សកម្មភាព​ជួញដូរ​ហ៊ុន​នៅ​កម្ពុជា​មាន​សភាព​ស្ងប់ស្ងាត់

ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ តម្លៃ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ បាន​ធ្លាក់​ចុះ​ ឬ​ស្ថិត​នៅ​ទ្រឹង គិត​ត្រឹម​ថ្ងៃ​ទី​១៦ កក្កដា។

0:00 / 0:00

ការ​ជួញ​ដូរ​​​ហ៊ុន​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​​១៦ កក្កដា ឆ្នាំ​២០១៣។ ទំហំ​​និង​ចំនួន​​​ប្រតិបត្តិការ​ជួញ​ដូរ ស្ទើរ​តែ​គ្មាន​សកម្មភាព​ទាល់​តែ​សោះ​​​ចាប់​តាំង​ពី​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា មក​ម្ល៉េះ។

អ្នក​វិភាគ​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ជួញ​ដូរ​​ហ៊ុន​នេះ មិន​រង​ឥទ្ធិពល​ពី​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​នោះ​ឡើយ។ ការ​ថយ​ចុះ​នោះ ដោយ​សារ​ការ​រំពឹង​ទុក​របស់​អ្នក​វិនិយោគ​ធ្លាក់​ចុះ។ ការ​រំពឹង​ទុក​​​របស់​អ្នក​លេង​ហ៊ុន (អ្នក​វិនិយោគ) ដែល​ឆ្លុះ​បញ្ចាំង​សកម្មភាព​ជួញ​ដូរ​កើន​ឡើង​ រួម​មាន​តម្លៃ​ហ៊ុន និង​​ការ​បែង​ចែក​ភាគ​លាភ​របស់​ក្រុមហ៊ុន​លក់​មូលប័ត្រ។

ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មូលបត្រ សូណាត្រា លោក​ឧកញ៉ា ស៊ន សុខណា បាន​សង្កេត​ឃើញ​ថា សកម្មភាព​ជួញដូរ​មូលបត្រ​មាន​សភាព​នៅ​ទ្រឹង ឬ​បន្ត​ថយ​ចុះ​ទាំង​តម្លៃ និង​សកម្មភាព​ជួញដូរ​​​ហ៊ុន​នៅ​រយៈពេល​ចុង​ក្រោយ​នេះ៖ «ទំហំ​នៃ​ការ​ជួញ​ដូរ​រាល់​ថ្ងៃ​ហ្នឹង​ ជួន​កាល​មាន ជួន​កាល​អត់​មាន។ តែ​បើ​មាន ក៏​មាន​ធំ​ដែរ ដោយសារ​ថា មាន​ក្រុមហ៊ុន​ឡើង​ផ្សារ​ហ៊ុន​ទើប​តែ​មួយ​ គឺ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​មិន​ទាន់​មាន​សកម្មភាព​ខ្លាំង​ក្លា​នៅ​ឡើង»

​បន្ថែម​លើ​បញ្ហា​នេះ អត្រា​បម្រែបម្រួល​តម្លៃ​ស្ថិត​នៅ​កម្រិត​មួយ​ទាប​បំផុត ដោយសារ​តែ​អតិថិជន ឬ​អ្នក​វិនិយោគទុន​ដែល​ជួញដូរ​ហ៊ុន​ជា​មនុស្ស​ដដែលៗ​ ជា​ពិសេស​អ្នក​ជួញដូរ​ហ៊ុន​ជា​លក្ខណៈ​បុគ្គល។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​មូលបត្រ​ភ្នំពេញ លោក គុយ វ៉ាត មាន​ប្រសាសន៍​ថា ដើម្បី​បង្កើន​សកម្មភាព​ជួញ​ដូរ​មូលបត្រ គណៈកម្មការ​មូលបត្រ និង​ក្រុមហ៊ុន​មូលបត្រ ត្រូវ​សហការ​គ្នា​ លើ​​ការ​កសាង​ទំនុក​ទុក​ចិត្ត​អតិថិជន ឬ​អ្នក​វិនិយោគ​មូលបត្រ៖ «មាន​ទំនុក​ចិត្ត​លើ​ការ​វិនិយោគ ដូច​ថា ក្រុមហ៊ុន​ដូច​គ្នា នៅ​ពេល​ដែល​ម្នាក់​អត់​ហ៊ាន​វិនិយោគ​លើ​វិស័យ​ហ្នឹង​ទេ ធ្វើ​ឲ្យ​ទីផ្សារ​ដើរ​មិន​លឿន​បាន»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គិត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៣ តម្លៃ​ហ៊ុន​បន្ត​ធ្លាក់​ចុះ​រហូត​ដល់​បច្ចុប្បន្ន។ តម្លៃ​នៃ​ការ​ជួញ​​ដូរ​ហ៊ុន​មាន​តម្លៃ​ចន្លោះ​ពី ៦.៣០០ ទៅ ៦.២០០ ប៉ុណ្ណោះ។

បរិមាណ​ជួញ​ដូរ​ជា​មធ្យម​​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​ ១៦.០០០​ហ៊ុន សមាមាត្រ​នឹង​ទឹក​ប្រាក់​ដែល​បាន​ជួញដូរ​រៀង​រាល់​ថ្ងៃ​ជា​មធ្យម​មាន​ចន្លោះ ២ ទៅ ៥​ម៉ឺន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន​ក្រុមហ៊ុន​មូលបត្រ​​ចំនួន ៧​ក្រុមហ៊ុន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ដែល​អាច​ទិញ​លក់​ហ៊ុន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។