ពលរដ្ឋជាង ២០០នាក់ នៅឃុំក្រោលគោ ខេត្តស្វាយរៀង តវ៉ាជាថ្មីទៀតនៅសាលាឃុំដោយជំរុញឱ្យអាជ្ញាធរអគ្គិសនី អន្តរាគមន៍ទៅម្ចាស់អគ្គិសនីឯកជននៅទីនោះសើរើឡើងវិញពីភាពមិនប្រក្រតីធ្ងន់ធ្ងរនៃកុងទ័រអគ្គិសនី។ ការតវ៉ាកើតឡើងជាថ្មីនេះ បន្ទាប់ពីពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយនៅឡើយពីបញ្ហាកុងទ័រភ្លើងដើរលឿនខុសធម្មតា ចំណែកពលរដ្ឋម្ចាស់អ្នកប្រើប្រាស់មិនមានលទ្ធភាពសងថ្លៃសេវាអគ្គិសនីនៅខែឧសភា នេះ។
ចំណែកម្ចាស់អគ្គិសនីឯកជននៅតែប្រកាន់ជំហរថា នឹងផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ន បើពលរដ្ឋណាមិនទូទាត់ទាត់ថ្លៃសេវាប្រើប្រាស់អគ្គិសនីបានគ្រប់ចំនួននោះទេ។
ការចូលរួមដោះស្រាយបញ្ហាអគ្គិសនីនៅព្រឹកថ្ងៃទី២៥ ខែឧសភា មានការចូលរួមពីម្ចាស់អគ្គិសនីឯកជន អាជ្ញាធរអគ្គិសនី និងអភិបាលស្រុកស្វាយជ្រំ។
មេឃុំក្រោលគោ លោក ម៉ែន លុន ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ថា នៅរសៀលថ្ងៃទី២៥ ខែឧសភា នេះ អាជ្ញាធរអគ្គិសនីបានដោះកុងទ័រអគ្គិសនីពលរដ្ឋ ៦គ្រួសារដើម្បីត្រួតពិនិត្យ ប៉ុន្តែនៅមិនទាន់មានលទ្ធផលនៅឡើយនៅរសៀលថ្ងៃទី២៥ ខែឧសភា នេះ។ លើសពីនេះលោកស្នើឲ្យម្ចាស់អគ្គិសនីឯកជន និងប្រជាពលរដ្ឋដោះស្រាយបញ្ហានេះដោយសន្តិវិធី៖ «មិនដឹងធ្វើម៉េចដែរ ខ្ញុំមិនដឹងដោះស្រាយរបៀបម៉េចដែរដល់អ៊ីចឹង ព្រោះអាហ្នឹងការព្រមព្រៀង»។
ក្រុមប្រជាពលរដ្ឋស្នើឱ្យម្ចាស់អគ្គិសនីបន្ធូរបន្ថយតម្លៃអគ្គិសនីខ្លះដើម្បីឱ្យពួកគាត់មានលទ្ធភាពបង់ប្រាក់ឲ្យខាងក្រុមហ៊ុន។ ទាក់ទងបញ្ហានេះ ពលរដ្ឋអះអាងថា កន្លងមកពួកគាត់ធ្លាប់ប្រើថាមពលអគ្គិសនីជាតាមធម្មតាអស់ប្រមាណ ៥ម៉ឺនរៀលក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្នកើនដល់ទៅជាង ២០ម៉ឺនរៀល ក្នុងខែឧសភា នេះ ដែលជាតម្លៃហួសពីសមត្ថភាពរបស់ពួកគាត់ ដែលមានមុខរបរធ្វើស្រែ។
តំណាងពលរដ្ឋម្នាក់ រស់នៅឃុំក្រោលគោ គឺលោក ជា ឆាយ។ លោកថ្លែងថា ពលរដ្ឋពុំមានលទ្ធភាពបង់ថ្លៃសេវាអគ្គិសនីទេបន្ទាប់ពីតម្លៃអគ្គិសនីឡើងខ្ពស់៖ «ខែមុនបង់អស់តែ ៥ម៉ឺនទេ ហើយខែហ្នឹងអស់ ២០ម៉ឺន ម្យ៉ាងភ្លើងគាត់ប្រើដូចនៅដដែលគ្មានបន្ថែមអី អ៊ីចឹងទេ»។
បុរសដដែលបន្តថា ពលរដ្ឋអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍បញ្ហាមួយចំនួន រួមមាន អគ្គិសនីច្រើនដាច់ញឹកញាប់ ភាពមិនប្រក្រតីនៃកុងទ័រអគ្គិសនីដើរលឿន បញ្ហាតម្លៃថ្លៃ ការផាកពិន័យចំពោះការបង់ប្រាក់យឺតយ៉ាវ និងពាក្យសំដីមិនសមរម្យពីបុគ្គលិកអគ្គិសនីក្រោលគោ។ ក្រុមពលរដ្ឋរកឃើញថា អគ្គិសនីដាច់ញឹកញាប់ ងាយឲ្យកុងទ័រអគ្គិសនីកើនឡើងខ្លាំង ជាក់ស្ដែងអគ្គិសនីសព្វថ្ងៃច្រើនដាច់ញឹកញាប់។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ម្ចាស់អគ្គិសនីឯកជនឃុំក្រោលគោ លោក ស៊ន ស៊ីផាត ប្រកាន់ជំហរមិនចុះតម្លៃអគ្គិសនីតាមការស្នើសុំរបស់ពលរដ្ឋឡើយ ព្រោះនេះជាតម្លៃដែលបានកំណត់ដោយអាជ្ញាធរអគ្គិសនីកម្ពុជា។
