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​លក់​ហ៊ុន។ ចំណែក​ផ្សារ​មូលប័ត្រ​កម្ពុជា​បាន​បង្កើត​ឡើង ប្រមាណ​៣​ឆ្នាំ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​គណៈកម្មាធិការ​មូលប័ត្រ​កម្ពុជា រង់ចាំ​ការចុះបញ្ជី​ពី​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន​ពី​ផ្សេងទៀត ដើម្បី​លក់​ហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​នោះ​មាន កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និង​អគ្គិសនី​កម្ពុជា ដើម្បី​ជំរុញ​សកម្មភាព​ទិញ​លក់​ហ៊ុន​កាន់​តែ​ច្រើន​ទៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា។

ការ​អភិវឌ្ឍ​វិស័យ​មូលប័ត្រ​គឺជា​មូលដ្ឋាន​មួយ​យ៉ាង​សំខាន់​សម្រាប់ វិស័យ​ឯកជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដោយសារតែ​វិស័យ​នេះ​ផ្ដល់​ជម្រើស​សម្រាប់​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ដើម្បី​បង្កើន​ទុន​វិនិយោគ ក្នុង​ការ​ពង្រីក​ផលិតកម្ម និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។