ក្រុម​អ្នក​រត់​ឡាន​ឈ្នួល​តវ៉ា​បិទ​ផ្លូវ​នៅ​ផ្សារ​អូឡាំពិក​រឿង​ដណ្ដើម​ម៉ូយ

0:00 / 0:00

ក្រុម​អ្នក​រត់​ឡាន​ឈ្នួល​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រៃវែង យក​ឡាន​ជា​ច្រើន​គ្រឿង​ដាក់​បិទ​ផ្លូវ​នៅ​ចំណត​បេនឡាន​ផ្សារ​អូឡាំពិក ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ចំណត​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​ចាប់​ម៉ូយ​ដាក់​ឡាន​ដូច​ធម្មតា។ ក្រោយ​ការ​តវ៉ា​មួយ​សន្ទុះ ក៏​មាន​ការ​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា ហើយ​ពួកគេ​បើក​ឡាន​ចេញ​ពី​ផ្លូវ​នោះ​វិញ ដើម្បី​សម្រួល​ដល់​ចរាចរណ៍។

ការ​យក​ឡាន​ប្រមាណ​ជាង ១០​គ្រឿង​តវ៉ា​បិទ​ផ្លូវ​នៅ​ចំណតរថយន្ត​ផ្សារ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា បន្ទាប់ពី​ម្ចាស់​ឡាន​ឈ្នួល​តូច​ធំ​ទាំង​នោះ មើល​ឃើញ​ថា ម្ចាស់​រថយន្ត​ឈ្នួល​ឈ្មោះ អ៊ី ហ៊ួត ទេសចរណ៍ បាន​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​ចំណតរថយន្ត កាង​មិន​ឲ្យ​ពួកគាត់​ចាប់​ម៉ូយ​ឡើយ។

ពួក​គាត់​ថា មិន​យុត្តិធម៌​ឡើយ ព្រោះ​រថយន្ត អ៊ី ហ៊ួត ប្រមាណ​ជាង ១០​គ្រឿង បាន​ចាប់​ម៉ូយ​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រៃវែង ផ្ដាច់មុខ មិន​អោយ​ពួកគាត់​ចូល​ចំណត​ចាប់​ម៉ូយ​ឡើយ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ៖ «អោយ​តែ​មក​ដល់​បេន គឺ​គេ​ដេញ​ចេញ​ហើយ គេ​ថា អត់​មាន​សៀវភៅ​បេន ហើយ​សុំ​ធ្វើ​សៀវភៅ​បេន​គេ​ថា​ចង្អៀត។ ត្រង់​ឡាន​គេ​ទិញ​ថ្មី​៤​ទៀត​គឺ​អត់​អី​ទេ។ សំណូមពរ​ថា អត់​អោយ​រថយន្ត អ៊ី ហ៊ួត ទិញ​បេន​ផ្ដាច់​តែឯង​ទេ គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​អ្នក​មាន​មក​ដល់​មុន​ចេញ​ជើង​ទី​១»

ការ​យក​ឡាន​តវ៉ា​បិទ​ផ្លូវ​នោះ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​ខ្លះ​រវាង​ក្រុម​ម្ចាស់​ឡាន​ដែល​តវ៉ា និង​ប៉ូលិស​ដែល​ព្រមាន​ចាប់​ពួកគាត់​ដាក់គុក បើ​នៅតែ​មិន​យក​ឡាន​ចេញ​ពី​ផ្លូវ។ ទោះ​យ៉ាង​ណា ពុំ​មាន​ហិង្សា​កើត​ឡើង​នោះ​ទេ ហើយ​អាជ្ញាធរ និង​ក្រុម​អ្នក​តវ៉ា រួម​ទាំង​ម្ចាស់​ចំណត​បេនឡាន​ផ្សារ​អូឡាំពិក បាន​សម្របសម្រួល​ត្រូវ​គ្នា​វិញ។

អ្នក​សម្របសម្រួល​ចំណត​រថយន្ត​ផ្សារ​អូឡាំពិក លោក ហេង សង្ហា មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​រថយន្ត អ៊ី ហ៊ួត ទេសចរណ៍​មាន​ច្រើន​គ្រឿង​ក្តី ប៉ុន្តែ​ពួកគាត់​មិន​បាន​ចាប់​ម៉ូយ​ផ្ដាច់មុខ​នោះ​ទេ។ លោក​ថា រឿង​នេះ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​គ្នា​ប៉ុណ្ណោះ ហើយ​លោក​ក៏​យល់ព្រម​តាម​សំណើ​របស់​ចាស់​ឡាន​ឈ្នួល​ដែល​តវ៉ា​ទាំង​នោះ៖ «ឥឡូវ​នេះ​យើង​សម្របសម្រួល​ជាមួយ​គាត់​ហើយ គឺ​អោយ​គាត់​ដាក់​វេន​ជើង​គ្នា គឺ​មា​ន័យ​ថា អ្នក​ណា​មក​មុន​បាន​ចាប់​មុន ហើយ​ចេញ​មុន អ្នក​ណា​មក​ក្រោយ​បន្ទាប់​គឺ​ចាប់​បន្ទាប់​តាម​លេខ​រៀង»

ក្រុម​ម្ចាស់​ឡាន​ឈ្នួល​ដែល​តវ៉ា​នោះ ក៏​អះអាង​ថា ប្រសិនបើ​ម្ចាស់​រថយន្ត អ៊ី ហ៊ួត និង​ម្ចាស់​ចំណត​រថយន្ត មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ជា​ពាក្យ​សម្ដី​ជាមួយ​ពួកគាត់​ទេ​នោះ ពួកគាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​យក​ឡាន​បិទ​ផ្លូវ​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។