សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ចាប់​មនុស្ស​ម្នាក់​ពី​បទ​ឆបោក​ប្រាក់​ពលរដ្ឋ​ជាង​៦០០​នាក់

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង បាន​ចាប់​ខ្លួន​មនុស្ស​ម្នាក់​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​តុលា ពី​បទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ជាង ៦០០​នាក់ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​ស្រុក​មេសាង ខេត្ត​ព្រៃវែង។

សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ឈ្មោះ ហួត សំរិត ជា​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ ហួត សំរិត បញ្ជូន​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ហើយ។ ចំណែក​ឯ​សមត្ថកិច្ច មិន​ទាន់​អត្ថាធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទាក់ទង​នឹង​ករណី​នេះ ដោយ​កំពុង​ស៊ើបសួរ។

ពលរដ្ឋ​ដែល​អះអាង​ថា​ជា​អ្នក​ចាញ់​បោក​គេ​នោះ បាន​បំភ្លឺ​ថា ពលរដ្ឋ​ជាង ៦០០​នាក់ នៅ​ក្នុង​ស្រុក​ពីរ គឺ​បាន​ចាញ់​បោក លោក ហួត សំរិត សរុប​ជា​ប្រាក់​ចំនួន​ជាង ៤៥​ម៉ឺន​ដុល្លារ​អាមេរិក។

លោក ថុន សុខនី រស់នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា លោក​បាន​ដាក់​ដើម​ទុន​ចំនួន ៩​ពាន់​ដុល្លារ​អាមេរិក ហើយ​មូលហេតុ​ដែល​ពលរដ្ឋ​ប្រមូល​គ្នា​យក​ប្រាក់​ទៅ​ឲ្យ លោក ហួត សំរិត នោះ គឺ​ម្ចាស់​ក្រុមហ៊ុន​ប្រាប់​ពលរដ្ឋ​ថា ទិញ​ភាគហ៊ុន​ដោយ​សង​ការ​ប្រាក់ ៥% នៃ​ប្រាក់​ដើម​ជា​រៀង​រាល់​ខែ។ ប៉ុន្តែ​សម្រាប់​ពីរ ឬ​បី​ខែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​មិន​បាន​ទូទាត់​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ទេ។

លោក ថុន សុខនី៖ «ក្រុមហ៊ុន​ហ្នឹង​បើ​និយាយ​ទៅ គាត់​និយាយ​ចេញ​មក​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ទុក​ចិត្ត​អ៊ីចឹង។ ដល់​ពេល​ចុង​ក្រោយ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​បាន​ដាក់ ៣​ពាន់​ដុល្លារ​ទៀត គាត់​នឹង​ឧបត្ថម្ភ​ម៉ូតូ​ក្នុង​ម្នាក់ ១​គ្រឿង គឺ​ចាប់​ពី ៣​ពាន់​ដុល្លារ​ឡើង​ទៅ ហើយ​បាន​មែន! តែ​ដល់​ថ្ងៃ​ចែក​ម៉ូតូ សុទ្ធតែ​អ្នក​ធំៗ​គេ​មក​ចែក​ម៉ូតូ​ឲ្យ​អ៊ីចឹង។ ដល់​ពេល​ផុត​ពី​ហ្នឹង​ទៅ បែរ​ជា​គេ​ថា ក្រុមហ៊ុន​គេ​ក្ស័យ​ធន​ឯណា ខាត​បង់​ថវិកា​អ៊ីចឹង​ណា អត់​បាន​បើក​ឲ្យ​ប្រជាជន​វិញ​ទេ»

បុគ្គលិក​របស់​ក្រុមហ៊ុន​ម្នាក់​បាន​ថ្លែង​ថា ករណី​នេះ លោក ហួត សំរិត នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សង​ប្រាក់​ដល់​ពលរដ្ឋ​វិញ ប៉ុន្តែ​ការ​សង​នោះ គឺ​ធ្វើ​តាម​ដំណាក់​កាល​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​យល់​ព្រម។

ពលរដ្ឋ​ដែល​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន ហួត សំរិត ថ្លែង​ថា ពលរដ្ឋ​កំពុង​រងគ្រោះ​ពីរ​ដង​ជាន់​គ្នា គឺ​ទី​១ មិន​បាន​ការ​ប្រាក់ និង​ប្រាក់​ដើម​មក​វិញ ហើយ​ទី​២ គឺ​មាន​ពលរដ្ឋ​ខ្លះ​លក់​ដី ឬ​បញ្ចាំ​ដី និង​ផ្ទះ​នៅ​ធនាគារ ហើយ​ធនាគារ​កំពុង​តែ​រឹប​អូស​បណ្ដើរៗ​ហើយ។

ទោះ​យ៉ាង​ណា ពលរដ្ឋ​ដែល​ចាញ់​បោក​គេ​ទាំង​នោះ ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខ្លួន​រស់នៅ គឺ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដើម្បី​ដោះស្រាយ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។