ពលរដ្ឋខេត្តស្ទឹងត្រែង រិះគន់គម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធវៀតណាម លើសួនច្បារមាត់ទន្លេក្នុងក្រុងស្ទឹងត្រែង។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីមានលិខិតស្នើសុំរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនា ស្តីអំពីការកសាងស្តូបយុទ្ធជនពលីកម្ពុជា-វៀតណាម ថ្មីឡើងវិញ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា បើគ្រាន់តែកសាងដើម្បីមិត្តភាពពុំមានអ្វីទាស់ខុសឡើយ។
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ថា បន្ទាប់ពីគណៈអភិបាលខេត្តផ្ញើលិខិតស្នើសុំកសាងវិមានអនុស្សាវរីយ៍រំឭកវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីកម្ពុជា-វៀតណាម នៅរង្វង់មូលថ្មី ឋិតនៅសួនច្បារមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង តែរហូតមកដល់ថ្ងៃទី១៣ ខែកក្កដា នៅមិនទាន់មានលិខិតឆ្លើយតប ស្ដីពីការសម្រេចរបស់ក្រសួងមហាផ្ទៃ នៅឡើយទេ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ដួង ពៅ មានប្រសាសន៍ថា ក្រុងស្ទឹងត្រែង កំពុងមានការអភិវឌ្ឍ ចំណែកការរៀបចំកែលម្អសោភ័ណភាពទីក្រុង ជាកត្តាចាំបាច់ដោយមានការផ្លាសប្តូរទីតាំង វិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីកម្ពុជា-វៀតណាម នៅកន្លែងថ្មី ដូចជាស្តូបកម្ពុជា ត្រូវកសាងថ្មីឋិតនៅរង្វង់មូលថ្មី និងស្តូបរំឭកវិញ្ញាណក្ខន្ធរបស់វៀតណាម ឋិតនៅលើសួនច្បារមាត់ទន្លេក្រុងស្ទឹងត្រែង ក្បែររូបសំណាក់ត្រីប៉ាសេអ៊ី៖ «នៅហ្នឹងយើងមានស្តូបថ្មី ហើយរុះអាចាស់ចោល»។
តែទោះជាយ៉ាងណាក៏ដោយ គម្រោងកសាងរបស់អាជ្ញាធរខេត្ត រងការរិះគន់ពីក្រុមអ្នកលេងហ្វេប៊ុក (Facebook) យ៉ាងចាស់ដៃ ដោយចាត់ទុកថា ហាក់បីដូចប្រទេសកម្ពុជា ឋិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយអាថ៌កំបាំង។
យុវជនអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក និងជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង លោក ភារម្យ ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ថា លោកមិនគាំទ្រចំពោះគម្រោងសាងសង់ស្តូបវៀតណាម របស់អាជ្ញាធរខេត្តនោះទេ។ ហេតុនេះ លោកអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះគម្រោងនេះ។
លោកកត់សម្គាល់ថា អ្នកណាក៏ដឹងដែរថា វៀតណាម ជាប្រទេសដែលមានប្រវត្តិឈ្លានពានទឹកដីកម្ពុជា ជាច្រើន ដូចជា ដីកម្ពុជាក្រោម ដីព្រៃនគរ ជាដើម។ តែរហូតមកដល់បច្ចុប្បន្នភាពចម្រូងចម្រាសរវាងព្រំដែននៅមិនទាន់ដោះស្រាយផង ស្រាប់តែមានលេចឮការសាងសង់ស្តូបអនុស្សាវរីយ៍មិត្តភាពនេះទៅវិញ៖ «ការប្រមើលមើលរបស់ខ្ញុំមិនពេញចិត្តទេ ចំពោះការសាងសង់ មិនមែនថា រើសអើងអីទេ! តែមើលទៅហាក់បីដូចជាមិនសក្ដិសម»។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ យល់ថា ការកសាងស្តូបនេះមានអ្នកគាំទ្រ និងអ្នកមិនគាំទ្រថា ជារឿងធម្មតាសម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកបន្តថា បើគ្រាន់តែការសាងសង់នោះ ជាការសម្ដែងពីសម្ព័ន្ធមិត្តប្រទេសជិតខាង វាពុំមានអ្វីទាស់ខុសនោះឡើយ៖ «ខ្ញុំគិតថា ដូចជាមិនអីទេ ចំពោះការសាងសង់ បើសាងសង់សត្រូវដូចពិបាក សត្រូវមិនចំពោះណាទេ? អ្នកណាក៏ដោយ ទោះបីយួន ក៏ដោយ ចិនក៏ដោយ អាមេរិក បារាំងក៏ដោយ»។
ផ្ទុយពីការលើកឡើងនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមរកឃើញថា ការសាងសង់និមិត្តរូប ស្តូបរំឭកដល់វិញ្ញាណក្ខន្ធវៀតណាម ហាក់បីដូចជាប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ស៊ីជម្រៅដែលមិនអាចវាស់វែងបាន។ ជាក់ស្ដែងនៅប្រទេសឡាវ ក៏គេសាងសង់រូបហូជីមិញ យ៉ាងធំ ចង្អុលទៅទិសខាងលិច ដើម្បីរំឭកនូវភាពជោគជ័យនៃចលនាសាធារណរដ្ឋសង្គមនិយមឥណ្ឌូចិន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី ផ្ដល់ទស្សនៈថា ប្រវត្តិសាស្ត្រប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន មានចំណុចល្អៗច្រើនណាស់ ដែលមានវីរជនខ្មែរបានតស៊ូ បូជាជីវិតដើម្បីប្រទេសជាតិច្រើនរាប់មិនអស់ ហេតុអ្វីបានជាគេមិននឹកឃើញ បែរជានឹកឃើញតែមិត្តភាពកម្ពុជា-វៀតណាមទៅវិញ?
លោក កែម ឡី៖ «វៀតណាម ជួយយើង ក្នុងន័យសប្បុរសធម៌ ដល់ជួយហើយ ក្នុងន័យជាចោរ បានន័យថាម៉េច? គឺលួចយកខ្ទេចខ្ទីពីធនធានធម្មជាតិ។ ខ្ញុំគិតថា យើងមិនមែនចាត់ទុកប្រទេសដទៃជាសត្រូវទេ! បើប្រទេសដទៃទន្ទ្រានយើងអ៊ីចឹង ហើយយើងនៅតែរំឭកពីមិត្តភាពយើង មិត្តភាពមួយ ដៃម្ខាងចាប់ដៃយកជើងមកជាន់ឈ្លីខ្មែរយើង»។
ក្នុងលិខិតសំណើរបស់អភិបាលខេត្តទៅក្រសួងមហាផ្ទៃ បញ្ជាក់ថា ថវិកាសម្រាប់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ទាំងពីរ ឧបត្ថម្ភ ៩០ភាគរយពីភាគីខេត្តយ៉ាឡាយ ប្រទេសវៀតណាម និង ១០ភាគរយទៀត ជាការចូលរួមចំណែកថវិការបស់ខេត្ត និងបានឯកភាពគ្នារវាងភាគីខេត្តស្ទឹងត្រែង និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ បន្ថែមពីលើនេះទៀត មន្ត្រីសាលាខេត្តបង្ហើបថា គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នេះត្រូវចំណាយថវិកា សាងសង់ជាង ១០ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
