ពលរដ្ឋខែត្រស្ទឹងត្រែង ស្នើឲ្យអាជ្ញាធរខែត្រផ្ដល់កន្លែងលក់ដូរក្នុងទីប្រជុំជន។ ការស្នើនេះធ្វើឡើងក្នុងវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខែត្រស្ទឹងត្រែង នៅថ្ងៃទី៩ ខែធ្នូ។ ក្នុងវេទិកានេះមានពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងតំណាងស្ថាប័នពាក់ព័ន្ធខែត្រប្រមាណជាង ២០០នាក់ចូលរួមពិគ្រោះយល់។
តំណាងពលរដ្ឋឃុំសាមគ្គី និងជាប្រធានយុវជនប្រចាំសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង អ្នកស្រី សោ សុមាលី ថ្លែងក្នុងវេទិកាសាធារណៈ ដោយស្នើឲ្យអាជ្ញាធរខែត្រផ្ដល់កន្លែងលក់ដូរដែលធានាការប្រកបរបរចិញ្ចឹមជីវិតពលរដ្ឋទាំងនៅជនបទ និងទីប្រជុំជន។ ការស្នើនេះបន្ទាប់ពីអាជ្ញាធរបានបង្កើតផ្សារថ្មីស្ទឹងត្រែង ហៅថា ផ្សារអូរឫស្សី នៅឆ្ងាយពីទីប្រជុំជនស្ទើរតែគ្មានអតិថិជនទៅទិញ។
អ្នកស្រីចាត់ទុកការអភិវឌ្ឍផ្សារថ្មីរបស់អាជ្ញាធរខែត្រ ហាក់ដូចជាផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់អាជីវករ៖ «សព្វថ្ងៃហ្នឹងប្រជាជនដែលធ្វើដំណើរតាមដងទន្លេ គឺមានការលំបាកណាស់។ ខំដាំបន្លែលក់នៅទីផ្សារ តែគ្មានកន្លែងលក់ មានតែអ្នកទីក្រុង។ មកលក់តែពេលប្រលប់ដល់ពេលភ្លឺឡើងគឺសន្តិសុខដេញទីណាត់ទីណែង។ សូមថ្នាក់ដឹកនាំក្នុងខែត្រស្ទឹងត្រែង ទាំងមូលជួយដោះស្រាយដល់ប្រជាកសិករដែលគាត់ធ្វើដំណើរមកលក់តាមទូក លំបាកកន្លែងលក់»។
អ្នកស្រី សោ សុមាលី បន្ថែមថា មានពលរដ្ឋខ្លះបង្ខំចិត្តលក់តាមចិញ្ចើមថ្នល់ជុំវិញផ្សារថ្ម ខែត្រស្ទឹងត្រែង ហើយពេលខ្លះត្រូវរងការបណ្ដេញចេញដោយសន្តិសុខ និងសមត្ថកិច្ច។
ឆ្លើយតបចំពោះការទទូចនេះ តំណាងក្រុមប្រឹក្សាខែត្រស្ទឹងត្រែង លោក ឈឹម រចនា បញ្ជាក់ថា ក្តីព្រួយបារម្ភរបស់ពលរដ្ឋ គឺជាចំណុចសំខាន់ដែលអាជ្ញាធរខែត្រ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រកដំណោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់។ លោកបន្តថា អ្វីជាក្ដីបារម្ភ និងផលប្រយោជន៍របស់ពលរដ្ឋគឺជាការទទួលខុសត្រូវរបស់អាជ្ញាធរខែត្រ។
ក្រុមពលរដ្ឋដែលកំពុងមានវិបត្តិបានចូលរួមវេទិកាសាធារណៈនេះ ចាត់ទុកវេទិកាសាធារណៈរបស់អាជ្ញាធរខែត្រ គឺជាភ្លើងខៀវបង្ហាញពីក្តីកង្វល់ និងការព្រួយបារម្ភរបស់ពូកគាត់ដែលមិនទាន់ត្រូវបានដោះស្រាយបញ្ចប់ និងដើម្បីឲ្យអាជ្ញាធរខែត្រពិភាក្សារកដំណោះស្រាយដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
