មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ បានអះអាងថា ឆមាសទី១ ឆ្នាំ២០១៥ បានប្រមូលពន្ធពីផ្នែកពាក់ព័ន្ធ ឬប្រជាពលរដ្ឋ កើនជាងឆ្នាំកន្លងទៅ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីស្ថាប័ននេះធ្វើការងារមានវិជ្ជាជីវៈ។
មន្ត្រីពន្ធដារ បានស្នើដល់ម្ចាស់ក្រុមហ៊ុន ឬអ្នករកស៊ីផ្សេងៗ ត្រូវភ្ញាក់រលឹក និងបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវតាមពេលវេលា និងតម្លៃដែលច្បាប់បានកំណត់ បើមិនដូច្នេះទេ នឹងត្រូវរងការផាកពិន័យចំពោះកំហុសឆ្គងរបស់ខ្លួន។
ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក នុត វុត្ថា បង្ហាញរបាយការណ៍ថា ៦ខែដើមឆ្នាំ២០១៥ នេះ ស្ថាប័នខ្លួនប្រមូលពន្ធពីផ្នែកពាក់ព័ន្ធមានចំនួនជាង ៣លានដុល្លារសហរដ្ឋអាមេរិក គឺកើនលើសឆ្នាំ២០១៤ ជាង ៧០ម៉ឺនដុល្លារ។ ឆ្នាំ២០១៤ ប្រមូលពន្ធបានជាង ២លានដុល្លារទេ បើគិតរយៈពេល ៦ខែដើមឆ្នាំដូចគ្នា។
លោកអះអាងថា ការប្រមូលចំណូលពន្ធរដ្ឋបានកើនខ្ពស់នេះ ដោយសារតែម្ចាស់ក្រុមហ៊ុន ឬប្រជាពលរដ្ឋ បានភ្ញាក់រលឹកចូលរួមបង់ពន្ធបានតាមពេលវេលាដែលច្បាប់ពន្ធដារបានកំណត់ និងគួបផ្សំមន្ត្រីពន្ធដារខេត្តព្រះសីហនុ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌ត្រឹមត្រូវ៖ «៦ខែឆ្នាំ២០១៥ នេះ សាខាពន្ធដារខេត្តព្រះសីហនុ គឺប្រមូលពន្ធគិតជាលុយដុល្លារបានជាង ៣លានដុល្លារ។ ហើយបើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៤ គឺកើនជាង ៧០ម៉ឺនដុល្លារអាមេរិក»។
លោក នុត វុត្ថា ថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងអាករលើតម្លៃបន្ថែម នាសណ្ឋាគារខ្សាច់មាស ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ដោយមានតំណាងក្រុមហ៊ុន ពាណិជ្ជករ ឬប្រជាពលរដ្ឋរាប់រយនាក់ចូលរួម។
ទន្ទឹមគ្នានេះ លោក នុត វុត្ថា បានស្នើដល់ផ្នែកពាក់ព័ន្ធ ត្រូវចូលរួមកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយត្រូវសហការជាមួយសាខាពន្ធដារខេត្តព្រះសីហនុ ឲ្យបានតាមពេលវេលា និងស្របតាមឯកសារច្បាប់ពន្ធដារបានកំណត់ បើមិនដូច្នេះទេ នឹងរងនូវការផាកពិន័យផ្សេងៗ ដោយសារកំហុសឆ្គងរបស់ខ្លួន។
ទាក់ទិនបញ្ហានេះដែរ លោក គូ ម៉ាហ្គាយ (Ku Magai) តំណាងអង្គការចៃកា ជប៉ុន (JICA) និងជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍សមត្ថភាព និងព័ត៌មានវិទ្យាសម្រាប់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមក្នុងសិក្ខាសាលា ឲ្យដឹងថា រាល់ការអភិវឌ្ឍវិស័យផ្សេងៗនៅកម្ពុជា មានដូចជា សាលារៀន ផ្លូវថ្នល់ ការបើកប្រាក់ខែជូនមន្ត្រីរាជការ និងវិស័យផ្សេងទៀត គឺត្រូវពឹងផ្អែកទៅលើចំណូលពន្ធដារ។ អ្នកជំនាញរូបនេះ បានស្នើដល់តំណាងក្រុមហ៊ុន ឬប្រជាពលរដ្ឋ បើមានចម្ងល់ទៅលើកាតព្វកិច្ចនៃការបង់ពន្ធរបស់ខ្លួន អាចចូលទៅបើកមើលគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះច្បាប់ផ្សេងៗមានបង្ហោះ ឬដាក់ចូលទៅក្នុងគេហទំព័ររបស់ស្ថាប័ននេះ។
បន្ថែមលើនេះ លោក អឿ សំរិទ្ធ អនុប្រធាននាយកដ្ឋានសេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងអាករលើតម្លៃបន្ថែមនេះដែរ បានណែនាំដល់តំណាងក្រុមហ៊ុន ឬប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មទាំងអស់ បើមានចម្ងល់ ឬមានពាក្យបណ្ដឹងអ្វីមួយទាក់ទងកាតព្វកិច្ចបង់ពន្ធ ឬមានការគាបសង្កត់អ្វីមួយពីមន្ត្រីពន្ធដារ ត្រូវដាក់ពាក្យបណ្ដឹងជាបន្ទាន់ ឬចូលទៅក្នុងគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអានកាតព្វកិច្ចនៃការបង់ពន្ធទៅតាមតម្លៃនីមួយៗដែលរដ្ឋបានកំណត់៖ «ឯកសារពាក់ព័ន្ធលើអាករលើតម្លៃបន្ថែម និងឯកសារច្បាប់ ឬសេចក្តីជូនដំណឹងផ្សេងៗទាក់ទងពន្ធដារ គឺយើងមានដាក់ជូន ឬបង្ហោះនៅក្នុងវេបសាយ (website) របស់នាយកដ្ឋានពន្ធដារទាំងអស់ គឺតាមរយៈអាសយដ្ឋាន www.tax.gov.kh»។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុន ឬប្រជាពលរដ្ឋមួយចំនួននាខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគេបានជួបផលវិបាកច្រើនក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ។ ផលវិបាកទាំងនោះ កើតឡើងដោយសារតែស្ថាប័នពន្ធដារ មិនបានបង្ហាញឯកសារកំណត់តម្លៃបង់ពន្ធទៅតាមទំហំនៃការធ្វើអាជីវកម្មនៃការបង់ពន្ធឲ្យបានទូលំទូលាយនោះទេ ប៉ុន្តែការចោទនេះ ត្រូវមន្ត្រីពន្ធដារសាខាខេត្តព្រះសីហនុ ថ្លែងថា ការយកតម្លៃពន្ធដារទៅលើតម្លៃសេវាផ្សេងៗ គឺបានកំណត់ដោយច្បាប់ និងមានឯកសារផ្តល់ជូនទៅម្ចាស់អាជីវកម្មទាំងនោះគ្រប់ចំនួន។
ត្រង់ចំណុចនេះ លោក អឿ សំរិទ្ធ សង្កត់ធ្ងន់ថា បើប្រជាពលរដ្ឋ ឬតំណាងក្រុមហ៊ុននីមួយៗមានកង្វល់ ឬចម្ងល់អ្វីមួយទាក់ទងទៅនឹងការបង់ពន្ធ អាចដាក់ពាក្យប្ដឹងទៅកាន់ស្ថាប័ននេះ ដើម្បីរកដំណោះស្រាយជាបន្តទៀត។
បញ្ហាចំណូលពន្ធកើនខ្ពស់នៅតាមស្ថាប័នមួយចំនួននាខេត្តព្រះសីហនុ លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្លាប់ឲ្យដឹងថា ចំណូលពន្ធដារ ឬពន្ធគយដែលប្រមូលបានកើនខ្ពស់នាខេត្តទេសចរណ៍មួយនេះ អាចបណ្ដាលមកពីការធ្វើកំណែទម្រង់របស់ប្រមុខរដ្ឋាភិបាលក្នុងអាណត្តិទី៥ និងម្យ៉ាងទៀត អាចដោយសារថ្នាក់ដឹកនាំស្ថាប័ននេះ បានរឹតបន្តឹងការអនុវត្តច្បាប់បង់ពន្ធទៅលើប្រជាពលរដ្ឋ ឬតំណាងក្រុមហ៊ុននានា ដែលជាប់កាតព្វកិច្ចបង់ពន្ធរដ្ឋស្របតាមច្បាប់កំណត់ ជាពិសេសទំនងជាថ្នាក់ដឹកនាំមន្ត្រីស្ថាប័ននេះ បានលុបបំបាត់អំពើពុករលួយ ដែលធ្លាប់កើតមានក្នុងវិស័យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។