ក្រុមអ្នកបើកបររថយន្តតាក់ស៊ីជាច្រើននាក់ បានប្រមូលផ្ដុំគ្នាបើករថយន្តជាង ១០គ្រឿង ទៅបិទកំណាត់ផ្លូវជាតិលេខ៦ នៅចម្ងាយជាង ៧គីឡូម៉ែត្រ ភាគខាងលិចពីទីរួមស្រុកពួក បណ្ដាលឱ្យរថយន្តធ្វើដំណើរតូចធំជាង ១០០គ្រឿងកកស្ទះរយៈពេលជិតកន្លះម៉ោង កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ។
«សំឡេង»
ការបិទកំណាត់ផ្លូវជាតិ គឺដោយសារតែក្រុមអ្នករត់តាក់ស៊ីមានកំហឹងទៅលើមន្ត្រីប៉ូលិសសេដ្ឋកិច្ច ដែលដាក់ប៉ុស្តិ៍ក្បែរនោះ បានប្រដេញចាប់រថយន្តរបស់ពួកគេ ធ្វើឱ្យខូចខាត ព្រមទាំងចាប់យកទៅទុកបណ្ដាលឱ្យត្រីដែលនៅក្នុងរថយន្ត ស្អុយខូចគុណភាពផង។
បុរសអ្នករត់តាក់ស៊ីម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើនរូបទៀត គឺលោក ផុន សុផល ហៅ គក់។ លោកបានចោទប្រកាន់ថា ក្នុងពេលប៉ូលិសសេដ្ឋកិច្ចប្រដេញចាប់រថយន្តរបស់លោក គឺបានវាយតប់លើរូបកាយ ព្រមទាំងប្រើអាវុធខ្លីភ្ជង់គំរាមលោកទៀតផង។ លោក ផុន សុផល ចង់ទាមទាររកយុត្តិធម៌ចំពោះរឿងនេះ ព្រមទាំងឱ្យប៉ូលិសសេដ្ឋកិច្ចចេញសងថ្លៃខូចខាតត្រី ដែលគាត់ស៊ីឈ្នួលដឹកជញ្ជូននេះ៖ «ឡានខ្ញុំដឹកត្រី មិនមានដឹកអ្វីទៀតផ្សេងផងនោះ ហើយខ្ញុំដឹកត្រីនោះ គឺខ្ញុំមានច្បាប់ត្រឹមត្រូវ។ ប៉ូលិសសេដ្ឋកិច្ចយកឡានមកពាំង ហើយចុះមកវាយខ្ញុំ និងម្នាក់ទៀតឈ្មោះ រ៉ា យកកាំភ្លើងមកភ្ជង់ខ្ញុំទៀត។ មូលហេតុអ្វីបានជាវាយខ្ញុំ ហើយយកកាំភ្លើងមកភ្ជង់ខ្ញុំទៀត? ខ្ញុំចង់រកដំណោះស្រាយរឿងហ្នឹងឯង»។
ប៉ុន្តែ មន្ត្រីប៉ូលិសសេដ្ឋកិច្ចបានបដិសេធចំពោះការចោទប្រកាន់ ដែលថាសមត្ថកិច្ចបានប្រើអាវុធភ្ជង់ និងវាយដំលើរូបកាយអ្នកបើកតាក់ស៊ីនោះ។
ប៉ូលិសសេដ្ឋកិច្ចមួយរូបក្នុងចំណោមអ្នកជាប់ក្នុងការចោទប្រកាន់ គឺលោកអនុសេនីយ៍ឯក ងួន បូរ៉ា បានមានប្រសាសន៍ថា កាលពីវេលាម៉ោងប្រមាណ ៤ ជិតភ្លឺថ្ងៃទី១៧ ខែធ្នូ លោកប្រទះឃើញរថយន្ត ១គ្រឿង បិទកញ្ចក់ខ្មៅ ព្រមទាំងមិនមានស្លាកលេខក្រោយផង បានបើកយ៉ាងលឿន ដោយមិនបើកភ្លើង។ ភ្លាមនោះ លោកក៏សង្ស័យថាអាចជាឡានដឹកឈើគ្រញូងខុសច្បាប់ ហើយក៏ប្រដេញតាមដោយកាក់ឱ្យរថយន្តនោះឈប់ ក៏ប៉ុន្តែរថយន្តមិនព្រមឈប់ទេ។ ពេលដេញតាមបន្តទៅទៀត រថយន្តតាក់ស៊ីនោះក៏ខោកឡានរបស់លោក បណ្ដាលឱ្យខូចខាត ហើយអ្នកបើកបរក៏ចុះពីលើឡាន ដោយកាន់ដែកបំពង់ទីបមករកវាយលោកផង។ បន្ទាប់មក លោកក៏នាំយករថយន្តតាក់ស៊ីដឹកត្រីនោះ មកកន្លែងរបស់លោក ដើម្បីឱ្យម្ចាស់ដោះស្រាយជុំវិញការខូចខាតរថយន្ត។ ប៉ូលិសសេដ្ឋកិច្ចរូបនោះ បានបដិសេធថាលោកមិនបានវាយតប់ដូចការចោទប្រកាន់ទេ។
លោកអនុសេនីយ៍ឯក ងួន បូរ៉ា៖ «យកឡានមកដាក់ពាំងផ្អើលមួយស្រុក អ៊ីចឹងតើសមរម្យទេ? ហើយចោទប្រកាន់ថា ខ្ញុំវាយ ឥឡូវមើលប៉ោងភ្នែកកន្លែងណា? ជាំមុខកន្លែងណា? អត់មានទេ ឱ្យវាទៅស្បថនៅព្រះអង្គចេកព្រះអង្គចម ទៅ។ រឿងអីអ្នកឯងដឹកត្រឹមតែបទល្មើសត្រី ហើយសមត្ថកិច្ចយកកាំភ្លើងទៅភ្ជង់ បើគ្រញូង ឬក៏គ្រឿងញៀនអីហ្នឹង គឺវាយខ្នោះបណ្ដោយ តែអានេះបទល្មើសត្រី គឺទី១ ច្បាប់ផាកពិន័យ កាត់ប៉េសេ បង់ពន្ធចូលរដ្ឋតែប៉ុណ្ណឹង ចប់ហើយ»។
ទោះយ៉ាងណា ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ខ្លះ ដែលឃើញហេតុការណ៍បិទផ្លូវនោះ ក៏បានរិះគន់មន្ត្រីប៉ូលិសសេដ្ឋកិច្ចថាអនុវត្តច្បាប់ពុំបានសមរម្យទេ។
លោក នូ ពុទ្ធិ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប បានមានប្រសាសន៍ថា លោកសរសើរចំពោះមន្ត្រីប៉ូលិសសេដ្ឋកិច្ច ដែលខិតខំបំពេញតួនាទីបង្ក្រាបបទល្មើសនៅលើដងផ្លូវនោះ ក៏ប៉ុន្តែលោកឆ្ងល់ថា ប្រសិនបើប៉ូលិសធ្វើត្រឹមត្រូវតាមច្បាប់មែន ហេតុអ្វីបានជានៅពេលក្រុមអ្នករត់តាក់ស៊ីមកបិទផ្លូវតវ៉ា បែរជាប៉ូលិសមិនហ៊ានចេញមុខមកតទល់គ្នា?
ការបិទកំណាត់ផ្លូវជាតិលេខ៦ នៅម្ដុំស្រុកពួក រយៈពេលប្រហែលកន្លះម៉ោង ក៏ប៉ុន្ដែបានបើកឱ្យចរាចរណ៍ជាធម្មតាឡើងវិញ បន្ទាប់ពីអធិការនគរបាលស្រុកពួក បានសុំឱ្យម្ចាស់រថយន្តតាក់ស៊ីម្នាក់ទៅដាក់ពាក្យប្ដឹង ដើម្បីស្វែងរកការដោះស្រាយតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
