ក្រុមអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ដែលទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ជាងពីរខែកន្លងមកនេះ រិះគន់អំពីការមិនយកចិត្តទុកដាក់ថែទាំស្ពាននេះឲ្យបានល្អ។ អ្នកដំណើរលើកឡើងថា ស្ពាននេះចំណាយលុយជាតិជិត ១៩លានដុល្លារ ប៉ុន្តែអាជ្ញាធរក្រុងពុំបានយកចិត្តទុកដាក់សម្អាតធូលីដី សំរាម ធ្វើឲ្យស្ពាននោះមានបរិស្ថានល្អសមនឹងតម្លៃស្ពាននោះឡើយ។
អ្នកដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ អះអាងថា ស្ថានភាពស្ពានបង្ហាញពីភាពគគ្រិចបណ្ដាលមកពីសំរាមនៅផ្នែកខាងៗនៃស្ពាន និងអ្នកខ្លះមិនស្គាល់សញ្ញាព្រួញគូសបង្ហាញផ្លូវលើស្ពាននៅឡើយ ទើបបើកបរបញ្ច្រាសទិស។
យុវតីបើកបរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ឈ្មោះ ឆ ដា ថ្លែងថា មិនដឹងជាដល់ពេលណាទើបអ្នករស់នៅក្នុងទីក្រុងភ្នំពេញ ចេះស្រឡាញ់សមិទ្ធផលនៃប្រទេសដែលខ្លួនរស់នៅនោះទេ។ កញ្ញា ឆ ដា បន្តថា ស្ពាននេះទើបប្រកាសឲ្យប្រើប្រាស់ជាសាធារណៈជាងពីរខែទេ ប៉ុន្តែលើស្ពាន និងក្រោមស្ពាន បន្សល់សំរាមជាច្រើន។ បញ្ហាសំរាមនេះដែរ អ្នកបើកបរគេចសំរាមជ្រុលទៅកណ្ដាលស្ពាន មិនប្រកាន់ផ្លូវផ្នែកខាងស្តាំ ក៏បណ្ដាលឲ្យមានការកៀរគ្នាលើស្ពានក៏មាន។ ទន្ទឹមនោះ មនុស្សមួយចំនួនមិនគោរពសញ្ញាព្រួញគូសប្រាប់ផ្លូវ។ ពួកគេបើកបរយានយន្តធំតូចបញ្ច្រាសទិស បង្កគ្រោះថ្នាក់លើស្ពាន និងក្រោមស្ពាន គឺជាពិសេសត្រង់ចំណុចតភ្ជាប់ស្ពានពីរប្រសព្វគ្នាតែមួយ គឺសម្បូរអ្នកជិះបញ្ច្រាសទិស៖ «តែខ្ញុំមើលទៅស្ពានហ្នឹងទើបបើកបាន២ខែទេ ប៉ុន្តែការប្រើដូចសង់ស្ពានហ្នឹងចង់២ឆ្នាំហើយអ៊ីចឹង ហើយខ្ញុំសោកស្ដាយណាស់ ស្ដាយលុយរាប់លានដែលសាងសង់ស្ពានហ្នឹង នៅតែមានសំរាម នៅតែមានអ្នកជិះបញ្ច្រាសខុសច្បាប់»។
យុវជន សីលា បើកបរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ រាល់ថ្ងៃមកធ្វើការនៅអគារក្បែរស្ពាននោះ ឲ្យដឹងថា សំរាមប៉ើងតាមខ្យល់នៅពេលល្បឿនអ្នកបើកបរលឿន។ ចំណែកគម្របដែកគ្របពីលើលូចោះឲ្យទឹកហូរចេញពីស្ពានរបើកហើបលើថ្នល់ដោយកន្លែង វាអាចបង្កគ្រោះថ្នាក់ដែរ។ ទន្ទឹមនោះ កាកសំណល់បេតុងជ្រុះកំពប់លើស្ពានទៀត មើលទៅការថែទាំស្ពានអាកាសស្ទឹងមានជ័យ ហាក់ដូចជាមិនបានឆ្លើយតបសក្ដិសមទៅនឹងស្ពានដែលចំណាយថវិកាជាតិច្រើនលានដុល្លារទេ៖ «ខ្ញុំមានអារម្មណ៍ថា សោកស្ដាយដែរ ព្រោះស្ពានថ្មីដែរគ្មានអនាម័យ។ ម្នាក់ៗអត់ជួយសម្អាតគ្នា។ ឃើញលូអត់មានគម្របអត់មានអីអ៊ីចឹង ហើយឃើញសំរាមដូចជាថង់ប្លាស្ទិក អត់ថែរក្សាសម្អាតទៅវិញទៅមក អត់ថែរក្សាអនាម័យអ៊ីចឹង។ នៅមានពួកហ្នឹង អ្នកខ្លះឃើញជិះបញ្ច្រាសមួយៗ ដូចថា គេអត់សូវយល់ពីច្បាប់ចរាចរណ៍ ឬក៏យ៉ាងម៉េចដូចអត់សូវដឹង។ មួយទៀត ខ្ញុំឃើញកាកសំណល់បេតុងរបស់ឡានដឹកស៊ីម៉ងត៍ បានហៀរនៅលើផ្លូវកំពប់នៅលើផ្លូវហ្នឹង ឃើញមួយដុំដូចថាវាអត់ស្អាត វាធ្វើឲ្យទួលកំពីកកំពកខូចស្ពាន»។
