កម្មករកម្មការិនីជាច្រើននាក់ បានសម្រុកមកភ្នំពេញវិញ បន្ទាប់ពីពិធីចូលឆ្នាំរួច បានត្អូញត្អែរពីការលំបាកពេលជិះតាក់ស៊ី។ ការត្អូញត្អែរនោះ ធ្វើឡើងបន្ទាប់ពីរថយន្តតាក់ស៊ី ដឹកអ្នកដំណើរប្រភេទ សាំងយ៉ុង (Sangyong) និងកាមរី (Camry) ជាដើមផ្ទុកមនុស្សច្រើនលើសកំណត់ ចង្អៀតណែន ខ្លះជិះលើដំបូល ដែលបង្កផលវិបាកដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង។
ក្រុមកម្មករកម្មការិនីទាំងនោះអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តល្មើសច្បាប់ទាំងនោះ។
កម្មករកម្មការិនីខេត្តព្រៃវែង និងខេត្តស្វាយរៀង អះអាងថា ពួកគេបានធ្វើដំណើរត្រឡប់មកភ្នំពេញ វិញ ភាគច្រើននៅថ្ងៃទី១៩ និងថ្ងៃទី២០ មេសា។ ប៉ុន្តែអ្វីដែលពួកគាត់បារម្ភចម្បង គឺការធ្វើដំណើរដោយពុំមានជម្រើស តម្រូវជិះតាក់ស៊ីដែលផ្ទុកមនុស្សចង្អៀតណែន ពោលគឺរថយន្ត១គ្រឿងផ្ទុកមនុស្សដល់ទៅជាង ៣០នាក់។
កម្មការិនីម្នាក់រស់នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កញ្ញា ម៉ោ សារាំ រៀបរាប់នៅថ្ងៃទី២០ មេសា ថា នាងបានធ្វើដំណើរដោយរថយន្តសាំងយ៉ុង ពីក្រោលគោឆ្ពោះមករាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ មេសា ដោយផ្ទុកមនុស្សជាង ៣០នាក់ ក្នុងនោះមានខ្លះជិះលើដំបូល ព្រមទាំងរានខាងក្រោយរថយន្ត ដែលជាហេតុអាចងាយប្រឈមនឹងគ្រោះថ្នាក់។
កញ្ញាបន្តថា ការធ្វើដំណើរពីខេត្តស្វាយរៀង មកដល់ភ្នំពេញ ពុំឃើញមានប៉ូលិសចរាចរណ៍ណាម្នាក់ឃាត់រថយន្តនេះដើម្បីផាកពិន័យនោះទេ ទោះបីការជិះលើដំបូលគឺខុសច្បាប់ក្តី។ កញ្ញាថា ការជិះក្នុងរថយន្តចង្អៀតណែន និងក្រៅហប់ មានពេលខ្លះចង់ក្អួតចង្អោរក៏មាន ដោយសារតែម្ចាស់រថយន្តមិនបានគោរពច្បាប់ចរាចរណ៍៖ «ចង្អៀត គាត់ដាក់អីវ៉ាន់ច្រើន ហើយណែនពេក វាក្ដៅ។ នៅលើដំបូលដឹងថា ៤ ហើយជិះនៅខាងមុននោះ ហើយខ្ញុំជិះនៅក្រោយ ១០នាក់ហើយ»។
កញ្ញា ម៉ោ សារាំ បន្ថែមទៀតថា បើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឲ្យបញ្ហានេះកើតមានទេ នោះជីវិតពលរដ្ឋខ្មែរនឹងត្រូវស្លាប់ជាបន្តបន្ទាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងភាពធូរលុងការអនុវត្តច្បាប់។
ទាក់ទិនបញ្ហានេះដែរ អនុប្រធានការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ លោក ប៉ែន ឃុន ឲ្យដឹងនៅថ្ងៃទី២០ មេសា ថា រថយន្តតាក់ស៊ីទាំងអស់ ដោយសារតែច្បាប់ចាស់ធូរលុង ដូច្នេះអ្នកបើករថយន្ត រួមទាំងអ្នករត់តាក់ស៊ីភាគច្រើនមិនគោរពត្រូវទទូលការផាកពិន័យតែ ៨ពាន់រៀល សម្រាប់រថយន្តធុនស្រាល ចំណែករថយន្តធុនធ្ងន់តែ ១៥.០០០រៀលប៉ុណ្ណោះ ធ្វើឲ្យម្ចាស់យានយន្តមិនរាងចាល។ ក៏ប៉ុន្តែច្បាប់ថ្មីដែលចុះជាធរមាន កាលពីដើមឆ្នាំ២០១៥ រង់ចាំអនុក្រឹត្យសិនទើបអនុវត្ត។
