ផ្ទះ​៤០០​ខ្នង​នៅ​សៀមរាប​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​ក្នុង​៤​ខែ​ដើម​ឆ្នាំ​២០១៣

មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មករា រហូត​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០១៣ ខ្យល់​ព្យុះ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ចំនួន ១២​ស្រុក អស់​ប្រមាណ​ជា ៤០០​ខ្នង។

0:00 / 0:00

ហេតុការណ៍​នៃ​គ្រោះ​ធម្មជាតិ​នេះ ក្រៅ​តែ​ពី​បំផ្លាញ​ផ្ទះ​សម្បែង គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​រង​គ្រោះ​ថ្នាក់​ផង​ដែរ។

ស្រុក​ជីក្រែង ដែល​នៅ​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប បាន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ​អស់​ប្រមាណ​ជិត ៨០​ខ្នង កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា កន្លង​ទៅ។

អភិបាល​ស្រុក​ជីក្រែង គឺ​លោក ប៉ោ សេរីរ័ត្នមុន្នី លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៨ ខែ​ឧសភា ថា ខ្យល់​ព្យុះ​ដែល​មាន​ភ្លៀង​ធំ ព្រម​ទាំង​ធ្លាក់​ព្រិល​ផង បាន​បោកបក់​បំផ្លាញ​លំនៅឋាន​នៅ​ក្នុង​ស្រុក​របស់​លោក​ចំនួន ៤​ឃុំ កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា កន្លង​ទៅ៖ «ឃុំ​គោកធ្លក​ក្រោម ៧​ភូមិ ឃុំ​ជីក្រែង មាន ៤​ភូមិ ឃុំ​ស្ពានតោ្នត មាន ៦​ភូមិ និង​ឃុំ​កំពង់ក្ដី មាន ២​ភូមិ។ ការ​ខូចខាត គឺ​រលំ​ផ្ទះ ៣៦​ខ្នង ប៉ើង​ដំបូល និង​ជញ្ជាំង ៤២​ខ្នង»

ហេតុការណ៍​គ្រោះ​ធម្មជាតិ​នោះ បណ្ដាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​អាយុ ១០​ឆ្នាំ រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត ដោយសារ​ផ្ទះ​រលំ​សង្កត់ និង​ស្ត្រី​ម្នាក់​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់។

អាជ្ញាធរ​ស្រុក​ជីក្រែង បាន​ឱ្យ​ដឹង​ថា នេះ​ជា​ការ​រងគ្រោះ​លើក​ទី២ នៅ​ក្នុង​ស្រុក​របស់​គេ។ កាល​ពី​អំឡុង​ខែ​មីនា កន្លង​ទៅ ខ្យល់​ព្យុះ​ធ្លាប់​បោកបក់​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​នៃ​ស្រុក​នេះ​ចំនួន ៤៦​ខ្នង​ម្ដង​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា ដែរ ខ្យល់​ព្យុះ​បាន​បោកបក់​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រីញ័រ ស្រុក​ពួក ចំនួន ១៣​ខ្នង។

កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន មាន​អង្គការ​ផ្លេន (Plan) ជាដើម កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​កន្លែង​រងគ្រោះ​ទាំង​នោះ។

នាយក​ប្រតិបត្តិ​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​សៀមរាប លោក ស៊ុំ សំអន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង ៤​ខែ​នៃ​ដើម​ឆ្នាំ​២០១៣ ខ្យល់​ព្យុះ​បាន​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បំផ្លាញ​លំនៅឋាន​ជាច្រើន​កន្លែង៖ «ចាប់​ពី​ខែ​មករា ដល់​ថ្ងៃ​ទី១៦ ខែ​ឧសភា កន្លង​មក​ហ្នឹង គឺ​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ហ្នឹង​នៅ ១២​ស្រុក។ រងគ្រោះ​សរុប ៤០០​គ្រួសារ បាន​ន័យ​ថា ៤០០​ខ្នង​ផ្ទះ។ រលំ ១៦៥​ខ្នង របើក ២៣៥​ខ្នង»

ក្នុង​រយៈពេល​ជាង ៤​ខែ ឆ្នាំ​២០១៣ នៅ​ទូទាំង​ខេត្ត​សៀមរាប មាន​មនុស្ស​ចំនួន ១០​នាក់​បាន​រង​របួស​ដោយសារ​ផ្ទះ​រលំ​សង្កត់ ចំណែក​មនុស្ស ២​នាក់ ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​រន្ទះ​បាញ់។

មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ៤​ខែ ឆ្នាំ​២០១៣ គឺ​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ មាន​ចំនួន​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បើ​ទោះ​បី​ជា​មន្ត្រី​កាកបាទ​ក្រហម មិន​អាច​បញ្ជាក់​ពី​ចំនួន​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ និង​រន្ទះ​បាញ់ កាល​ពី​ឆ្នាំ​មុន​ក៏ដោយ ក៏​គេ​អះអាង​ថា តួលេខ​លំនៅឋាន​ខូចខាត និង​មនុស្ស​រងគ្រោះ​រយៈពេល​ជាង ៤​ខែ​ឆ្នាំ​នេះ គឺ​កើន​ឡើង​ប្រហែល ៣​ដង ជាង​កាល​ពី​ឆ្នាំ​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។