អាជ្ញាធរមានសមត្ថកិច្ចប្រមាណជាង ១០០នាក់ នៅថ្ងៃទី២៣ មេសា កំពុងបន្តនាំគ្នាជួយរុះរើផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់មួយមេដំបូង លាយឡំដុំព្រិល និងខ្យល់កន្ត្រាក់កាលយប់ថ្ងៃទី២១ មេសា ឈានចូលថ្ងៃទី២២ មេសា នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ពលរដ្ឋចំនួនបីឃុំ គឺឃុំត្រប់ ឃុំសណ្ដែក និងឃុំតាំងក្រសាំង សរុប ៥៨៧គ្រួសារ ដែលរងផលប៉ះពាល់។ ផលប៉ះពាល់ទាំងនោះរួមមានផ្ទះចំនួន ១៥០ខ្នងខូចខាតទាំងស្រុង និង ៤៣៧ខ្នង ប៉ះពាល់ស្រាលដោយរបើកដំបូលផ្ទះ។
អធិការនគរបាលស្រុកបាធាយ លោក សំ ណាល់ មានប្រសាសន៍ថា ត្បិតតែមិនបណ្ដាលឱ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ប៉ុន្តែមនុស្សចំនួន ៨នាក់ រងរបួសធ្ងន់និងស្រាល ចំណែកសត្វគោមួយក្បាលងាប់។ លោកបញ្ជាក់ថា កន្លងមកធ្លាប់មានបញ្ហានេះកើតឡើងដែរ ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរដូចលើកនេះទេ។
ចំណែកអភិបាលស្រុកបាធាយ លោក ឡោ ចាន់លី មានប្រសាសន៍ថា ខាងអាជ្ញាធរបានបញ្ជូនរបាយការណ៍ស្ដីពីការខូចខាតមកអាជ្ញាធរខេត្ត កាកបាទក្រហម និងទៅឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ភ្លាមៗ បន្ទាប់ពីដឹងអំពីទំហំនៃការខូចខាតរួច ហើយអាជ្ញាធរនឹងចុះផ្តល់ជំនួយសង្គ្រោះបន្ទាន់ខ្លះជូនពលរដ្ឋនៅថ្ងៃទី២៤ មេសា។
លោក ឡោ ចាន់លី៖ «ព្រោះអានេះយើងត្រូវស្ដាប់ការព្យាករឧតុនិយមរបស់ក្រសួងធនធានទឹក ហើយពេលមានបញ្ហាកើតឡើង ត្រូវប្រុងប្រយ័ត្ន។ ឱ្យប្រជាពលរដ្ឋ បើយល់ថា ផ្ទះរបស់ខ្លួនឯងមិនធានាទេ ឱ្យចុះចេញពីផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ឱ្យគាត់រកទីជម្រកគត់មត់ អាចការពារសុវត្ថិភាពខ្លះបាន»។
ថ្មីៗនេះ គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ កើតឡើងនៅប្រទេសកម្ពុជា នៅខេត្តមួយចំនួន ដូចជាឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី បាត់ដំបង និងខេត្តកំពង់ចាម ជាដើម ក្នុងនោះបណ្តាលឱ្យផ្ទះពលរដ្ឋជាច្រើនរយគ្រួសាររងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។