លោកថា កុងទ័រអគ្គិសនីដើរលឿន ឬយឺតឋិតនៅលើអ្នកប្រើប្រាស់ប៉ុណ្ណោះ៖ «អាជ្ញាធរកំណត់លក់តម្លៃប៉ុន្មាន? គឺខ្ញុំលក់តាមផ្លូវច្បាប់ ខាងអាជ្ញាធរអគ្គិសនីកម្ពុជា គាត់ជាអ្នកការងារផ្លូវច្បាប់ឱ្យប្រជាពលរដ្ឋទាំងអ្នកអាជីវករទាំងអស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីអាជ្ញាធរខេត្តស្វាយរៀង បានទេ នៅថ្ងៃទី២៥ ខែឧសភា។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលអង្កេតឃើញថា បញ្ហាកុងទ័រអគ្គិសនីកើតមានឡើយស្ទើរទូទាំងប្រទេសនៅមិនទាន់មានដំណោះស្រាយណាមួយពីរដ្ឋាភិបាល។ បន្ថែមពីលើនេះទៀត ការដោះកុងទ័រអគ្គិសនីដើម្បីត្រួតពិនិត្យ មិនមែនជាវិធីសាស្ត្ររកឃើញការពិតឡើយ។ យ៉ាងណាដើម្បីរកឱ្យឃើញបញ្ហានេះ ទាល់តែត្រូវមានអ្នកជំនាញផ្នែកអគ្គិសនីប្រើឧបករណ៍តាមដានចរន្តអគ្គិសនីដោយឯករាជ្យ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរអគ្គិសនីគួរចាត់វិធានការតាមផ្លូវច្បាប់ចំពោះសេវាឯកជនណា ដែលមានចេតនាកេងចំណេញប្រាក់ពីពលរដ្ឋតាមរយៈកុងទ័រអគ្គិសនីនេះ។ លោកកត់សម្គាល់ថា រដ្ឋាភិបាលនៅមិនទាន់អនុវត្តតាមច្បាប់ចំពោះបុគ្គលមានចេតនាកេងចំណេញដោយបន្លំ។
លោកថា បើនៅតែបណ្ដោយឱ្យបញ្ហានេះកើតមាន នឹងបង្កជាគុណវិបត្តិធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋជាដើម៖ «បើឃើញអស់ច្រើនត្រូវមានការសង្ស័យ មិនមែនបានន័យថា អគ្គិសនីកម្ពុជា បានលុយច្រើន អ្នកម៉ៅការបន្តនាំគ្នាសប្បាយចិត្ត ឬក៏អគ្គិសនីខ្លួនឯងប្រមូលលុយបានសប្បាយចិត្ត»។
ពលរដ្ឋអះអាងថា អគ្គិសនីក្រោលគោ ជាអគ្គិសនីឯកជនដែលវិនិយោគបន្តពីអគ្គិសនីខែត្រព្រៃវែង តាំងពីឆ្នាំ២០០៧ ក្នុងតម្លៃ ១.៧០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងរហូតមកដល់ឆ្នាំ២០១០ ដល់បច្ចុប្បន្ន តម្លៃធ្លាក់មកដល់មកត្រឹម ១.០៥០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ចំណែកពលរដ្ឋរស់នៅភូមិឆ្ងាយតម្លៃអគ្គិសនីខ្ពស់ជាងនេះ។ យ៉ាងណាតម្លៃនេះរងការរិះគន់ថា ការវិនិយោគតម្លៃខ្ពស់ជាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត ពលរដ្ឋស្នើឱ្យអាជ្ញាធរអគ្គិសនីកំណត់តម្លៃអគ្គិសនី ដូចអគ្គិសនីរបស់រដ្ឋនៅស្រុកស្វាយជ្រំ និងទីរួមខេត្តស្វាយរៀង ១គីឡូវ៉ាត់ម៉ោង ៦៥០រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
