យុទ្ធសាស្ត្រ​នៃ​ការ​ពង្រីក​អាជីវកម្ម​លក្ខណៈ​គ្រួសារ

អ្នក​ជំនាញ​អាជីវកម្ម​យល់​ថា បញ្ហា​ប្រឈម​ដែល​មិន​អាច​ពង្រីក​សហគ្រាស​លក្ខណៈ​គ្រួសារ​ទៅ​ជា​អាជីវកម្ម​មធ្យម​បាន គឺ​បណ្ដាល​មក​ពី​កង្វះ​ធនធាន​មនុស្ស ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ផែនការ​អាជីវកម្ម​នៅ​អន់​ខ្សោយ ហើយ​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន មិន​អាច​ពង្រីក​បាន​ឡើយ ដោយ​សារ​តែ​តម្រូវ​ការ​មាន​កំណត់។

0:00 / 0:00

អ្នក​វិភាគ​អាជីវកម្ម បាន​អះអាង​ទៀត​ថា ការ​ពង្រីក​អាជីវកម្ម ទាម​ទារ​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​លើ​ផ្នែក​ឥណទាន ឬ​បង្កើត​ធនាគារ​ឯកទេស​ក្នុង​ការ​ផ្ដល់​កម្ចី​ដល់​សហគ្រាស។

ការ​ចូល​រួម​របស់​សហគ្រាស​ជា​លក្ខណៈ​គ្រួសារ បាន​ក្លាយ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​យ៉ាង​សំខាន់ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​ឱកាស​សម្រាប់​ពង្រីក​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​មធ្យម ឬ​ធំ​វិញ នៅ​មាន​កម្រិត​នៅ​ឡើយ។ កត្តា​នេះ មាន​ន័យ​ថា ម្ចាស់​អាជីវកម្ម​តែង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដូច​ជា​ច្បាប់ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ និង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ជា​ដើម។

ក្រៅ​ពី​ឧបសគ្គ​ទាំង​នេះ សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ក៏​បាន​អះអាង​ថា ការ​អភិវឌ្ឍ​សហគ្រាស​នៅ​កម្ពុជា តែង​ជួប​ឧបសគ្គ​ធំៗ​មួយ​ចំនួន​ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន។ បញ្ហា​ទាំង​នោះ រួម​មាន លទ្ធភាព​ទទួល​បាន​ឥណទាន​សម្រាប់​ពង្រីក​សហគ្រាស ផលិត​ភាព​ទាប​ដោយ​សារ​ខ្វះ​បច្ចេកទេស និង​ភាព​ប្រកួត​ប្រជែង​តិច​តួច​ធៀប​នឹង​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​ជិត​ខាង។

លោក លីម គីមហុង ដែល​មាន​មូលដ្ឋាន​ផលិត​ទឹក​ត្រី តាំង​ពី​ឆ្នាំ​១៩៨០ រហូត​ដល់​បច្ចុប្បន្ន មាន​ប្រសាសន៍​ថា ឧបសគ្គ​ក្នុង​ការ​ពង្រីក​សិប្បកម្ម​ទៅ​ជា​ទ្រង់ទ្រាយ​មធ្យម គឺ​ការ​ខ្វះ​ខាត​ទុន ធនធាន​មនុស្ស តម្រូវ​ការ​ទីផ្សារ​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់ រួម​ទាំង​ការ​ទទួល​ស្គាល់​គុណភាព​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា សិប្បកម្ម​ទឹក​ត្រី​របស់​លោក​ក៏​តែង​ជួប​បញ្ហា​ផ្សេង​ដូច​ជា​ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​ផ្សេង។

អ្នក​វិភាគ​អាជីវកម្ម យល់​ថា ការ​ត្រៀម​ខ្លួន​ម្ចាស់​របស់​អាជីវកម្ម គឺ​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជា​មុន ដើម្បី​ចូល​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​ជា​ផ្លូវការ ហើយ​ប្រភេទ​អាជីវកម្ម​តូច​តាច ឬ​ជា​លក្ខណៈ​គ្រួសារ ភាគ​ច្រើន​មិន​មាន​ការ​យល់​ដឹង​អំពី​ការ​ត្រៀម​ខ្លួន​ជា​មុន នៅ​ពេល​ដែល​ពង្រីក​អាជីវកម្ម។

