សង្គម​ស៊ីវិល​គ្មាន​ជំនឿ​ថា​សមត្ថកិច្ច​អាច​រក​អ្នក​ពាក់ព័ន្ធ​ករណី​​រថយន្ត​ដឹក​ឈើ​២​គ្រឿង

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ព្រៃឈើ លើក​ឡើង​ថា ឈើ​ដែល​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ចាប់​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំនួន​ពីរ​រថយន្ត​ធំៗ ដែល​បម្រុង​នឹង​ដឹក​ចេញ​ទៅ​វៀតណាម នោះ គឺ​មិន​មាន​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​រក​ឃើញ​មនុស្ស​ពាក់ព័ន្ធ​បាន​ឡើយ។ ការ​លើក​ឡើង​នេះ ដោយ​ពួកគេ​យល់​ថា ឈើ​ទាំង​នោះ​គឺ​មាន​ពាក់ព័ន្ធ​មន្ត្រី​ឧកញ៉ា​នៅ​ស្រុក​ខ្មែរ ដែល​នឹង​អាច​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ដើម្បី​បញ្ចប់​រឿង​ក្ដី​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​ករណី​ចាប់​បាន​រថយន្ត​ដឹក​ឈើ​ធំៗ ពីរ​គ្រឿង​ដែល​គេ​សង្ស័យ​ថា ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បម្រុង​នឹង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ឱ្យ​មាន​តម្លាភាព និង​រក​ឱ្យ​ឃើញ​ថា តើ​នរណា​ខ្លះ​ជា​មេខ្លោង​ពិតប្រាកដ។

​បន្ថែម​ពី​នេះ ប្រសិនបើ​រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់​ដើម្បី​ធ្វើ​ឱ្យ​មតិ​សាធារណៈ​មាន​ជំនឿ​លើ​ប្រពន្ធ​ច្បាប់​នៅ​កម្ពុជា និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល​បន្ត​ទៀត។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ ដែល​បាន​តាមដាន​ករណី​នេះ លោក សេង សុខហេង មាន​ប្រសាសន៍​ថា ការ​ចាប់​រថយន្ត​ដឹក​ឈើ​ចំនួន​ពីរ​គ្រឿង ដែល​គេ​សង្ស័យ​ថា ជាប់​ទាក់ទិន​ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង អាច​នឹង​មាន​ការ​សម្របសម្រួល​ដើម្បី​ដោះលែង ឬ​អន្តរាគមន៍​ណា​មួយ​ជាក់​ជា​មិន​ខាន៖ «ប្រាកដជា​មាន​ការ​អន្តរាគមន៍​ពី​ខាង​លើ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង។ ព្រោះ​កន្លង​មក​យើង​ឃើញ​ហើយ​ថា នៅ​ពេល​មាន​ការ​ចាប់​ឈើ​អី​បាន ពិសេស​ឡាន​នោះ​ជា​របស់​អ្នក​មាន​អំណាច​របស់​ឧកញ៉ា​អី តែង​មាន​ការ​អន្តរាគមន៍​ដើម្បី​ឱ្យ​ដោះលែង»

កាល​ពី​​​ថ្ងៃ​ទី​៣១ ខែ​មីនា រថយន្ត​ផ្ទុក​ឈើ​ប្រភេទ​លេខ​១ ចំនួន ២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​ដោយ​សង្ស័យ​ថា បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ឈើ​ចំនួន​ជាង ៣០​ម៉ែត្រ​គូប​ដែល​ចេញ​ដោយ​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង របស់​ក្រុមហ៊ុន អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) បញ្ជាក់​ថា ឈើ​មួយ​រថយន្ត​ត្រូវ​ដឹក​ទៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​រថយន្ត​មួយ​ទៀត​ត្រូវ​ដឹក​ទៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មិន​បាន​បញ្ជាក់​ថា ដឹក​ទៅ​ប្រទេស​វៀតណាម​ទេ។

ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឱ្យ​ដឹង​តាម​រយៈ​មន្ត្រី​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា ក្រុមហ៊ុន​មួយ​នេះ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា រថយន្ត​ដឹក​ឈើ​ទាំង​ពីរ​គ្រឿង​នោះ គឺ​ត្រូវ​បាន​មន្ត្រី​គយ​ចល័ត និង​កម្លាំង​អាជ្ញាធរ​ខេត្ត​ឃាត់​ដោយ​រក​ឃើញ​ថា មិន​មាន​ឯកសារ​ដឹក​ជញ្ជូន​ត្រឹមត្រូវ ដើម្បី​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​គយ​ខេត្ត​ត្បូងឃ្មុំ រង់​ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត។ លោក​មិន​បាន​ដឹង​ថា ឈើ​នោះ​មាន​ប្រភព​មក​ពី​ណា និង​មាន​ចំនួន​ប៉ុន្មាន​ប្រាកដ​ទេ៖ «ខ្ញុំ​មិន​ដឹង​មាន​ប្រភព​មក​ពី​ណា​ទេ ខាង​សារព័ត៌មាន​ហើយ​ក៏​សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​មុន​ហ្នឹង សារព័ត៌មាន​របស់ ឌឹ ខេមបូឌា ដេលី ដែរ គាត់​ដាក់​ថា ខ្ញុំ​និយាយ​តាម​ពិត​ខ្ញុំ​អត់​បាន​និយាយ​ទេ»

ប្រជា​សហគមន៍​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ស្រុក​មេមត់ អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។

យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​បញ្ហា​នេះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​ចាត់​វិធានការ​បង្ក្រាប​សកម្មភាព​បទល្មើស​ជា​ប្រចាំ ប៉ុន្តែ​ករណី​ខ្លះ​ពលរដ្ឋ​មិន​ប្រាកដ​ឡើយ ដោយ​គ្រាន់​តែ​ឃើញ​រថយន្ត​ឆ្លង​កាត់ ហើយ​វាយ​តម្លៃ​ថា ជា​រថយន្ត​ដឹក​ឈើ​តែម្ដង។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ មួយ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ូ យាន ឱ្យ​ដឹង​ថា ករណី​រត់​ពន្ធ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ដោយ​លួចលាក់​ដដែល។ លោក​បន្ត​ថា នៅ​ពេល​មាន​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ម្ដងៗ ពួកគាត់​តែង​លើក​ឡើង​អំពី​បញ្ហា​ទាំង​នេះ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​បាន​យក​ចិត្ត​ទុក​ដាក់ និង​ហាក់​មិន​មាន​ឆន្ទៈ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ទាំង​នោះ​ទេ៖ «យើង​មាន​ការ​សោកស្ដាយ​ដែរ ដោយសារ​តែ​នៅ​ពេល​ប្រជុំ​គណៈ​អភិបាល​ដែល​ចូលរួម​ហ្នឹង​ហាក់​ដូចជា​មិន​យក​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ដែល​ចេញ​ឱ្យ​យន្តហោះ​អី​ណា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​បើ​យើង​ពិនិត្យ​សកម្មភាព​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​បាន​ធ្វើតាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ទេ»

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង អះអាង​ថា ឈើ​ដែល​កំពុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន​ភាគ​ច្រើន​ជា​ឈើ​កាប់ និង​ដឹក​ជញ្ជូន​ពី​តំបន់​ព្រៃ​ការពារ រួម​មាន​នៅ​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ហើយ​មួយ​ផ្នែក​ត្រូវ​ដឹក​ចេញ​ពី​តំបន់​ព្រៃឡង់ ដោយ​លោក​អះអាង​ថា តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​គឺ​មិន​មាន​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។