ក្រៅពីមិនថែទាំស្ពាន នៅខាងក្រោមស្ពានផ្នែកខាងត្បូង អ្នកបើកបរកង់បី ម៉ូតូរ៉ឺម៉ក រថយន្តទេសចរណ៍ ពួកគេជាញឹកញាប់បានបើកបរមិនតាមបណ្តោយស្ពានកាច់កុងចុះឡើងនោះទេ គេបើកបរផ្លូវកាត់រំលោភច្បាប់ គឺបើកបញ្ច្រាសទិសខាងក្រោមស្ពានផ្នែកខាងត្បូង ដើម្បីឆ្លងឆ្ពោះទៅវត្តស្ទឹងមានជ័យ និងផ្លូវផ្សារស្ទឹងមានជ័យ។
មន្ត្រីប៉ូលិសចរាចរណ៍ដែលអង្គុយផាកពិន័យយានយន្តបើកបរល្មើសច្បាប់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្នែកខាងកើតអះអាងថា មិនអាចមើលអស់សកម្មភាពអ្នកបើកបរបញ្ច្រាសទិសក្រោមស្ពាននោះទេ ទាល់តែមានការសហការជាមួយសមត្ថកិច្ចមូលដ្ឋានដែរ។
ស្ត្រីវ័យចំណាស់ជាកម្មករបោសសំរាមក្រុមហ៊ុនស៊ីនទ្រី (CINTRI) ឈ្មោះ ជុំ ពេញ ឲ្យដឹងថា គាត់ទទួលភារកិច្ចបោសសំរាមលើមហាវិថីព្រះមុនីរ៉េត ចាប់ពីស្តុបផ្សារដើមគ រហូតដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយមានអ្នកបោសបន្តពីគាត់ មិនដឹងថាអ្នកបោសនោះបោសអស់ ឬមិនអស់សំរាមទេ ទើបមានការរិះគន់ពីមហាជនរឿងសំរាមនេះ៖ «គេបោសតពីខ្ញុំទៅហើយនេះ ទៅដល់ស្តុប។ ខ្ញុំបោសនេះតពីគេទៅដល់ស្ពានស្ទឹងមានជ័យ។ យើងអាចុះពីស្ពានមកណា មកត្រឹមហ្នឹង ទាំងសងខាង បោសខាងនេះហើយ ទៅបោសខាងនោះអ៊ីចឹង»។
ពាក់ព័ន្ធនឹងការរិះគន់នោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា សាលារាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះមតិរិះគន់ដើម្បីអភិវឌ្ឍជាតិ។ លោកថា សាលារាជធានីភ្នំពេញ នឹងស្នើឲ្យមន្ទីរសាធារណការថែទាំស្ពានអាកាសស្ទឹងមានជ័យ ឲ្យបានប្រសើរជាងបច្ចុប្បន្ន៖ «ខ្ញុំទទួលសំណូមពរហ្នឹង ពីព្រោះការនិយាយនេះយើងមិនត្រូវបណ្តោយឲ្យទៅជាអ៊ីចឹងទេ អីអីទេ ខ្ញុំអរគុណច្រើន ខ្ញុំនឹងប្រាប់ទៅមន្ទីរសាធារណការឥឡូវនេះ»។
ស្ពានអាកាសស្ទឹងមានជ័យ សម្ពោធឲ្យប្រើប្រាស់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ ស្ពាននេះសង់ឡើងដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាប្រចាំ ដែលបណ្ដាលមកពីការកើនឡើងនៃយានយន្តគ្រប់ប្រភេទចាប់ពីស្តុបស្ទឹងមានជ័យ នៃព្រំប្រទល់ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ។
ស្ពានអាកាសនេះ ចំណាយថវិកាជិត ១៩លានដុល្លារសហរដ្ឋអាមេរិក ដោយប្រើប្រាស់កញ្ចប់ថវិកាដែលបានមកពីការវិនិយោគតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាផ្នែកមួយនៃការអនុវត្តគោលការណ៍ យកក្រុងចិញ្ចឹមក្រុង។ ស្ពានអាកាសស្ទឹងមានជ័យ សាងសង់ស្ពានសរុបចំនួន ៥ខ្សែ ក្នុងនោះមានស្ពានមេ ១ខ្សែ ស្ពានតូចៗចំនួន ៣ខ្សែ និងស្ពានក្រោមដីចំនួន ១ខ្សែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
