សិស្សក្រីក្រជនជាតិខ្មែរ វៀតណាម និងចាម ជិត ៩៥នាក់ រៀននៅសាលាបឋមសិក្សាសាមគ្គីភូមិកណ្ដាល ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយជាសំលៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួនពីអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) នៅថ្ងៃទី៩ ខែមីនា។ នេះជាអំណោយលើកទី២ សម្រាប់គាំទ្រសិស្សក្រីក្រចម្រុះជាតិសាសន៍ក្នុងសាលា ដែលក្នុង១លើកសរុបទឹកប្រាក់ជាង ១ពាន់ដុល្លារ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិចប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ មានប្រសាសន៍ថា កញ្ចប់ថវិកាដែលបានចំណាយនេះ គឺជាជំនួយរបស់អង្គការ វី ដាន់ (We done)តាមរយៈអង្គការរបស់លោក។
លោកទទូចដល់សប្បុរសជន និងមនុស្សទូទៅមិនត្រូវប្រកាន់ជាតិសាសន៍ គឺត្រូវគិតពីភាពក្រីក្រ លទ្ធភាពទទួលបានការអប់រំ និងការគោរពសិទ្ធិមនុស្ស៖ «ដោយសារកន្លងមកយើងសិក្សាទៅលើជនជាតិភាគតិចពិបាកផ្ដល់មធ្យោបាយឲ្យកូនចៅពួកគាត់ទៅរៀននៅឆ្ងាយ ហើយម្យ៉ាងគាត់ក្រីក្រគ្មានលុយកាក់សម្រាប់ផ្គត់ផ្គង់ដូចជាសំលៀកបំពាក់ និងសៀវភៅប៊ិច ឲ្យកូនទៅរឿនទើបអង្គការ ម៉ាយរ៉ូ ផ្ដើមគំនិតជួយផ្នែកហ្នឹងតែម្ដង»។
សាលាបឋមសិក្សាសាមគ្គីភូមិកណ្ដាល ឋិតនៅសង្កាត់ផ្សារឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង មានសិស្សរៀនចំនួន ៩៥នាក់ ក្នុងនោះសិស្សស្រីចំនួន ៤៥នាក់។ សាលានេះបង្រៀនភាសាខ្មែរពេលព្រឹក និងភាសាវៀតណាម នៅពេលល្ងាច។ សិស្សភាគច្រើនជាជនជាតិខ្មែរ និងវៀតណាម រស់នៅផ្ទះបណ្ដែតទឹកក្នុងសង្កាត់ផ្សារឆ្នាំង ដែលពុំមានលទ្ធភាពទៅរៀននៅសាលាលើគោកឆ្ងាយពីផ្ទះរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
