តំណាងអ្នករត់ឡានតាក់ស៊ីខេត្តកំពត ជាង ១០នាក់ នៅថ្ងៃទី៦ តុលា បានស្វែងរកអន្តរាគមន៍ផ្នែកផ្លូវច្បាប់ពីមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តនេះឲ្យជួយដោះស្រាយរឿងម្ចាស់បេនឡាន បង្ខំឲ្យពួកគាត់បង់ថ្លៃភាស៊ីបេន ដែលពួកគាត់អះអាងថា ជារឿងខុសទៅនឹងសេចក្ដីប្រកាសកន្លងមករបស់លោកអភិបាលខេត្ត។
ក្រុមអ្នករត់ឡានតាក់ស៊ី បានតវ៉ាថា ពួកគាត់ត្រូវបានម្ចាស់ចំណតរថយន្តឈ្នួលក្រុងកំពត បង្ខំឲ្យបង់ថ្លៃបេនចាប់ពី ៦ពាន់ ដល់ជិត ១ម៉ឺនរៀលក្នុងមួយជើង ដោយពួកគាត់គ្រាន់តែដឹកអ្នកដំណើរពីតំបន់ផ្សេងៗ ឆ្លងកាត់ក្រុងកំពត តែប៉ុណ្ណោះ គឺពួកគាត់មិនប្រមូលដឹកអ្នកដំណើរនៅក្នុងក្រុងកំពត ទេ។
ក្រុមអ្នកតវ៉ា បានសំអាងទៅលើសេចក្ដីប្រកាសរបស់អភិបាលខេត្ត លោក ខូយ ឃុនហ៊ួរ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចទី២ ដែលបានសម្រេចថា គ្រប់រថយន្តតាក់ស៊ីទាំងអស់ដែលគ្រាន់តែឆ្លងកាត់ក្រុងកំពត ហើយមិនបានចាប់ម៉ូយ ឬដឹកអ្នកដំណើរចេញពីក្រុងកំពត មិនអនុញ្ញាតឲ្យបង់ភាស៊ីឡើយ។
អ្នកតវ៉ាម្នាក់ គឺលោក អ៊ឹម សុខចន អាយុ ៤១ឆ្នាំ រំឭកថា ទោះបីអ្នករត់តាក់ស៊ីទាំងអស់បង្ហាញសេចក្ដីប្រកាសដែលមានហត្ថលេខា និងត្រារបស់លោកអភិបាលខេត្តយ៉ាងណាក៏ដោយ ក៏ប៉ូលិសនៅតែទារលុយ ហើយថែមទាំងគំរាមឃាត់ខ្លួនតៃកុងឡាន ដែលបង្ហាញលិខិតនោះទៀតផង៖ «បើយើងអត់បង់ គេរកចាប់ឡាន ចាប់ឡានដូចថ្ងៃមុន ខ្ញុំយកក្រដាសឲ្យគេមើលគេអត់ព្រម គេរកវាយខ្នោះខ្ញុំ ហុចអាហ្នឹងឲ្យគេ គេរកវាយខ្នោះ និយាយជាមួយគេនិយាយមិនកើត យើងតែឯង ហើយខ្ញុំមិនសុខចិត្តត្រង់យើងយកភ្ញៀវក្រៅក្រុងមកប្រាប់ហើយ បង់បេន អាហ្នឹងខ្ញុំអត់ទេ»។
ចំណែកអ្នកតវ៉ាម្នាក់ទៀត គឺលោក ពេជ្រ ម៉ាថាន ដែលបានទៅប្ដឹងដល់អង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកំពត ជាមួយអ្នកតវ៉ាជាច្រើននាក់ទៀតនោះ ក៏អះអាងប្រហាក់ប្រហែលគ្នាដែរ៖ «ការឆ្លងកាត់នេះ ឧទាហរណ៍ថាយើងដឹកភ្ញៀវពីក្រុងកែប ឆ្លងកាត់ទៅក្រុងព្រះសីហនុ ចូលប្រាប់ប៉ុស្តិ៍ចំណតភាស៊ីថា ចំនួនអ្នកដំណើរ ៣ (នាក់) នៅក្នុងឡានហ្នឹង រួចមកក៏គេដាក់ថា ជំពាក់បំណុលគេមួយជើង អ៊ីចឹងចំនួនទឹកប្រាក់ហ្នឹង ៦.០០០រៀលឡានតូច តែចំពោះទួរីស ៩.០០០រៀល ដូចវាដាក់អន្ទាក់អ៊ីចឹង ខ្ញុំអាជីវករមិនសុខចិត្តទេ»។
