អភិបាល​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រំលោភ​កិច្ចសន្យា​ភាស៊ី​ផ្សារ

0:00 / 0:00

អភិបាល​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​នេះ រង​ការ​ចោទ​ថា រំលោភ​កិច្ចសន្យា​ភាស៊ី​ផ្សារ​ឆ្នាំ​២០១៤។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ បាន​ប្ដូរ​ទីតាំង​ផ្សារ​ត្រី​បន្លែ នៅ​ពេល​មិន​ទាន់​ចប់​កិច្ចសន្យា​ដែល​មាន​កំណត់​ក្នុង​សៀវភៅ​បន្ទុក។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លើក​ហេតុផល​ថា គ្រាន់​តែ​រុះរើ​ផ្សារ​ដើម្បី​អភិវឌ្ឍ​ក្រុង និង​រក​ទីតាំង​ថ្មី​ឲ្យ​លក់​បន្ត​ទៀត។

ម្ចាស់​ភាស៊ី​ផ្សារ​ខេត្ត​ស្ទឹងត្រែង ដែល​ទទួល​សិទ្ធិ​ប្រមូល​ភាស៊ី​ផ្សារ​កាល​ពី​ឆ្នាំ​២០១៤ បាន​ដាក់​ពាក្យ​ប្ដឹង​អភិបាល​ខេត្ត​ស្ទឹងត្រែង ទៅ​ក្រសួង​មហាផ្ទៃ និង​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង ទាក់ទិន​ការ​បំពាន​កិច្ចសន្យា។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ គឺ​នៅ​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​របស់​អាជ្ញាធរ​ខេត្ត បាន​ផ្លាស់ប្ដូរ​ទីតាំង​ផ្សារ​ត្រី​បន្លែ​លើ​សួនច្បារ​ខាង​លិច​ផ្សារ​ថ្ម ទៅ​ទីតាំង​ថ្មី​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្សារ​បច្ចុប្បន្ន​ជាង ២​គីឡូម៉ែត្រ។ ជាង​នេះ​ទៅ​ទៀត ម្ចាស់​ភាស៊ី​ផ្សារ​អះអាង​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​ដើម្បី​អភិវឌ្ឍ​ក្រុង បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​ប្រមូល​ថ្លៃ​ភាស៊ី​ផ្សារ និង​ជា​ករណី​បំពាន​កិច្ចសន្យា​ដែល​មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក ដែល​កំណត់​រយៈពេល​ជាក់លាក់។

ម្ចាស់​ភាស៊ី​ផ្សារ​ឆ្នាំ​២០១៤ អ្នកស្រី ឯល ទីរៀម រៀបរាប់​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា អ្នកស្រី​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ តែ​ទីតាំង​នោះ​មិន​ទាន់​ចប់​អាណត្តិ​ដែល​មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ឡើយ ស្រាប់​តែ​អាជ្ញាធរ​ខេត្ត​បាន​ផ្លាស់ប្ដូរ​ទីតាំង​លក់​ដូរ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ បង្ក​ការ​លំបាក​ដល់​អាជីវករ​ផ្សារ​ត្រី​បន្លែ​ជិត ១.០០០​នាក់ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ប្រាក់​សម្រាប់​ថ្លៃ​ភាស៊ី។ អ្នកស្រី​បញ្ជាក់​ថា ការ​ផ្លាស់ប្ដូរ​ទីតាំង​លក់​នេះ ជា​ឧបសគ្គ​ចម្បង​មិន​អាច​ប្រមូល​ប្រាក់​ភាស៊ី​សម្រាប់​បង់​ចូល​រដ្ឋ​ចំនួន​ជាង ២៦​លាន​រៀល និង​ការ​ចំណាយ​ថ្លៃ​សន្តិសុខ អនាម័យ ព្រម​ទាំង​ថ្លៃ​ពន្ធ និង​បង់​ជូន​អាជ្ញាធរ​ក្រុង​ផង​ប្រហែល ១០​លាន​រៀល​ផ្សេង​ទៀត។ អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌ ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​អ្នកស្រី៖ «បែរ​ជា​អភិបាល​ខេត្ត​អភិបាល​ក្រុង រំលោភ​លើ​សៀវភៅ​បន្ទុក​ឆ្នាំ​២០១៤ វិញ ត្រង់​ហ្នឹង​ជា​ការ​ខាតបង់​របស់​ខ្ញុំ ហើយ​អាជីវករ​គាត់​លក់​អត់​បាន ធ្វើ​ម៉េច​បាន​លុយ​ឲ្យ​យើង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បាន​យ៉ាង​ណា​នោះ​ទេ នៅ​ថ្ងៃ​ទី​១៨ កក្កដា ដោយ​លោក​និយាយ​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ លើក​ឡើង​ថា ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​នៅ​លើ​សួនច្បារ ជា​ទីតាំង​លក់​ដូរ​ត្រី​បន្លែ គ្រាន់​តែ​ជា​មែក​ធាង​ផ្សារ​ថ្ម​ស្ទឹងត្រែង​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​រុះរើ​ផ្សារ​ដើម្បី​អភិវឌ្ឍ ហើយ​រក​កន្លែង​ថ្មី​ឲ្យ​អាជីវករ​លក់​បន្ត។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​មិន​បាន​រំលោភ​សេចក្តី​ទុក​ចិត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​ភាស៊ី​ផ្សារ​ទៅ​វិញ​ទេ​ដែល​តែង​តែ​មិន​គោរព​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដូចជា​ការ​ធ្វើ​សំណង់​រឹង​លើ​សួនច្បារ និង​ការ​លក់​ដូរ​លើ​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ជាដើម៖ «ឲ្យ​លក់​តាម​ទំនើង​ចិត្ត​គាត់ ចឹង​ការ​ចោទ​ប្រកាន់​របស់​គាត់ គឺ​ជា​ការ​រារាំង​កិច្ចការ​សាធារណៈ​របស់​រដ្ឋ បើ​តាម​ច្បាប់ គាត់​ត្រូវ​មាន​ទោស​ទៀត»

យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បញ្ហា​នេះ រក​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ ពិត​ជា​បាន​រំលោភ​កិច្ចសន្យា​ពិត​មែន ដែល​មាន​ចែង​ជាក់លាក់​ក្នុង​សៀវភៅ​បន្ទុក​ដែល​បាន​កំណត់​ទីតាំង​ច្បាស់លាស់​មុន​ពេល​ទទួល​សិទ្ធិ​ដេញ​ថ្លៃ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​អាជីវករ​ចេញ​ក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១៤ ដោយ​ម្ចាស់​ភាស៊ី​ផ្សារ​មិន​ទាន់​ចប់​អាណត្តិ​នៅ​ទីតាំង​ផ្សារ​ត្រី​សាច់​បន្លែ​រយៈពេល ១​ឆ្នាំ ក្នុង​ឆ្នាំ​២០១៤។ លោក​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង​រដ្ឋប្បវេណី បើ​រក​ឃើញ​ថា ពិត​ជា​រំលោភ​លើ​កិច្ចសន្យា​ដែល​មាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ពិត​មែន ព្រោះ​ក្នុង​សៀវភៅ​បន្ទុក​បាន​កំណត់​ទីតាំង​ជាក់ស្តែង និង​តម្លៃ​ជាដើម មុន​ពេល​ដេញ​ថ្លៃ៖ «អាជ្ញាធរ​ខេត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​គម្រោង​ហ្នឹង​ផង យើង​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​ក្រុង ប៉ុន្តែ​ក្នុង​អាណត្តិ​របស់​គេ តែ​ទៅ​ដេញ​គេ​ម៉េច​កើត!»

លោក ហូ សំអុល រិះគន់​ការ​កំណត់​តម្លៃ​ភាស៊ី​ផ្សារ​នៅ​ឆ្នាំ​២០១៥ នេះ​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ដោយសារ​តែ​គម្លាត​ឆ្ងាយ​ពី​ការ​កំណត់​តម្លៃ​ភាស៊ី​ផ្សារ​ឆ្នាំ​២០១៤ មាន​តម្លៃ ៣១៥​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ចំណែក​ការ​កំណត់​តម្លៃ​ប្រមូល​នៅ​ឆ្នាំ​២០១៥ របស់​លោក​ឧកញ៉ា សា លាង មាន​តម្លៃ​តែ ៦០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ទៅ​វិញ។

ក្រម​រដ្ឋប្បវេណី​ឆ្នាំ​២០០៦ មាត្រា​៤០៨ ចំណុច​ទី​១ ចែង​ថា ការ​បំពាន​កិច្ចសន្យា​យ៉ាង​ធ្ងន់ធ្ងរ សំដៅ​ទៅ​លើ​ករណី​ភាគី​ម្ខាង​មិន​គោរព​កិច្ចសន្យា​បាន ដោយសារ​ការ​បំពាន​របស់​ភាគី​ម្ខាង​ទៀត ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បំពាន​កិច្ចសន្យា​យ៉ាង​ធ្ងន់ធ្ងរ។ ពាក្យ​បណ្ដឹង​របស់​ម្ចាស់​ភាស៊ី​ផ្សារ​ទៅ​អភិបាល​ខេត្ត គឺ​ទាមទារ​សំណង​រយៈពេល ៤​ខែ ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ ចំនួន ១៤០​លាន​រៀល ព្រម​ទាំង​ជំងឺ​ចិត្ត​ខាតបង់​ពេលវេលា​ចំនួន ១០​ម៉ឺន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។