កម្មកររោងចក្រ សាន់ វែល ស៊ូ (Sun Well Shoes) ជាង ៩០០នាក់ បានបញ្ចប់ការតវ៉ាបាតុកម្មរយៈពេល ១៣ថ្ងៃរបស់ខ្លួន ក្រោយពីភាគីរោងចក្រ ព្រមដោះស្រាយបញ្ហាមួយចំនួនក្នុងចំណោមលក្ខខណ្ឌការងារ ៧ចំណុចដែលកម្មករបានទាមទារ។
កម្មកររោងចក្រ សាន់ វែល ស៊ូ ព្រមចូលធ្វើការនៅព្រឹកថ្ងៃ២៩ ខែកក្កដា ដោយថៅកែព្រមបើកប្រាក់អតីតភាពការងារ និងសន្យាពិនិត្យប្រាក់ពន្ធដែលរោងចក្របានកាត់ពន្ធប្រាក់ខែពីកម្មករកន្លងមក។
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ លោក សៀង សម្បត្តិ ថ្លែងថា កម្មករសម្រេចចិត្តបញ្ចប់ការតវ៉ា ព្រោះកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ថៅកែសម្រេចបើកប្រាក់អតីតភាពការងារឲ្យកម្មករណាដែលធ្វើការយូរឆ្នាំចំនួនជាង ៣០០នាក់។
លោកថា ដំណោះស្រាយនេះ ជាចំណែកមួយក្នុងការទាមទារនៅក្នុងចំណោម ៧ចំណុច ដែលកម្មករសុំប្ដូរលក្ខខណ្ឌការងារនៅរោងចក្រ សាន់ វែល ស៊ូ៖ «រឿងប្រាក់បំណាច់ដែលសុំហ្នឹង ខាងក្រុមហ៊ុនគេផ្ដល់ឲ្យ ១ឆ្នាំ ៥០ដុល្លារ ជូនកម្មករ ហើយទាក់ទងលុយ ៥ដុល្លារទៀត បើសិនជាកម្មករមានច្បាប់ត្រឹមត្រូវ គេអត់កាត់លុយទេ ឲ្យតែមានសំបុត្របញ្ជាក់អីត្រឹមត្រូវទៅ»។
បុគ្គលិករដ្ឋបាលរោងចក្រ សាន់វែល ស៊ូ អ្នកស្រី ឌី ឈីវជី ឲ្យដឹងថា ប្រាក់អតីតភាពការងាររបស់កម្មករដែលធ្វើការជាង ១០ឆ្នាំ ថៅកែសម្រេចបើកប្រាក់អតីតភាពការងារក្នុង ១ឆ្នាំ ៥០ដុល្លារ ទៅកម្មករជាង ៣០០នាក់ ហើយប្ដូរកុងត្រាពីមិនមានកាលកំណត់ ទៅជាមានកាលកំណត់ ៦ខែម្ដងវិញ៖ «លក្ខខណ្ឌការងារផ្សេងៗ អត់មាននៅក្នុងច្បាប់យើង មិនអាចឲ្យគាត់បាន។ អ៊ីចឹងបានគាត់ព្រមឲ្យប្រាក់អាផ្ដាច់កិច្ចសន្យាហ្នឹង»។
អ្នកស្រី ឌី ឈីវជី បន្តថា ចំពោះការដកពន្ធប្រាក់ខែវិញ តាមច្បាប់ពន្ធដារប្រគល់ឲ្យរោងចក្រអនុវត្ត គឺត្រូវយកពន្ធប្រាក់ខែតម្លៃពលកម្មចាប់ពី ៥០ម៉ឺន ១រៀលទៅ ត្រូវបង់ពន្ធចំនួន ៥ភាគរយ នៃប្រាក់ខែ។ ប៉ុន្តែកម្មករមួយចំនួនបានប្រាក់ខែគោល ១០៥ដុល្លារ បូកនឹងប្រាក់អតីតភាពការងារ ប្រាក់ថែមម៉ោង ប្រាក់បាយ ប្រាក់ធ្វើដំណើរ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ត្រូវជាប់ពន្ធទាំងអស់។
អ្នកស្រីបន្តថា បើសិនជាកម្មករ ឬបុគ្គលិកណាមានប្រាក់ខែលើសពី ១លានរៀល ត្រូវបង់ពន្ធ ១០ភាគរយ៖ «បើសិនជាគាត់ធ្វើការតែត្រឹមប្រាក់ខែគោលគាត់ហ្នឹង គឺអាត់ជាប់ពន្ធទេ ប៉ុន្តែបើបូកទាំងពីលុយព្រីម លុយអតីតភាពការងារ អីលុយ អតីតភាពគាត់ហ្នឹង វា ២១បាត់ហើយ ហើយលុយព្រីមនោះ ១៥ ចូលទៅ វាលើសពីអ្វីដែលត្រូវកាត់ពន្ធហើយ ហើយយើងនៅថែមម៉ោងទៀត យើងនៅលុយអាហារថ្ងៃត្រង់ លុយបាយ បូកបញ្ចូលគ្នាទៀតនោះ អាហ្នឹងវាឡើងលើសហើយ ជាប់ពន្ធ ៥ភាគរយ»។
