នៅតែ ៣០ថ្ងៃទៀតទេ សិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យក្នុងប្រទេសកម្ពុជា នឹងចូលរួមប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប។ ក៏ប៉ុន្តែ នៅឆ្នាំសិក្សាឆ្នាំ២០១៣-២០១៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់កម្មវិធីសិក្សាមួយចំនួន ដែលត្រូវរិះគន់ថា កំពុងធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
ការអនុវត្តសារាចរណែនាំ ស្ដីពីកំណែទម្រង់កម្មវិធីសិក្សានេះ នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ក្នុងខេត្តកំពង់ធំ ធ្វើឲ្យសិស្សមួយចំនួន មិនអាចចូលរួមប្រឡងបាន។
សិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន តាំងគោក ៥២នាក់ គ្រោងលើកគ្នាទៅតវ៉ានៅមន្ទីរអប់រំ ខេត្តកំពង់ធំ ប្រសិនបើនាយកសាលាមិនអនុញ្ញាតឲ្យពួកគេបានចូលប្រឡងបាក់ឌុប នៅថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខទេ។
សិស្សថ្នាក់ទី១២ ស្នើសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពួកគាត់ទាំង ៥២នាក់នេះ ត្រូវបាននាយកសាលាប្រកាសថា នឹងមិនបានចូលរួមប្រឡងថ្នាក់ជាតិឡើយ ដោយសារតែពិន្ទុពួកគេមិនគ្រប់តាមគោលការណ៍កំណត់របស់ក្រសួងអប់រំ។ កញ្ញាបញ្ជាក់ថា អ្នកបានពិន្ទុឆមាសទី១ និងទី២ បូកទៅមិនបាន ២៥% គឺក្រសួងអប់រំ នឹងមិនអនុញ្ញាតឲ្យប្រឡងថ្នាក់ជាតិ។
កញ្ញាបន្តថា ប្រសិនបើនាយកសាលាអនុវត្តតាមសារាចរពីក្រសួងអប់រំ សុំឲ្យមន្ទីរអប់រំ ខេត្តកំពង់ធំ អនុវត្តទាំងអស់គ្នា កុំអនុវត្តតែវិទ្យាល័យ ហ៊ុន សែន តាំងគោក៖ «ខ្ញុំនឹងចេញទៅតតាំងនៅមុខក្រសួង។ ខ្ញុំសុំតែម្យ៉ាង គឺខ្ញុំមានបេក្ខភាពទៅប្រឡង ទើបខ្ញុំអស់ចិត្ត ព្រោះខ្ញុំជាប់ ប៉ុន្តែដោយសារបូកបញ្ចូលគ្នាទាំង២ហ្នឹងទៅ វាទាញទម្លាក់វិញ។ ខំប្រឹងទៅរៀនរាល់ថ្ងៃ គឺពួកខ្ញុំអត់មានបេក្ខភាពទៅប្រឡងអ៊ីចឹង វាអយុត្តិធម៌សម្រាប់ខ្លួនខ្ញុំ ដែលខំរៀនតាំងពី១២ឆ្នាំមក ហើយចុងក្រោយពួកខ្ញុំអត់មានបេក្ខភាពទៅប្រឡងយកបាក់ឌុប។ អ៊ីចឹងខ្ញុំចង់ទៅក្រសួង ឲ្យគេបានដឹង ហើយអនុគ្រោះដល់ពួកខ្ញុំផង»។
