សិស្សវិទ្យាល័យ ព្រះបាទនរោត្ដម ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ត្អូញត្អែរ និងមានការព្រួយបារម្ភខ្លាចប្រឡងធ្លាក់ ដោយសារគ្រូមិនបង្រៀនសិស្សឲ្យបានទៀងទាត់។ ពួកគេបញ្ជាក់ថា គ្រូខកខានមិនបានបង្រៀនសិស្សទៀងទាត់ចាប់តាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០១៤ មកម្ល៉េះ ពោលគឺក្រោយពីសិស្សប្រឡងឆមាសលើកទី១រួច។ ប៉ុន្តែ មន្ត្រីការិយាល័យអប់រំស្រុកបញ្ជាក់ថា គ្រូមិនបានបង្រៀនសិស្សទៀងទាត់រយៈពេលខ្លី ដោយសាររវល់ការងារប្រឡងឆមាសរបស់សិស្ស។
សិស្សនៃវិទ្យាល័យ ព្រះបាទនរោត្ដម បានចាត់ទុកការបង្រៀនសិស្សមិនទៀងទាត់របស់ក្រុមគ្រូបង្រៀននេះថា ជាសកម្មភាពមួយធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សដែលរៀននៅក្នុងវិទ្យាល័យនេះ។ សិស្សទាំងនោះបញ្ជាក់ថា ថ្នាក់រៀនខ្លះគ្រូមកបង្រៀនដែរ តែពុំបានយកចិត្តទុកដាក់បង្រៀនសិស្សឲ្យបានពេញម៉ោងបង្រៀននោះទេ គឺភាគច្រើនបង្រៀនតែម៉ោងដំបូង គឺម៉ោងទី១ និងម៉ោងទី២ រីឯពេលបង្រៀនម៉ោងទី៣ និងទី៤ ទុកសិស្សចោលឲ្យសិក្សាដោយខ្លួនឯង។ ហើយសិស្សដែលរងការប៉ះពាល់ និងមានការព្រួយបារម្ភពីសិក្សាជាងគេ គឺសិស្សរៀនថ្នាក់ទី១២ ដែលត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបន្តការសិក្សាទៅរៀននៅមហាវិទ្យាល័យតែម្ដង។
សិស្សនៃវិទ្យាល័យ ព្រះបាទនរោត្ដម ថ្លែងក្នុងលក្ខខណ្ឌសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ បញ្ជាក់ថា ក្រោយពីពេលប្រឡងឆមាសលើកទី១កាលពីដើមខែកុម្ភៈ រហូតមក គ្រូបង្រៀនមិនបានយកចិត្តដាក់ក្នុងការបង្រៀនសិស្សឲ្យបានទៀងទាត់ដូចពេលមុនប្រឡងឆមាសនោះទេ គឺគ្រូបង្រៀនយកចិត្តទុកដាក់តែលើម៉ោងបង្រៀនគួរ ដែលតម្រូវឲ្យសិស្សបង់លុយប៉ុណ្ណោះ រីឯម៉ោងបង្រៀនការងាររដ្ឋវិញ មិនត្រូវបានយកចិត្តទុកដាក់ក្នុងការបង្រៀននោះឡើយ គឺសិស្សឋិតនៅក្នុងថ្នាក់រៀន សិក្សាដោយខ្លួនឯង។ ជាងនេះ គ្រូបង្រៀនក៏មិនអនុញ្ញាតឲ្យសិស្សចេញពីសាលាបានដែរ បើទោះណាក្នុងថ្នាក់រៀនគ្មានគ្រូនៅបង្រៀនសិស្សក៏ដោយចុះ គឺសិស្សចេញទៅផ្ទះបាន លុះណាតែផុតម៉ោងបង្រៀនរបស់សាលាប៉ុណ្ណោះ៖ «ពេលបង្រៀនគាត់មិនសូវយកចិត្តទុកដាក់អ៊ីចឹង ហើយដល់ពេលអ៊ីចឹងខ្លាចដល់ពេលប្រឡងបាក់ឌុប អ៊ីចឹងប៉ះពាល់ដល់សិស្សខ្លះអត់បានត្រៀមមេរៀនចំម៉ោងប្រឡងអ៊ីចឹងណាស់!។ ចា៎! ប៉ះពាល់ដល់ការប្រឡង ជួនកាលមេរៀនមិនបានរៀន ប្រឡងមកចេញអាមេរៀនហ្នឹង។ ចា៎! សិស្សទាំងអស់គ្នាត្អូញត្អែរ ព្រោះអីគ្រូមិនសូវដែលបានបង្រៀន ជួនកាលមិនសូវបានបង្រៀន ខ្ញុំសុំគ្រូមកផ្ទះអី ជួនកាលគ្រូបិទទ្វារមិនឲ្យមក ជួនកាលបើកទ្វារឲ្យមក ប៉ុន្តែមុននឹងមក ពិបាកដែរ គាត់ថាមិនទាន់ដល់ម៉ោងផងចេញធ្វើអី?»។
