មន្ទីរ​សាខា​ពន្ធដារ​​ខេត្ត​កំពត​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ពន្ធដារ

មន្ទីរ​សាខា​ពន្ធដារ​​ខេត្ត និង​អាជ្ញាធរ​ខេត្ត​កំពត ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព ស្ដី​ពី​ការ​ចុះ​បញ្ជី​ពន្ធដារ​នៅ​ទូទាំង​ខេត្ត ដោយ​បាន​ប្រកាស​ដល់​តំណាង​ក្រុមហ៊ុន សហគ្រាស​ទាំង​អស់ ឲ្យ​ចាប់​ផ្ដើម​ចុះបញ្ជី​ពន្ធដារ​សារ​ឡើងវិញ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ តុលា តទៅ។

ប្រធាន​ផ្នែក​ចុះបញ្ជី​សាខា​ពន្ធដារ​ខេត្ត​កំពត លោក គង់ សុវ៉ាត បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​តាមសេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​៩ តុលា ឆ្នាំ ២០១៤៖ «ឥឡូវ​យើង​ឲ្យ​គេ​រៀបចំ​ផ្សាយ​ថ្ងៃ​ហ្នឹង​នៅ​តាម​បណ្ដា​ស្រុក​គ្រប់​ទាំង​អស់។ សហគ្រាស​យើង​នៅ​ក្នុង​ខេត្ត​មាន​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន​អ្នក​រកស៊ី​មួយ​ចំនួន​ធំៗ»។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ធ្វើ​បច្ចុប្បន្នភាព ស្ដី​ពី​ការ​ចុះ​បញ្ជី​ពន្ធដារ​នេះ មាន​បំណង​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ចុះ​បញ្ជី​ពន្ធដារ និង​ផ្ដល់​សេវា ជូន​អ្នក​ជាប់​ពន្ធ​ឲ្យ​កាន់​តែ​ប្រសើរ។

ខេត្ត​កំពត​គឺ​ជា​ខេត្ត​ទេសចរណ៍​ជាប់​មាត់សមុទ្រ​មួយ ដែល​សម្បូរ​ទៅ​ដោយ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន រកស៊ី​ដោយ​ខ្មែរ​និង​បរទេស។

ក៏​ប៉ុន្តែ​ប្រធាន​សាខា​ពន្ធដារ​​ខេត្ត​កំពត លោក អ៊ូច គឹមស៊ាន បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​អំពី​ចំនួន​ ក្រុមហ៊ុន សហគ្រាស និង​ចំនួន​ទឹក​ប្រាក់​ប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ កន្លង​មក​នោះ​ទេ ដោយ​លោក​ឆ្លើយ​ថា ការ​ផ្ដល់​ព័ត៌មាន​អំពី​តួលេខ​ប្រាក់​ចំណូល​ពន្ធ និង​ចំនួន​ក្រុមហ៊ុន ធ្វើ​អាជីវកម្ម​នានា​នៅ​ក្នុង​ខេត្ត ជា​ការ​ខុសច្បាប់​ពន្ធដារ ព្រោះ​អ្នកយកព័ត៌មាន មិន​មាន​លិខិត​ឧទ្ទេសនាម អនុញ្ញាត​យក​ព័ត៌មាន​អំពី​រឿង​នេះ​ពី​ថ្នាក់​លើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។