កម្មការិនីរោងចក្រ សាន់ វែល ស៊ូ សុំមិនបញ្ចេញឈ្មោះ ទាមទារឲ្យថៅកែយកពន្ធតែប្រាក់ខែគោល។ ប៉ុន្តែថៅកែបានបូកប្រាក់អតីតភាពការងារ ប្រាក់បាយ ប្រាក់ធ្វើដំណើរ ប្រាក់សុខភាព ប្រាក់ថែមម៉ោង ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីយកពន្ធបង់ជូនរដ្ឋ ដែលធ្វើឲ្យកម្មករតវ៉ា៖ «កុងត្រាជាមួយរាជរដ្ឋាភិបាល គឺ ៥ឆ្នាំ ពេលដែលបញ្ចប់កិច្ចសន្យា គឺត្រូវគិតលុយអត្ថប្រយោជន៍ជូនកម្មករ ប៉ុន្តែក្រុមហ៊ុនអត់មានគិតលុយអត្ថប្រយោជន៍នឹងជូនកម្មករទេ។ តែរឿងដែលសំខាន់ចំពោះកម្មករ ដែលធ្វើឲ្យកម្មករក្រោកឈរឡើងនេះ គឺមូលហេតុដែលរោងចក្រហ្នឹងកាត់ពន្ធពីកម្មករ ហើយឥឡូវនឹងគឺយកលុយបាយមកបញ្ចូលជាមួយប្រាក់ខែ ហើយកាត់នៅក្នុងប្រាក់ខែហ្នឹងតែម្ដង»។
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ លោក សៀង សម្បត្តិ ថ្លែងថា ឥឡូវកម្មករចូលធ្វើការសិន ព្រោះថៅកែព្រមដោះស្រាយប្រាក់អតីតភាពការងារ ដែលបានដូរឈ្មោះ ៣ដងកន្លងមក ពីឈ្មោះរោងចក្រ ជាន វៃ មកឈ្មោះ ឈាន ហ៊ុយ ចុងក្រោយគឺឈ្មោះ សាន់ វែល ស៊ូ។ លោកថា ចំពោះប្រាក់កាត់ពន្ធកន្លងមក ថៅកែអះអាងថាពិនិត្យឡើងវិញ។ បុគ្គលិករដ្ឋបាលរោងចក្រ សាន់ វែល ស៊ូ អ្នកស្រី ឌី ឈីវជី ឲ្យដឹងថា សម្រង់បញ្ជីវត្តមានកម្មករបម្រើការនៅរោងចក្រនេះ តែជាង ៩០០នាក់ទេ បូកទាំងបុគ្គលិកខ្មែរនិងចិន។
កម្មកររោងចក្រស្បែកជើងមួយនេះ ចាប់ផ្ដើមតវ៉ាមិនធ្វើការពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ មកដល់ថ្ងៃ២៨ ខែកក្កដា ដើម្បីសុំប្ដូរលក្ខខណ្ឌការងារ ៧ចំណុច ដូចជាសុំទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាកម្មករចាស់ និងបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ សុំឲ្យថៅកែរោងចក្រដើរតួបង់ប្រាក់ពន្ធជំនួសកម្មករ មិនត្រូវបូកបញ្ចូលលុយបាយ លុយថែមម៉ោងជាដើមទៅក្នុងប្រាក់ខែ ហើយកាត់ពន្ធយកនោះទេ។ សុំរោងចក្របញ្ចូលប្រាក់ ៥ដុល្លារបន្ថែមលើប្រាក់រង្វាន់ទៀងទាត់ និងសមាមាត្រនៅពេលកម្មករសុំច្បាប់ឈប់សម្រាកត្រឹមត្រូវ។ សុំឲ្យរោងចក្រផ្ដល់ប្រាក់ស្នាក់នៅ ឬថ្លៃធ្វើដំណើរ ១៥ដុល្លារ។ សុំឲ្យរោងចក្រមានឧបករណ៍ ការពារសុខភាព និងឧបករណ៍សុវត្ថិភាពសម្រាប់ពេលធ្វើការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
