អង្គការសង្គមស៊ីវិលវាយតម្លៃថា គោលការណ៍ថ្មីរបស់មន្ត្រីពន្ធដារដែលសម្រេចលក់សន្លឹកពន្ធផ្លូវតាមសេវាធនាគារឯកជនជាការប្រសើរ ដើម្បីកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមួយចំនួន។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ដោយចាត់ទុកគោលការណ៍ថ្មីនោះ ថាអាចកាត់បន្ថយអំពើខិលខូចរបស់មន្ត្រីពន្ធដារមួយចំនួនដែលតែងលក់សន្លឹកពន្ធយកតម្លៃលើសពីការកំណត់។ តម្លៃដាក់លក់នៅតាមធនាគារ ជាតម្លៃជាក់លាក់មួយដោយមិនមានការផ្ដល់សេវាក្រោមតុ ឬក្រៅផ្លូវការ ដូចការទិញសន្លឹកពន្ធដែលដាក់លក់នៅតាមសាខាពន្ធដារនានា ឬតាមផ្លូវសាធារណៈដូចរាល់ឆ្នាំនោះឡើយ។
លោក វន់ ពៅ បន្តថា ការផ្ដល់សិទ្ធិផ្ដាច់មុខឲ្យធនាគារអេស៊ីលីដា (ACLEDA) លក់សន្លឹកពន្ធផ្លូវក៏អាចបង្កភាពងាយស្រួលដល់ពលរដ្ឋច្រើន ព្រោះធនាគារមួយនេះ មានសាខានៅទូទាំងប្រទេស៖ «ឃើញថាងាយស្រួលក្នុងការទិញ ដោយសារធនាគារអេស៊ីលីដា នៅគ្រប់ទិសទីទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្នុងតំបន់នៅប្រជុំជនមួយចំនួន នេះជាចំណុចប្រសើរមួយដែរ។ យើងមើលឃើញផងដែរ ជៀសវាងមន្ត្រីខិលខូចមួយចំនួនដែលឆ្លៀតឱកាសក្នុងការយកលុយលើសពីប្រជាពលរដ្ឋ»។
យ៉ាងនេះក្តី លោក វន់ ពៅ កត់សម្គាល់ថា គោលការណ៍ថ្មីនេះនៅមានចំណុចខ្វះខាតមួយចំនួន រួមមានការមិនបានផ្សព្វផ្សាយពីព័ត៌មានឲ្យបានទូលាយអំពីការលក់សន្លឹកពន្ធនៅតាមធនាគារ និងមួយទៀត ការលក់សន្លឹកពន្ធនោះ គឺលក់សម្រាប់ពន្ធម៉ូតូប៉ុណ្ណោះ។ ចំពោះពន្ធរថយន្តវិញ អ្នកប្រើប្រាស់ត្រូវទៅបង់ពន្ធនៅទីស្នាក់ការ ឬសាខាពន្ធដារដដែល។
ជុំវិញបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា មន្ត្រីពន្ធដារនៅតែទុកផ្លូវមួយសម្រាប់ខ្លួន ដើម្បីអាចកេងចំណេញលើការប្រមូលពន្ធផ្លូវពីប្រជាពលរដ្ឋ។ លោកបន្តថា ប្រសិនបើមន្ត្រីពន្ធដារមានឆន្ទៈបំបាត់អំពើពុករលួយក្នុងវិស័យនេះមែន ភារៈប្រមូលពន្ធទាំងម៉ូតូ និងរថយន្ត គួរផ្ដល់សិទ្ធិឲ្យសេវាឯកជន ឬឯកជនភាវូបនីយកម្ម ដើម្បីបង្កើនប្រសិទ្ធភាពទាំងពេលវេលា ភាពងាយស្រួល និងការកាត់បន្ថយអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។
លោក យង់ គិមអេង៖ «រដ្ឋនៅតែមានការចង់ទុកផ្ដល់ខ្លួនឯងខ្លះវិញ។ គាត់ (មន្ត្រីពន្ធដារ) ផ្ដល់គួរតែផ្ដល់ឲ្យទាំងអស់ កុំឲ្យខាតពេលវេលា។ បើគាត់មានម៉ូតូមួយឡានមួយ ម្ដងគាត់ទៅបង់ពន្ធម៉ូតូនៅធនាគារ ម្ដងទៀតគាត់ត្រូវទៅបង់នៅសាខាពន្ធដារដែលជាបញ្ហាលំបាក»។
អនុប្រធាននាយកដ្ឋានច្បាប់ និងវិវាទនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អោម ចន មិនបានពន្យល់ឲ្យលំអិតពីគោលការណ៍ដែលបានដាក់លក់ពន្ធផ្លូវតាមសេវាធនាគារឯកជនឡើយ ដោយបញ្ជាក់យ៉ាងខ្លីថា នេះផែនការបើកទូលាយ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៣ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែកក្កដា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ពាក់ព័ន្ធការលក់ពន្ធផ្លូវម៉ូតូនៅធនាគារអេស៊ីលីដា បានទេ នៅថ្ងៃទី២៨ ខែមេសា ដោយលោកបានបិទទូរស័ព្ទ។ ក្រៅពីការផ្ដល់សេវាលក់ពន្ធផ្លូវ ធនាគារមួយនេះក៏បានបម្រើសេវាអតិថិជនលើផ្នែកបង់ភ្លើងរបស់រដ្ឋ និងសេវាប្រមូលសំរាមដែរ។
កាលពីឆ្នាំ២០១០ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ាន់ស្មានថា កម្ពុជាត្រូវខាតបង់ប្រាក់ ១លានដុល្លារក្នុងមួយឆ្នាំៗ លើការសូកលុយក្រោមតុ ឬបង់ពន្ធផ្លូវលើសតម្លៃកំណត់។ អង្គការនេះស្រាវជ្រាវរកឃើញភាពមិនប្រក្រតីរបស់មន្ត្រីពន្ធដារជាង ៩០ករណី ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយមានមន្ត្រីពន្ធដារខ្លះត្រូវបញ្ឈប់ និងខ្លះទៀតទទួលពិន័យរដ្ឋបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
