សិស្សានុសិស្សនៅវិទ្យាល័យ តេជោ ហ៊ុន សែន បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនបានចូលរៀនមុខវិជ្ជាគណិតវិទ្យាជាច្រើនម៉ោងមកហើយ ដោយសិស្សទាំងនោះបានលើកឡើងថា គ្រូដែលបង្រៀនពួកគាត់នោះ មិនបានពេញចិត្តពួកគាត់នោះទេ ដោយសារពួកគាត់រៀនគួរជាមួយគ្រូផ្សេង។
សិស្សថ្នាក់ទី១២ ម្នាក់ នៅវិទ្យាល័យ តេជោ ហ៊ុន សែន បារាយណ៍ ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលដែលក្រុមគ្នាគាត់ប៉ុន្មាននាក់ទៅរៀនគួរជាមួយគ្រូគណិតវិទ្យាឈ្មោះ ជា ជុនហាក់ នោះ គឺនៅពេលបង្រៀនម៉ោងរដ្ឋដូចមិនមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ក្រោយមកគ្នាគាត់ជាច្រើនបានសម្រេចចិត្តទៅរៀនគួរគណិតវិទ្យាជាមួយគ្រូផ្សេង ដោយយល់ថា រៀនជាមួយលោកគ្រូផ្សេងយល់ជាង ទើបធ្វើឱ្យលោកគ្រូ ជា ជុនហាក់ មកបង្រៀនម៉ោងរដ្ឋពួកគាត់ ដោយភាពមិនពេញចិត្ត និងបានប្រើពាក្យមិនសមរម្យទៀតផង៖ «មុនដំបូង ការបង្ហាត់របស់គាត់ហ្នឹងធម្មតាទេ! ប៉ុន្តែពេលដែលពួកខ្ញុំសម្រេចចិត្តថា ទៅរៀនគ្រូផ្សេងទៅ ពេលចូលរៀនរដ្ឋវិញ គឺមានបញ្ហាដោយសារតែពួកគាត់ហ្នឹងប្រកាន់បក្ខពួកសិស្សគេសិស្សឯងលោកគ្រូ។ ចា៎! ពេលពួកខ្ញុំទៅរៀនគ្រូផ្សេងទៅ គាត់មកបង្រៀនធ្វើកន្តីកន្តើដូចមិនមែនសិស្សគាត់»។
យុវតីសិស្សថ្នាក់ទី១២ ដដែលបន្តថា ដោយមិនអាចទ្រាំរៀនជាមួយលោកគ្រូ ជុនហាក់ បាន ក៏ពួកគាត់សម្រេចចិត្តលែងចូលរៀនម៉ោងរដ្ឋនូវមុខវិជ្ជាគណិតវិទ្យាតែម្តង។ ពួកគាត់បានទៅស្នើសុំឱ្យនាយកសាលាប្ដូរថ្នាក់រៀន ក៏ប៉ុន្តែមិនមានលទ្ធផលល្អនោះទេ។
លោកគ្រូ ជា ជុនហាក់ ដែលបង្រៀនផ្នែកគណិតវិទ្យា បានបដិសេធថា លោកមិនបានរើសអើងចំពោះសិស្សខ្លួននោះទេ ក៏ប៉ុន្តែសាលាដែលលោកបង្រៀន គឺមានគ្រូដែលប្រជែងគ្នាក្នុងការទាក់ទាញកូនសិស្សឱ្យបានច្រើនទៅរៀនជាមួយខ្លួន ដែលជាហេតុនាំឱ្យមានបញ្ហាកើតឡើង៖ «ហ្នឹងហើយទៅតាមថ្នាក់ផ្សិង គ្រូវាមានច្រើនលោកឱ្យយល់ ១២ វាមានបីបួននាក់ ហើយគ្រូម្នាក់ហ្នឹងធ្វើអីអ៊ីចឹង ហើយចេះតែបង្កឱ្យមានបញ្ហា សូម្បីតែថ្នាក់ចេះតែទាមទារឱ្យយកអ៊ីចឹងទៅ ទារអត់បាន វាចេះតែប្រមូលសិស្សថ្នាក់ផ្សិងអ៊ីចឹងទៅ។ វារាល់តែឆ្នាំ ចេះតែបញ្ហាជាមួយគេបីបួននាក់ វាហ្នឹងគេមិនទៅនេះអី ហើយចេះតែអ៊ីចឹង គ្រូដទៃអត់មាននរណាគេចូលចិត្ត»។
