សព​ស្ត្រី​ពីរ​នាក់​ដែល​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​នៅ​បាត់ដំបង​ត្រូវ​គ្រួសារ​យក​ធ្វើ​បុណ្យ

សាកសព​អ្នក​ភូមិ​ពីរ​នាក់ នៅ​ភូមិ​ក្រពើសែសិប ខេត្ត​បាត់ដំបង ដែល​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ។ ចំណែក​ឯ​អ្នក​របួស ៩​នាក់ ក្នុង​នោះ​មាន​ម្នាក់​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

0:00 / 0:00

មន្ត្រី​មូលដ្ឋាន ឲ្យ​ដឹង​ថា មេឃ​ភ្លៀង និង​ខ្យល់​ព្យុះ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​អ្នក​ភូមិ ៩​នាក់​ផ្សេង​ទៀត​រង​របួស។ ចំណែក​លំនៅឋាន​អ្នក​ភូមិ​ចំនួន ៥​ខ្នង ស្ថិត​នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ត្រូវ​ខ្យល់​បក់​បណ្ដាល​ឲ្យ​ដួល​រលំ។

មេ​ឃុំ​បឹងប្រាំ លោក ឈា នី ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា អ្នក​ភូមិ​ពីរ​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ដោយសារ​បាក់​ផ្ទះ​សង្កត់​លើ​នោះ មាន​ឈ្មោះ ឈូត គឹមលន់ ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​មន្ត្រី​ជំរឿន​អត្តសញ្ញាណ​គ្រួសារ​ជន​ក្រីក្រ រស់​នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ អ៊ិន ហ៊ីម ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជា​មន្ត្រី​ជំរឿន​អត្តសញ្ញាណ​គ្រួសារ​ជន​ក្រីក្រ និង​ជា​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា។ ក្រៅ​ពី​នេះ នៅ​មាន​អ្នក​ភូមិ​រង​របួស​ចំនួន ៩​នាក់​ផ្សេង​ទៀត៖ «របួស​ទាំងអស់ ៩​នាក់ របួស​ធ្ងន់​ម្នាក់ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ខេត្ត​ថត​មើល​ថា ក្បាល​អត់​ប៉ះពាល់​ទេ ប៉ុន្តែ​បែក​ឆ្អឹង​ប្រអប់​ក​ជើង​ខាង​ឆ្វេង។ អ្នក​របួស​ធ្ងន់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​ម្នាក់ ចំណែក​អ្នក​របួស​ស្រាល​ថ្ងៃ​នេះ​ឲ្យ​មក​មណ្ឌល​សុខភាព»

គ្រោះ​ថ្នាក់​នេះ ក្រៅ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ក៏​បាន​បំផ្លាញ​លំនៅឋាន​អ្នក​ភូមិ​អស់​ចំនួន ៥​ខ្នង ក្នុង​នោះ​ខូចខាត​ទាំង​ស្រុង​ពីរ​ខ្នង និង​លំនៅឋាន​បី​ខ្នង​ទៀត ខ្យល់​បក់​របើក​ដំបូល៖ «ប៉ុន្តែ​នៅ​ចំណុច​បឹង​ពីរ​ទៀត​មិន​ថា​យ៉ាង​ម៉េច​ដែរ មាន​ដើម​ឈើ​សង្កត់​ផ្ទះ​ខ្លះ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​តួលេខ​ហ្នឹង​មក។ អាកាស​ធាតុ​យើង​មើល​ទៅ​ទឹក​កំពុង​ឡើង​ដែរ មេឃ​កំពុង​ភ្លៀង​ដែរ ខ្ញុំ​ព្រួយ​បារម្ភ​ស្រូវ​គាត់​កំពុង​ដួល ហើយ​កំពុង​ចាប់​ផ្ដើម​ច្រូត​អ៊ីចឹង​ទៅ ស្រូវ​វា​បាន​លិច​មួយ​ចំនួន​ដែរ មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​ទឹក​វា​អត់​ទាន់​ស្រក»

លោក​ឧត្ដមសេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា នៅ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្ត​បាត់ដំបង ទទួល​រង​មេឃ​ភ្លៀង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ មិន​មាន​របាយការណ៍​គ្រោះ​ថ្នាក់​ដួល​រលំ​លំនៅឋាន​នោះ​ទេ លើក​លែង​តែ​គ្រោះ​ថ្នាក់​នៅ​ស្រុក​បវេល។ នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ជួយ​អ្នក​ភូមិ​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា៖ «ភ្លៀង​ល្ងាច​មិញ ៥​ម៉ោង​នៅ​កំរៀង អ៊ីចឹង​វា​អត់​មាន​អី​ទេ គ្រាន់​តែ​មាន​ទឹក​លិច​តិចៗ​ប៉ះពាល់​ផ្ទះ​តិចតួច​ទេ តែ​បន្តិច​ទៅ​វា​ហូរ​ទៅ​អស់​ហើយ»

លោក​បន្ត​ថា អ្នក​ភូមិ​ដែល​រង​របួស​ដោយសារ​លំនៅឋាន​បាក់​សង្កត់​នៅ​ភូមិ​ក្រពើ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បឹងប្រាំ និង​ម្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។ ចំណែក​សាកសព​ស្ត្រី​ពីរ​នាក់ ម្នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​យក​ទៅ​ធ្វើ​បុណ្យ​សព​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ និង​សាកសព​ស្ត្រី​ម្នាក់​ទៀត ត្រូវ​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​សព​នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។