មន្ត្រីសង្គមស៊ីវិលក្នុងខេត្តស្វាយរៀង អំពាវនាវឱ្យរដ្ឋាភិបាលបង្ក្រាបសកម្មភាពជនជាតិវៀតណាម លក់សន្លឹកឆ្នោតដោយខុសច្បាប់ និងកំពុងបង្កអោយមានផលប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងស្របពេលដែលជនជាតិវៀតណាម មានចំនួនកាន់តែច្រើនឡើងៗ បានឆ្លងចូលមករស់នៅ និងដើរលក់ឆ្នោតទូទាំងខេត្តស្វាយរៀង ក្នុងតម្លៃ ១សន្លឹក ២ពាន់រៀល ឬស្មើ ១ម៉ឺនដុង ជារៀងរាល់ថ្ងៃ។
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការឆ្លងចូលមករស់នៅ និងប្រកបរបរលក់ឆ្នោតនៅក្នុងទឹកដីខេត្តស្វាយរៀង បានដោយសេរីរបស់ពលរដ្ឋវៀតណាម ដោយពុំមានការបង្ក្រាប ថាជាការបណ្ដែតបណ្ដោយមិនយកចិត្តទុកដាក់អនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា ជនជាតិវៀតណាម ទាំងនោះ ពុំសូវចេះនិយាយភាសាខ្មែរ និងខ្លះទៀតស្ទើរតែមិនចេះសោះ មកប្រកបរបររកស៊ីដោយខុសច្បាប់ក្នុងទឹកដីខ្មែរ រាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ ពិសេសគឺមុខរបរលក់សន្លឹកឆ្នោត និងកន្ទុយលេខ។ លោករិះគន់អាជ្ញាធរខេត្តនេះថា បណ្ដោយឱ្យជនជាតិវៀតណាម លក់ដោយសេរី មិនទប់ស្កាត់។
លោកថា បើរដ្ឋាភិបាលនៅតែព្រងើយកន្តើយ មិនចាត់វិធានការតាមផ្លូវច្បាប់ទេ នឹងបង្កជាគុណវិបត្តិធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងលំហូរនៃជនអន្តោប្រវេសន៍ផង៖ «ចេញចូលរកស៊ីរយៈពេល ១ថ្ងៃហ្នឹងទេ គឺគាត់អត់មានអីទាំងអស់ មានទាំងម៉ូតូមានស្លាកលេខវៀតណាម។ បើតាមការវិភាគមែនទែន គឺមកខុសច្បាប់»។
លោក នុត បូពិណ្ណារ័ត្ន រិះគន់ការអនុវត្តច្បាប់សមត្ថកិច្ចនេះថា មិនតម្លាភាព ស្របពេលដែលមានស្ត្រីជនជាតិខ្មែរ ២នាក់ កាលពីដើមឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ និងត្រូវជាប់ពន្ធនាគារ ៣ខែ ទាក់ទិនការលក់ឆ្នោតកន្ទុយលេខ ចំណែកជនជាតិវៀតណាម លោកពុំឃើញមានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបឡើយ។
និស្សិតម្នាក់ដែលកំពុងសិក្សានៅសកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង លោក សូ ឡី។ លោកបារម្ភថា ការព្រងើយកន្តើយមិនបង្ក្រាបបទល្មើសដែលបង្កដោយជនជាតិវៀតណាម គឺហាក់បីដូចជាប្រទេសមានច្បាប់តែមិនអនុវត្ត។
លោកថា បញ្ហានេះ គឺជាការទទួលខុសត្រូវទៅអាជ្ញាធរខេត្ត និងមន្ត្រីជំនាញថា មិនបានបំពេញកាតព្វកិច្ចអនុវត្តច្បាប់បានត្រឹមត្រូវ៖ «ខ្ញុំអង្គុយប្រហែលជា ៥-៦នាទី ទៅ ១០នាក់ហើយក្នុង១ថ្ងៃហ្នឹង ហើយក្នុង១ថ្ងៃហ្នឹងបើយើងអង្គុយមើលអន់ណាស់ក៏ ១០០ ទៅ ២០០នាក់ដែរ សម្រាប់យួន លក់ឆ្នោត»។
ជនជាតិវៀតណាមម្នាក់កំពុងជិះម៉ូតូលក់ឆ្នោតតាមផ្ទះ សម្ដែងឫកពាដូចជនជាតិខ្មែរ ហាក់មិនញញើតសមត្ថកិច្ច និយាយខ្មែរមិនសូវច្បាស់ថា លោកលក់ឆ្នោត ១សន្លឹកគាត់ចំណេញប្រាក់ ១០០រៀល ដូច្នេះគាត់លក់ក្នុង ១ថ្ងៃចាប់ពី ២០០សន្លឹក ទៅ ៤០០សន្លឹក៖ «៧ម៉ឺនដុល្លារ ១.៥០០លានដុង បើត្រូវ។ បើក (លុយ) ស្រុកវៀតណាម។ មួយថ្ងៃៗវាចេញ បីខែត្រ»។
អភិបាលរងក្រុងស្វាយរៀង លោក ខៀវ សារ៉ន ឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ថា បញ្ហានេះជាការទទួលខុសត្រូវចំពោះមន្ត្រីប៉ូលិសតាមព្រំដែន។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ឆ្នោតជាតិរបស់វៀតណាម គឺមានសុពលភាពត្រឹមតែប្រទេសវៀតណាម ទេ មិនអាចលក់ដល់កម្ពុជា ឡើយ។ លោកបន្តថា ការបណ្ដោយឲ្យឆ្នោតនេះលក់ដោយសេរី នឹងប៉ះពាល់ធ្ងន់ធ្ងរដល់មុខរបរការរស់ប្រជាពលរដ្ឋ។
លោកថា ឥទ្ធិពលរបស់វៀតណាម និងភាពអសកម្មដែលបណ្ដាលឲ្យសមត្ថកិច្ចមិនហានអនុវត្តច្បាប់ ដោយសារតែឥទ្ធិពលប្រទេសវៀតណាម៖ «ទី១ ឧទាហរណ៍ថា នៅពេលដែលអនុវត្តច្បាប់ឃើញថា មានការគំរាម ព្រមានដកតំណែងដល់មន្ត្រីប៉ូលិសជាដើមអ៊ីចឹង ទាំងអស់នេះហើយដែលវារួមផ្សំ វាកើតឡើងពីឥទ្ធិពលដ៏ធ្ងន់ធ្ងរ»។
ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលរកឃើញថា សកម្មភាពលក់ឆ្នោតខុសច្បាប់នេះកើតមានដោយសារតែមានការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាអ្នកកាង រួមទាំងមន្ត្រីធំៗក្នុងខេត្តស្វាយរៀង ផង។ ប្រសិនបើមន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានណាម្នាក់ចេញមុខបង្ក្រាបជនជាតិវៀតណាម លក់ឆ្នោតនេះ នឹងអាចប្រឈមដកពីតំណែង។
សន្លឹកឆ្នោតរបស់ប្រទេសវៀតណាម សរសេរជាភាសាវៀតណាម (XỔ SỐ KIẾN THIẾT Long An) ដែលបកប្រែជាភាសាខ្មែរថា សន្លឹកឆ្នោតខេត្តឡុងអាង ជាខេត្តជាប់ខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