ស្រដៀងគ្នានេះដែរ សិស្សវិទ្យាល័យម្នាក់បញ្ជាក់ថា ក្នុងកម្មវិធីសិក្សាម៉ោងរដ្ឋដែលមិនតម្រូវឲ្យសិស្សបង់លុយនោះ គឺចាប់តាំងពីប្រឡងឆមាសលើកទី១មក ពួកគេបានសិក្សាតិចតួច ក្នុងនោះមានថ្ងៃខ្លះពុំមានគ្រូមកបង្រៀនឡើយ។ ហើយបញ្ហានេះ កើតមានឡើងជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ថ្នាក់រៀនតែម្ដង។ សិស្សដដែលបញ្ជាក់បន្ថែមថា សិស្សរៀននៅវិទ្យាល័យគ្រប់រូបតែងត្អូញត្អែរតៗគ្នាពីផលប៉ះពាល់នៃការសិក្សារបស់ខ្លួនរៀងរាល់ថ្ងៃ។ បើទោះជាដឹងថាការសិក្សារបស់ពួកគេជួបការលំបាក ដោយសារគ្រូមិនបានយកចិត្តទុកដាក់ក្នុងបង្រៀនយ៉ាងនេះក្ដី ក៏គ្មានសិស្សណាហ៊ានចេញសួរចំៗ រឿងគ្រូបង្រៀនសិស្សមិនទៀងទាត់នេះឡើយ។
យុវសិស្សដដែលអំពាវនាវសុំឲ្យគ្រូនៃវិទ្យាល័យ ព្រះបាទនរោត្ដម ស្រុកកញ្ជ្រៀច ជាពិសេសគ្រូបង្រៀនសិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ តែម្ដង ធ្វើយ៉ាងណាយកចិត្តទុកដាក់បង្រៀនសិស្សឲ្យបានទៀងទាត់ឡើងវិញ ជៀសវាងកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សារបស់សិស្សដែលត្រៀមនឹងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ៖ «ជួនកាលទៅ គាត់នៅអង្គុយលេង គាត់ពិភាក្សាគ្នា ពេលខ្លះទៅគ្រូគាត់អត់មក ពេលបង្រៀនគាត់អត់សូវយកចិត្តទុកដាក់អីអ៊ីចឹង។ អាចខ្លាចតែពេលប្រឡងបាក់ឌុបអ៊ីចឹងប៉ះពាល់ដល់សិស្សខ្លះអត់បានរៀនមេរៀនចំម៉ោងប្រឡងអ៊ីចឹង។ ភាគច្រើនសិស្សឥឡូវសម្បូរទៅរៀនច្រើនអ៊ីចឹងលោកគ្រូ! ដល់ពេលទៅរៀនច្រើនអ៊ីចឹង ម្នាក់ៗត្រូវតែពឹងលើសមត្ថភាពផ្ទាល់ខ្លួន ដើម្បីប្រជែងទៅមុខទៀតនៅពេលពេលខាងអនាគត ដូចជាចូលសមាគមអាស៊ានពិភពលោកអ៊ីចឹង។ ខ្លាចតែប្រទេសយើងមិនអាចអភិវឌ្ឍដូចគេ ហើយយើងមិនសូវពូកែអីអ៊ីចឹងលោកគ្រូ!»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងនាយកវិទ្យាល័យ ព្រះបាទនរោត្តម នៅស្រុកកញ្ជ្រៀច ដើម្បីមានឱកាសឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ។
