ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចោទប្រកាន់មន្ត្រីនគរបាលខេត្តមួយរូប និងមន្ត្រីក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ មួយរូបថា បានប្រើអំពើហិង្សាយកខ្នោះដៃវាយក្បាលប្រជាពលរដ្ឋឲ្យរបួស ដោយសារជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនឈើមិនបាន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្ស។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក អំពាវនាវសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៃអាជ្ញាធរខេត្តស្ទឹងត្រែង ស៊ើបអង្កេតបន្ទាន់ទៅលើសេចក្ដីចោទប្រកាន់ទាក់ទិនការរំលោភសិទ្ធិប្រជាពលរដ្ឋដោយបុគ្គលជាមន្ត្រីមានសមត្ថកិច្ចនេះ។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ នេះក្រោយដែលប្រជាពលរដ្ឋឈ្មោះ ញ៉ែម សក្ខណា ដាក់ពាក្យប្ដឹងមកការិយាល័យការពារសិទ្ធិមនុស្សឲ្យជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងរឿងនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល បញ្ជាក់ថា លោកជួយសម្របសម្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យប្ដឹងករណីនេះទៅនគរបាលប៉ុស្តិ៍ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីស្រាវជ្រាវពីអង្គហេតុនេះ។
លោកថា ច្បាប់បានហាមឃាត់មិនឲ្យបុគ្គល ឬមន្ត្រីសមត្ថកិច្ចវាយធ្វើទារុណកម្មលើពលរដ្ឋនោះទេ៖ «ខ្ញុំជូនជនរងគ្រោះទៅបញ្ជាការដ្ឋានដើម្បីដាក់ពាក្យប្ដឹងតាមច្បាប់យើងបានជួបមន្ត្រីអនុវត្តច្បាប់មួយចំនួនគាត់ថា ឲ្យដាក់នៅកន្លែងហ្នឹងទៅ»។
មន្ត្រីទាំងពីរនាក់ដែលប្រជាពលរដ្ឋប្ដឹងចោទគឺប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋានប៉ូលិសខេត្តលោក សំរិត សុកសេដ្ឋា និងសមាជិកក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ លោក គង់ ផាន់ណា។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីទាំងពីរសុំបញ្ជាក់ការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ។
ចំណែកដើមបណ្ដឹង លោក ញ៉ែម សក្ខណា បញ្ជាក់ថា គាត់ជាប្រជាពលរដ្ឋក្រីក្រទិញឈើពីពលរដ្ឋក្នុងព្រៃមកលក់ចិញ្ចឹមជីវិត ក៏ប៉ុន្តែគាត់ជួបរឿងអាក្រក់គ្រាដឹកជញ្ជូនឈើបីបួនកំណាត់តាមម៉ូតូក៏ជួបមន្ត្រីទាំងពីរជិះឡានបំពាក់ដោយស៊ីរ៉ែន របស់កងនគរបាលស្ទាក់ចាប់ឈើ និងប្រើខ្នោះដៃវាយក្បាលដោយសារមន្ត្រីទាំងពីរខឹងមិនព្រមទទួលយកប្រាក់ចំនួនពីរម៉ឺនរៀលរបស់គាត់។ គាត់បន្តថា មន្ត្រីទាំងពីរឋិតក្នុងសភាពស្រវឹងជោគបង្ខំចាប់គាត់ដាក់ខ្នោះដៃ និងវាយទាត់ធាក់នៅលើថ្នល់រហូតបែកក្បាលទើបដោះលែងឲ្យចេញទៅ៖ «បងដែលម្នាក់ប៉ូលិសហក់មកជាន់ខ្ញុំ ហើយវាយខ្ញុំចំនួនពីរខ្នោះដៃ។ គាត់ស្រវឹងទាំងពីរបើកឡានសារ៉ែនវាយខ្ញុំបែកក្បាល ហើយជាន់ក្បាលខ្ទប់ទៅនឹងថ្នល់ទៀត»។
សាក្សីឃើញហេតុការណ៍លោក ចន ចំណាន បញ្ជាក់ថា លោកបានជិះម៉ូតូបញ្ច្រាសទិសគ្នាមកដល់ចំណុចកើតហេតុឃើញមន្ត្រីទាំងពីរកំពុងវាយប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នា។ លោកថា បានឃើញជាក់ស្ដែងការវាយដំនេះ នឹងបានចូលខ្លួនទៅបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាសាក្សីនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ៖ «ម្នាក់ទៀតអ្នកចាប់ឲ្យវាយម្នាក់ដែលថា សមត្ថកិច្ចជាន់ក្បាលនៅនឹងថ្នល់ ហើយវាយក្បាលពីរខ្នោះដៃ ខ្ញុំឃើញដូចជាអយុត្តិធម៌ពេក»។
នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ហ៊ុន ហ្វៃ បដិសេធមិនអធិប្បាយរឿងនេះទេ ដោយសារលោកកំពុងជាប់បំពេញភារកិច្ចនៅតំបន់ព្រំដែន។
ទោះបីជាយ៉ាងនេះក្ដី ដើមបណ្ដឹង លោក ញ៉ែម សក្ខណា ទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធម៌ និងសុំឲ្យមានការផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់សំណងពាក់ព័ន្ធមន្ត្រីបង្ករបួសស្នាមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