ប្រធាន​មជ្ឈមណ្ឌល​អគ្គនាយក និង​សហគ្រិន លោក អោម សេងបូរា មាន​ប្រសាសន៍​ថា បញ្ហា​ធំ​នៃ​ការ​ពង្រីក​អាជីវកម្ម គឺ​ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធនធាន​មនុស្ស ដោយ​លោក​បញ្ជាក់​ថា អ្នក​ដែល​មាន​សមត្ថភាព​ពង្រីក​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​ផ្លូវ​ការ​បាន គឺ​មាន​ចំនួន​តិច​តួច។

លោក អោម សេងបូរា មាន​ប្រសាសន៍​បន្ថែម​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​កម្ពស់​សមត្ថភាព​ធ្វើ​អាជីវកម្ម មាន​ស្ថាប័ន​ជា​ច្រើន​បាន​ជួយ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល ដូច​ជា​ការ​រៀបចំ​ផែន​ការ​អាជីវកម្ម​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ជាដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាក់​ទង​នឹង​ការ​ពង្រីក​មុខ​របរ អ្នក​វិភាគ​អាជីវកម្ម​មួយ​ចំនួន​ទៀត​បាន​រក​ឃើញ​ថា ការ​ពង្រីក​គឺ​ទាក់​ទង​នឹង​តម្រូវ​ការ និង​ប្រភេទ​ផលិតផល។

អ្នក​វិភាគ​អាជីវកម្ម និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន វីឃែពីថល (V Capital) លោក ឌីន វីរៈ មាន​ប្រសាសន៍​ថា ការ​ពង្រីក​មុខ​របរ​គឺ​ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​ធានា​ឲ្យ​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន ដែល​ហៅ​ថា​អេកូណូមិច អហ្វ ស្គេល (Economic of Scale) មាន​ន័យ​ថា នៅ​ពេល​ដែល​មុខ​របរ​នោះ​កាន់​តែ​ធំ ការ​ចំណាយ​លើ​ការ​ផលិត​កាន់​តែ​ទាប។ កត្តា​នេះ ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​កាន់​តែ​ចំណេញ​លើ​ការ​ពង្រីក​អាជីវកម្ម។

លោក ឌីន វីរៈ បញ្ជាក់​ថា ប្រភេទ​អាជីវកម្ម​ផ្សេង​ទៀត​មិន​អាច​ពង្រីក​បាន​ដោយ​សារ​តែ​តម្រូវ​ការ​តិច ឬ​ការ​ពង្រីក​អាជីវកម្ម​នោះ​អាច​ធ្វើ​ឲ្យ​ថ្លៃ​ផលិត​កាន់​តែ​ខ្ពស់​ដែរ។

ការ​ស្រាវជ្រាវ​នានា​បាន​រក​ឃើញ​ថា ដើម្បី​លើក​កម្ពស់​ការ​ពង្រីក​អាជីវកម្ម គឺ​ទាមទារ​ការ​បង្កើត​បណ្ដាញ​អាជីវកម្ម និង​ការ​ផ្ដល់​ឥណទាន។ ការ​បង្កើត​ធនាគារ​ឯកទេស​ផ្នែក​អាជីវកម្ម គឺ​អាច​ជួយ​លើក​កម្ពស់​ការ​ទទួល​បាន​ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម។ ម៉្យាង​វិញ​ទៀត ការ​ជួយ​ធានា​ឥណទាន​របស់​រដ្ឋាភិបាល ជា​យន្តការ​បន្ថែម​ផ្សេង​ទៀត​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម។

ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ជាពិសេស​លើ​ប្រភេទ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ ហើយ​អាជីវកម្ម​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ កម្ពុជា មាន​រោងចក្រ​ធំ​ប្រមាណ ៨៥០​រោងចក្រ ដែល​ចំនួន​នេះ​បង្កើត​ការងារ​បាន​ជាង ៥៦​ម៉ឺន​នាក់។ ប៉ុន្តែ មូលដ្ឋាន​ឧស្សាហកម្ម​តូច និង​សិប្បកម្ម មាន​ចំនួន​ជាង ៣​ម៉ឺន ៨​ពាន់​មូលដ្ឋាន បង្កើត​ការងារ​បាន​ប្រមាណ​ជិត ២​សែន​នាក់ ដែល​វិស័យ​ទាំង​នេះ​ផលិត​បាន​ក្នុង​តម្លៃ ៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​ការ​នាំ​ចេញ​មាន​ចំនួន ៤​ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​បញ្ជាក់​ថា មូលដ្ឋាន​ឧស្សាហកម្ម​តូច និង​មធ្យម តំណាង​ឲ្យ ៩៨% នៃ​មូលដ្ឋាន​ផលិតកម្ម​សរុប ភាគ​ច្រើន​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។