ដើមបណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង អះអាងថា ក្រុមហ៊ុនរថយន្តក្រុងវៀតណាម ព្រមផ្ដល់សំណងតាមសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ហើយ ប៉ុន្តែសំណងនេះក្រុមហ៊ុននឹងផ្ដល់ជូនជាពីរដំណាក់កាល។ ការផ្ដល់សំណងបែបនេះ ក្រុមគ្រួសារជនរងគ្រោះមិនទាន់សម្រេចទទួលយកនៅឡើយ ព្រោះបារម្ភថា ខ្លាចក្រុមហ៊ុនបោកប្រាស់។
ក្រុមគ្រួសាររបស់កម្មករ-កម្មការិនីដែលស្លាប់ និងខ្លះទៀតរងបួសធ្ងន់ស្រាល រស់នៅក្នុងឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លើកឡើងថា ពួកគាត់ចង់បានសំណងគ្រប់ចំនួនពីក្រុមហ៊ុនរថយន្តក្រុងវៀតណាម ឈ្មោះ ១៥ អេស.អេច្ឆ (15SH) ក្នុងពេលតែមួយ ពោលគឺមិនចង់បានប្រាក់សំណងត្រឹមពាក់កណ្ដាលសិននោះទេ។
ការលើកឡើងនេះ នៅបន្ទាប់ពីភាគីក្រុមហ៊ុនបានជូនដំណឹងថា នឹងដកពាក្យបណ្ដឹងពីសាលាឧទ្ធរណ៍វិញ ហើយយល់ព្រមផ្ដល់សំណងតាមសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ប្រសិនបើគ្រួសារជនរងគ្រោះទាំងអស់ ទទួលយកសំណងលើកទី១ ត្រឹមពាក់កណ្ដាល និង ១៥ថ្ងៃក្រោយមកទៀត ទើបក្រុមហ៊ុនសម្រេចផ្ដល់ជូនគ្រប់ចំនួនដើម្បីបញ្ចប់រឿងនោះ។
លោកស្រី ផង់ សាឃឿន ដែលបាត់បង់កូនស្រីពីរនាក់ និងម្នាក់ទៀតរងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រុងវៀតណាមនោះ រៀបរាប់ថា ពួកគាត់មិនទាន់សម្រេចគ្នានៅឡើយទេថា គួរទទួលយក ឬមិនទទួលយក។ ប៉ុន្តែលោកស្រីបន្ថែមថា ពួកគាត់ចង់បានសំណងគ្រប់ចំនួនតែក្នុងពេលតែមួយ ទោះបីជាពួកគាត់ត្រូវរង់ចាំដល់ ១៥ថ្ងៃទៀតនោះក្តី៖ «ប្រជាពលរដ្ឋគាត់ចង់បានមូលតែម្ដង»។
កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចឲ្យក្រុមហ៊ុនវៀតណាម ផ្ដល់សំណងដល់គ្រួសារអ្នកស្លាប់ចំនួន ១៩នាក់ ក្នុងម្នាក់ត្រូវទទួលបានសំណង ១២លានរៀល (ប្រមាណ ៣.០០០ដុល្លារ) និងអ្នករងរបួសត្រូវទទួលបានសំណងចន្លោះពី ៦លាន ដល់ ១០លានរៀលតាមស្ថានភាពរបួសធ្ងន់ស្រាល។
ចំណែកអ្នកបើកបររថយន្តដែលជាជនជាតិវៀតណាម នោះ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនមានចេតនាចង់បញ្ចប់រឿងដោយអនុវត្តតាមសាលក្រមសាលាដំបូងខេត្តស្វាយរៀង នោះ ភាគីក្រុមហ៊ុន ១៥ អេស.អេច្ឆ មិនគួរផ្ដល់សំណងពាក់កណ្ដាលទុកពាក់កណ្ដាលសិននោះទេ គួរតែផ្ដល់សំណងជូនជនរងគ្រោះឲ្យបានគ្រប់ចំនួនដើម្បីជៀសវាងការភ័ន្តច្រឡំ និងការមិនទុកចិត្តគ្នា៖ «បើក្រុមហ៊ុនឲ្យគាត់យកប៉ុណ្ណឹង មានន័យថា គេមានចេតនាឲ្យតែប៉ុណ្ណឹង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីក្រុមហ៊ុនរថយន្តក្រុងវៀតណាម ១៥ អេស.អេច្ឆ បានទេ នៅថ្ងៃទី២៨ ខែធ្នូ។
ចំពោះការផ្ដល់សំណងនេះដែរ មេធាវីការពារក្ដីឲ្យជនរងគ្រោះមកពីមជ្ឈមណ្ឌលសាមគ្គីភាព អ្នកស្រី ហេង បុង មានប្រសាសន៍ថា ការផ្ដល់ប្រាក់សំណងនេះ គឺធ្វើឡើងតាមរយៈតុលាការដោយមានលិខិតប្រគល់ និងទទួលត្រឹមត្រូវ ដូច្នេះប្រហែលជាគ្មានការបោកប្រាស់នោះទេ៖ «មានតុលាការចូលរួម ហើយមានខ្ញុំដែរ អ៊ីចឹងខ្ញុំគិតថា ក្រុមហ៊ុនមិនបោកទេ»។
ក្រៅពីនេះទៀត ប្រជាពលរដ្ឋរងគ្រោះអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរ ជួយឃ្លាំមើលករណីនេះ និងត្រូវឲ្យក្រុមហ៊ុនឡានក្រុងរបស់វៀតណាម ទទួលខុសត្រូវចំពោះការផ្ដល់សំណងជួនពួកគាត់។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ រថយន្តក្រុងវៀតណាម បានបើកបុករថយន្តដឹកកម្មកររោងចក្រ នៅចំណុចភូមិដើមពោធិ៍ ក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់កាលណោះ បានផ្ដាច់ជីវិតកម្មករ-កម្មការិនី ចំនួន ១៩នាក់ និង ២០នាក់រងរបួសបាក់ដៃ បាក់ជើង និងប៉ះទង្គិចក្បាល។ បច្ចុប្បន្ន ស្ថានភាពអ្នករងរបួសខ្លះនៅមិនទាន់បានធូរស្បើយ ហើយខ្លះទៀតបាត់បង់ស្មារតីក្លាយទៅជាមនុស្សវិកលចរិត ធ្វើការអ្វីមិនកើតឡើយ។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នោះមក គ្រួសារជនរងគ្រោះមួយចំនួនកំពុងជំពាក់បំណុលធនាគារវ័ណ្ឌក ព្រោះបាត់បង់អ្នករកចំណូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