ប៉ុន្តែ ប្រធានការិយាល័យអប់រំស្រុកកញ្ជ្រៀច លោក នាង ណារិន មានប្រសាសន៍បញ្ជាក់ថា គ្រូបង្រៀនវិទ្យាល័យ ព្រះបាទនរោត្តម មិនបានបង្រៀនសិស្សខ្លះមែន ប៉ុន្តែការមិនបានបង្រៀននេះ គឺមានរយៈពេលខ្លី ដោយសារលោកគ្រូអ្នកគ្រូជាប់រវល់កិច្ចការប្រឡងឆមាសរបស់សិស្ស។ លោក នាង ណារិន បញ្ជាក់ថា ក្រោយពីបញ្ចប់កិច្ចការប្រឡងមក គ្រូបង្រៀនបានចូលបង្រៀនសិស្សវិញជាធម្មតា គឺពុំបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សដូចការលើកឡើងនោះឡើយ៖ «គ្រូមកបង្រៀន ប៉ុន្តែសិស្សពេលដែលវាប្រឡងឆមាសទេ ឈប់តិចតួចនៅពេលប្រឡងឆមាសហើយហ្នឹង។ អត់ទេ! គ្រាន់ប្រឡងឆមាសហើយមួយថ្ងៃ២ថ្ងៃ ខ្ញុំចាត់វិធានការ ខ្ញុំឃើញសភាពការណ៍ហ្នឹងវាទៅមកអ៊ីចឹង។ ហើយខ្ញុំសួរទៅលោកនាយក លោកនាយកថាវាឈប់ឆមាសមួយថ្ងៃ២ទេ គេប្រឡងឆមាសហ្នឹងណាស់!។ តែឥឡូវខ្ញុំថា ប្រជុំគ្រូប្រជុំសិស្សឡើងវិញ ឲ្យអំពាវនាវឲ្យវាមករៀនធម្មតាវិញ មិនមែនឲ្យឈប់ពីឥឡូវបានទេ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍បញ្ជាក់ដោយចាត់ទុកការបង្រៀនមិនទៀងទាត់របស់គ្រូបង្រៀនថា បញ្ហានេះមិនមែនកើតមានតែនៅវិទ្យាល័យ ព្រះបាទនរោត្ដម នៅស្រុកកញ្ជ្រៀច មួយប៉ុណ្ណោះទេ គឺសកម្មភាពបែបនេះតែងតែកើតមានស្ទើរគ្រប់សាលាទូទាំងប្រទេសទៅហើយ។ លោកថា ដោយសារអំឡុងពេលជារដូវកាលជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលទាំងសិស្សទាំងគ្រូតែងតែឆ្លៀតឱកាសយកពេលនេះធ្វើលេសឈប់រកេតរកូត ពុំមកបង្រៀន និងរៀនឲ្យបានទៀងទាត់នោះទេ៖ «វាជាប្រពៃណីហើយនៅរដូវវ៉ាកងតូច ពីព្រោះដល់ពេលប្រឡងឆមាសហើយហ្នឹង សាលាហ្នឹងវារកេតរកូត។ បានយើងនិយាយពាក្យរកេតរកូតអ៊ីចឹង យើងថាដល់ពេលវេលាត្រូវវិស្សមកាលនៅដើមខែ៤ណោះ! ថ្ងៃ៥ថ្ងៃ៦ ខែបួន អាហ្នឹងបានថ្ងៃវិស្សមកាលវ៉ាកងតូចហ្នឹងបាទ! ប៉ុន្តែឥឡូវហ្នឹង យើងមើលឃើញសកម្មភាពសាលានីមួយៗហ្នឹង ភាគច្រើនឃើញមានការរៀនតគ្នាការរៀនការបង្រៀនហ្នឹងបាទ!»។
ទោះជាយ៉ាងនេះក្ដី សិស្សនៃវិទ្យាល័យ ព្រះបាទនរោត្ដម បញ្ជាក់ថា ការមិនបង្រៀនទៀងទាត់ពេលនេះ គឺជាកំហុសរបស់គ្រូបង្រៀនដែលមិនខ្វល់ខ្វាយពីការសិក្សារបស់សិស្សឲ្យដិតដល់ ដើម្បីត្រៀមប្រឡងយកសញ្ញាបត្រនាពេលខាងមុខនោះ។
វិទ្យាល័យ ព្រះបាទនរោត្តម ឋិតក្នុងភូមិជើងទឹក នៃឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ សព្វថ្ងៃ សាលានេះមានសិស្សកំពុងសិក្សាប្រមាណជាង ១.៣០០នាក់ បែងចែកជាពីរកម្រិត គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យ។ ក្នុងនោះ សិស្សដែលរៀនកម្រិតវិទ្យាល័យថ្នាក់ទី១២ មានប្រមាណជាង ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