ទន្ទឹមពេលនោះដែរ ក្រុមអ្នកតវ៉ាបានបង្ហាញលិខិតមួយច្បាប់ទៀត ទៅឲ្យមន្ត្រីសិទ្ធិមនុស្សលីកាដូ ដែលជាកិច្ចព្រមព្រៀងមួយមានស្នាមមេដៃ និងចុះហត្ថលេខារវាងអ្នកបើកបរតាក់ស៊ី និងនាយករដ្ឋបាលសាលាខេត្តកំពត លោក ស៊ឹម វុទ្ធា ដែលបញ្ជាក់អំពីលក្ខខណ្ឌធ្វើអាជីវកម្មរថយន្តឈ្នួលក្នុងក្រុងកំពត មានចែងលក្ខខណ្ឌ ៦ចំណុច ដែលមានចំណុចខ្លះមានខ្លឹមសារផ្ទុយពីសេចក្ដីប្រកាសរបស់លោកអភិបាលខេត្ត ខូយ ឃុនហ៊ួរ ទៅវិញ។ ឧទាហរណ៍ចំណុចទី៦ ចែងថា ពាក្យថា ឆ្លងកាត់ គឺមានន័យថា ចំនួនមនុស្សដដែលដូចគ្នាត្រង់ចំណុចចូល និងចំណុចចេញកន្លែងត្រួតពិនិត្យ ដែលអ្នករត់តាក់ស៊ីត្រូវបង់ប្រាក់។
មន្ត្រីអង្គការលីកាដូ ផ្នែកអង្កេតសិទ្ធិមនុស្ស លោក ម៉ម កេសី ដែលផ្ដល់ប្រឹក្សាផ្នែកច្បាប់ជាមួយក្រុមអ្នករត់តាក់ស៊ីទាំងនោះយល់ថា ការតវ៉ារបស់អ្នករត់តាក់ស៊ី គឺត្រឹមត្រូវតាមច្បាប់៖ «បន្ទាប់ពីមានការសម្រេចរបស់សាលាខេត្តត្រង់ចំណុចលេខ២ហ្នឹង គឺម្ចាស់ចំណតរថយន្តមិនអនុវត្តតាមការណែនាំរបស់សាលាខេត្តឡើយ ដោយភាគីចំណតរថយន្តហ្នឹងយកភាស៊ីរថយន្តណាឆ្លងកាត់ដដែល។ អ៊ីចឹងមានន័យថា ភាគីខាងចំណតរថយន្តមិនអនុវត្តតាមការសម្រេចរបស់សាលាខេត្ត ហើយសាលាខេត្តហាក់ដូចជាមិនទាន់មានវិធានការណាមួយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដើម្បីឲ្យភាគីម្ចាស់ចំណតរថយន្តអនុវត្តតាម ស.ជ.ណ របស់សាលាខេត្ត ដែលបានបោះត្រាចុះហត្ថលេខាដោយឯកឧត្ដម ខូយ ឃុនហ៊ួរ»។
ក៏ប៉ុន្តែ លោក ស៊ឹម វុទ្ធា នាយករដ្ឋបាលសាលាខេត្តកំពត ឲ្យដឹងថា តាមពិតទៅកន្លងមកភាគីទាំងពីរ គឺអ្នកបើកបររថយន្តឈ្នួល និងភាគីម៉ៅការភាស៊ី បានព្រមព្រៀងគ្នាតាមកិច្ចព្រមព្រៀងចុះថ្ងៃទី១០ កក្កដា ដែលមានរូបលោកជាអ្នកសម្របសម្រួលរួចហើយ តែក្រោយមកបែរជាមានអ្នកបើករថយន្តខ្លះផ្លាស់ចិត្តទៅវិញ តែលោកសន្យាថា លោកនឹងត្រៀមខ្លួនដោះស្រាយបន្តទៅទៀត ដោយឈរលើផលប្រយោជន៍របស់ភាគីទាំងពីរ មិនលម្អៀងទៅខាងណា៖ «សំឡេង»។
លោកបន្ថែមថា មានអ្នកបើកបររថយន្តឈ្នួលខ្លះបានបន្លំប្រមូលដឹកម៉ូយក្នុងក្រុង ហើយមិនបង់លុយបេន ដែលធ្វើឲ្យអ្នកម៉ៅបេនបង្ខំឲ្យពួកគាត់បង់ប្រាក់។
ទោះយ៉ាងណា ក្រុមអ្នករត់តាក់ស៊ីបានបង្ហើបឲ្យដឹងថា ពួកគាត់នឹងនាំគ្នាដង្ហែក្បួនឡានទៅតវ៉ានៅមុខសាលាខេត្ត នៅថ្ងៃខាងមុខឆាប់ៗនេះ ដើម្បីឲ្យលោកអភិបាលខេត្តជួយដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