លោកបន្តទៀតថា ចំណែកសិស្សមួយចំនួនមិនបានយកចិត្តទុកដាក់នៅពេលម៉ោងបង្រៀនរដ្ឋនោះទេ គឺដោយសារសិស្សទាំងនោះសំអាងថា បានរៀនគួរច្រើនហើយ ដែលបង្កការរំខានដល់សិស្សដទៃ ហើយលោកក៏ប្រាប់ ប្រសិនបើមិនចង់រៀនអាចចេញក្រៅបាន។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីសំណាក់នាយកសាលាវិទ្យាល័យ តេជោ ហ៊ុន សែន បារាយណ៍ លោក លុច សុខុល បានទេ នៅថ្ងៃទី៧ វិច្ឆិកា។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណីបែបនេះកើតមានជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយសារតែប្រាក់បៀវត្សរ៍របស់គ្រូបង្រៀននៅមានកម្រិត។ លោកបន្តថា បើទោះបីជាប្រាក់ខែរបស់គ្រូបង្រៀនតិចតួចក៏ដោយ ក៏ប៉ុន្តែលោកគ្រូអ្នកគ្រូគប្បីបំពេញការងារដោយឆន្ទៈ ក្នុងនាមខ្លួនជាគំរូរបស់គេ៖ «មានន័យថា ជាគំរូដល់សិស្សានុសិស្ស ទី២ ជាអាណាព្យាបាល ទី២ ហើយបើយើងមានការរើសអើងតាមរយៈសិស្សខ្លួនមិនរៀនគួរជាមួយ ហើយយើងរើសអើង វាជារឿងមួយអសីលធម៌អត់មានសីលធម៌ទេ។ ហើយវាខុសទៅនឹងក្រមវិជ្ជាជីវៈក្នុងនាមជាគ្រូបង្រៀន។ ថ្វីត្បិតតែយើងស្ថិតនៅក្នុងស្ថានភាពបៀវត្សរ៍តិចតួច ដាក់សម្ពាធយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ យើងត្រូវឈរនៅលើគោលជំហរសីលធម៌វិជ្ជាជីវៈ»។
លោកបន្ថែមថា ក្នុងករណីដែលសិស្សមិនគោរពលោកគ្រូអ្នកគ្រូនោះ គឺដោយសារតែលោកគ្រូអ្នកគ្រូមួយចំនួនយកសិស្សមកធ្វើវិនិយោគទុន ដោយមិនបានប្រកាន់គោលជំហរម៉ឺងម៉ាត់បំពេញការងារមិនបានត្រឹមត្រូវ ទើបធ្វើឱ្យតម្លៃរបស់ពួកគាត់ត្រូវធ្លាក់ចុះ។ លោកបញ្ជាក់ថា ការបំពេញការបានយ៉ាងល្អ ដោយសាររដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជីវភាពរបស់គ្រូឱ្យបានសមរម្យ ទើបធានាបាននូវគុណភាពអប់រំមួយដ៏ល្អប្រសើរនាពេលខាងមុខ។
យ៉ាងណាក៏ដោយ សិស្សានុសិស្សដែលមិនបានចូលរៀនម៉ោងរដ្ឋផ្នែកគណិតវិទ្យាទាំងនោះ សុំឱ្យនាយកសាលាជួយដោះស្រាយបញ្ហានេះឱ្យពួកគាត់ ពីព្រោះឆ្នាំនេះជាឆ្នាំត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប។ ប្រសិនបើមិនមានចំណាត់ការជូនពួកគាត់នោះទេ ពួកគាត់យល់ថា លទ្ធផលអវិជ្ជមាននឹងអាចមានសម្រាប់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