សិស្សមួយរូបទៀតថ្លែងថា ក្រសួងគួរអនុគ្រោះសិស្សនៅជនបទ ព្រោះពួកគេខំតស៊ូរៀន ធ្វើដំណើរជិះកង់ពីភូមិឆ្ងាយៗ ទម្រាំមកដល់សាលា បែរជាមិនអាចប្រឡងយកសញ្ញាបត្របាន។ តើក្រសួងប្រមូលអ្នកបោះបង់ការសិក្សាឲ្យចូលរៀនធ្វើអី បើសិស្សកំពុងរៀន បែរជាគោលការណ៍ក្រសួងអប់រំ មកចាប់បង្ខំឲ្យសិស្សបោះបង់សិទ្ធិប្រឡងបែបនេះ៖ «សម្រាប់ថ្នាក់ខ្លះវិញ គឺយើងទៅខំរៀនកួរគ្រូណាដែលគាត់បង្រៀនកួរ សិស្សរៀនកួរនោះបានពិន្ទុច្រើន សម្រាប់យុវជនខ្លះធ្វើខុសក៏ដោយ ក៏ឲ្យពិន្ទុច្រើនដែរ ប៉ុន្តែសម្រាប់សិស្សខ្លះមានជីវភាពមិនសូវជាអ្នកមាន ពេលខ្លះក៏មានលុយរៀនកួរ ឬមិនមានរៀនកួរក៏ដោយ ក៏អត់មានពិន្ទុដែរ»។
នាយកវិទ្យាល័យ ហ៊ុន សែន តាំងគោក លោក អ៊ា ប៊ុនហាន មានប្រសាសន៍ថា លោកអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ។ លោកថា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន តាំងគោក ចំនួន ៥២នាក់ នឹងបាត់ឈ្មោះពីបញ្ជីប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ជាតិ ឬហៅថា ប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី៤ និងទី៥ ខែសីហា ខាងមុខ ព្រោះតែពិន្ទុឆមាសទី១ និងទី២ បូកចូលគ្នាក្រោម ២៥%៖ «ព្រោះអាហ្នឹងគោលការណ៍ណែនាំរបស់ក្រសួង និយាយហើយនិយាយទៀត បើអ៊ីចឹងទាល់តែម៉ែឪសិស្សហ្នឹង ឬក៏សិស្សហ្នឹង គេទាក់ទងខាងរដ្ឋមន្ត្រីទៅ សុំគាត់យ៉ាងម៉េចឲ្យដូរការណែនាំបានទៅ ខ្ញុំដូរឲ្យហើយ ព្រោះខ្ញុំធ្វើតែតាមគាត់ដែរ។ ពិន្ទុប្រចាំខែ និងឆមាសបូកមក វាអត់បានមធ្យមភាគ ក្រសួងឲ្យដកបេក្ខភាព។ មធ្យមភាគប្រឡងបាន ២៥ឡើងទៅនោះគេឲ្យទៅប្រឡង»។
លោកគ្រូមួយរូបថ្លែងមិនបញ្ចេញឈ្មោះ និងមិនបញ្ចេញសំឡេងថា ក្រសួងអប់រំ តែងតែផ្លាស់ប្ដូរកម្មវិធីបង្រៀនសិស្ស ទៅតាមគំនិតរបស់រដ្ឋមន្ត្រីដែលឡើងកាន់តំណែងថ្មី។
អនុប្រធានមន្ទីរអប់រំ ខេត្តកំពង់ធំ លោក តេ យក់ហួរ ថ្លែងថា លោកមិនបានយល់ច្បាស់ពីបញ្ហានោះដែរ៖ «អ៊ីចឹងចាំទំនាក់ទំនងជាមួយ លោក អឹម ង៉ោហុក ទៅ ព្រោះគាត់ជាអ្នករៀបចំការងារនេះ»។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ថ្លែងថា លោកមិនអាចបំភ្លឺបាន ព្រោះបច្ចេកទេសនោះនៅលើប្រធាននាយកដ្ឋានមធ្យមសិក្សា លោក អឹង ង៉ោហុក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក អឹង ង៉ោហុក ជម្រាបសួរបញ្ហានេះនៅថ្ងៃទី៤ ខែកក្កដា បានទេ។
របាយការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៣ សិស្សចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប មានជាង ១០ម៉ឺននាក់ ប៉ុន្តែនៅឆ្នាំ២០១៤ នេះ នៅមិនទាន់មានតួលេខជាក់លាក់ពីសិស្សដែលនឹងបានចូលរួមប្រឡងយកសញ្ញាបត្របាក់ឌុបនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