លោករំពឹងថា បើច្បាប់ថ្មីត្រូវបានគេយកមកអនុវត្ត នឹងធ្វើឲ្យមានភាពងាយស្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែច្បាប់ថ្មីត្រូវបានរឹតបន្តឹង៖ «ការវាកពិន័យអន្តរកាល អត់ទានមានអនុក្រឹត្យយើងផាកតាមច្បាប់ចាស់ដដែល។ មានន័យថា រាល់ថ្ងៃហ្នឹងយើងអនុវត្តតាមការផាកពិន័យទៅតាមច្បាប់ចាស់នៅឡើយ»។
បញ្ហាភាពធូរលុងនៃការបើកបរមន្ត្រីសង្គមស៊ីវិលរិះគន់ថា ការអនុវត្តច្បាប់ធូរលុង និងកត្តាកង្វះការអប់រំពីច្បាប់ចរាចរណ៍។
ទាក់ទិនបញ្ហានេះ ប្រធានសហជីពសេរីកម្មករ លោក ជា មុនី ថ្លែងថា អស់រយៈពេល ១០ឆ្នាំហើយ ការអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នករត់តាក់ស៊ីនៅតែបរាជ័យ។ លោកថា ការបរាជ័យនោះបណ្ដាលមកពីរដ្ឋាភិបាលមិនមានវិធានការច្បាស់លាស់ទៅលើអ្នកបើកបរ និងអ្នករត់តាក់ស៊ី។
លោកបន្តថា សុវត្ថិភាពរបស់កម្មករអាស្រ័យលើគោលនយោបាយដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាលដែលធានាថា នឹងអនុវត្តច្បាប់សុក្រឹត និងមានតម្លាភាព៖ «ក្នុងការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនហ្នឹងមានការឡើងថ្លៃ គឺរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើ ប៉ុន្តែរដ្ឋាភិបាលអត់ធ្វើ ដូច្នេះរដ្ឋាភិបាលនាយករដ្ឋមន្ត្រីមួយគាត់ស្រែងអំពាវនាវដល់អាជីវករដើម្បីកុំឲ្យឡើងថ្លៃអ៊ីចឹង អ៊ីចឹងគាត់ស្នើនឹងសង្គមស៊ីវិលដែរហ្នឹង»។
ក្នុងករណីនេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌ លោក ប៉ូ សំណាង មានប្រសាសន៍ថា អ្នកបើបរ និងអ្នកបញ្ជាយានយន្តនៅតាមដងផ្លូវ រួមទាំងអ្នកបើកតាក់ស៊ីមិនបានឆ្លងកាត់ការសិក្សាពីច្បាប់ជាបញ្ហាចម្បងបណ្ដាលឲ្យគាត់មិនគោរពច្បាប់ និងអាចងាយរងគ្រោះថ្នាក់។ លោកបន្តថា បើរដ្ឋាភិបាលមិនរកមធ្យោបាយបំផុសចលនាអប់រំស្ដីពីច្បាប់ចរាចរណ៍ទេ នោះការកើនឡើងនៃការស្លាប់ជីវិតមនុស្ស នឹងកើតទ្វេដងនៅពេលខាងមុខ។
លោកថា អាយុជីវិតពលរដ្ឋ រួមទាំងអ្នកធ្វើដំណើរពឹងផ្អែកទាំងស្រុងលើអ្នកបើកបរ បើអ្នកបើកបរមានភាពខ្វះចន្លោះនោះ ជីវិតអ្នកធ្វើដំណើរត្រូវប្រឈមនឹងការស្លាប់៖ «បើអ៊ីចឹងប្រទេសដ៏រុងរឿង គឺប្រទេសដែលមានការអប់រំផ្សព្វផ្សាយ»។
ស្រដៀងគ្នានេះដែរ របាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា មនុស្សចំនួន ៣៧នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ២៤៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥។ គោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងជាង ១០០ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
