គ្រូបង្រៀន​ស្នើ​នាយក​រដ្ឋមន្ត្រី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​១៥​ម៉ឺន​រៀល

0:00 / 0:00

គ្រូបង្រៀន និង​បុគ្គលិក​មន្ត្រី​រាជការ​បម្រើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ជាតិ​ជូន​មន្ត្រី​រាជការ ដើម្បី​មាន​ថវិកា​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត។ សំណើ​នេះ ធ្វើ​ឡើង​នៅ​គ្រា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​បាន​ចូល​មក​ដល់។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​ជាតិ​ចំនួន ១៥​ម៉ឺន​រៀល ជូន​គ្រូបង្រៀន និង​មន្ត្រី​រាជការ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ថវិកា​ចំណាយ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ជួបជុំ​គ្រួសារ​មាន​ភាព​កក់ក្តៅ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា បាន​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ និង​ពិចារណា​ទៅ​លើ​សំណើ​សុំ​ប្រាក់​ឧបត្ថម្ភ​នេះ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ ទោះ​បី​រាជ​រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូបង្រៀន និង​មន្ត្រី​រាជការ​បន្តបន្ទាប់​ក្តី ក៏​ប្រាក់​បៀវត្ស​ទាំង​នេះ​នៅ​មាន​កម្រិត​ទាប និង​មាន​គម្លាត​ឆ្ងាយ​ពី​តម្លៃ​ទំនិញ​លើ​ទីផ្សារ ធ្វើ​ឲ្យ​ជីវភាព​មន្ត្រី​រាជការ​ជួប​ការ​លំបាក។

ផ្ដើម​ពី​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ឲ្យ​ពិចារណា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រី​រាជការ គ្រូបង្រៀន ដើម្បី​ឲ្យ​ពួក​គាត់​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ។ លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ជាតិ​ជា​ធម្មតា​នៅ​ឡើយ។ ដូច្នេះ ប្រមុខ​ដឹក​នាំ​គួរ​ពិចារណា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១៥​ម៉ឺន​រៀល​ជូន​មន្ត្រី​រាជការ​ម្នាក់ៗ ដូច​គ្នា​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែរ៖ «យើង​កត់​សម្គាល់​ឃើញ​ថា កន្លង​មក​ហ្នឹង រដ្ឋាភិបាល​ធ្លាប់​បាន​ផ្តល់​ថវិកា​សម្រាប់​បុណ្យ​ជាតិ​ជូន​មន្ត្រី​រាជការ។ ប៉ុន្តែ​ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ ប្រាក់​ឧបត្ថម្ភ​ហ្នឹង​បាន​បាត់ តែ​មិន​ដឹង​ថា តើ​រដ្ឋាភិបាល​មាន​គោលការណ៍​បែប​ណា​ជុំវិញ​ការ​លុប​បំបាត់​នូវ​ប្រាក់​បុណ្យ​សម្រាប់​ជាតិ​ធំៗ​ហ្នឹង។ បើ​យើង​ធ្វើ​ការ​កត់​សម្គាល់​មាន​ស្ថាប័ន​ពីរ​ដែល​រដ្ឋាភិបាល​នៅ​ផ្តល់​ឲ្យ​មក​ដល់​សព្វថ្ងៃ​នេះ គឺ​មាន​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​ស្ថាប័ន​ព្រឹទ្ធសភា គឺ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​នៅ​ក្នុង​បុណ្យ​ជាតិ​នីមួយៗ​ហ្នឹង​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ»

លោក អែក ហ៊ល ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​មួយ​ក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ស្ថិត​ក្នុង​ចំណោម​គ្រូបង្រៀន​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក៏​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បុគ្គលិក​មន្ត្រី​រាជការ​សម្រាប់​ពិធី​បុណ្យ​ជាតិ​នេះ​ដែរ៖ «បុណ្យ​ប្រពៃណី​ជាតិ បើ​សិន​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​លោក​យល់​ព្រម​ផ្តល់​ជា​ថវិកា​ក្នុង​ចំនួន​សមស្រប​មួយ ធ្វើ​បុណ្យ​ទាន​វា​ជា​ការ​ប្រសើរ ជា​ការ​លើក​ទឹក​ចិត្ត​លើក​កម្ពស់​មួយ​ដល់​គ្រូបង្រៀន ក៏ដូចជា​មន្ត្រី​រាជការ​ដទៃ​ទៀត»

ទាក់ទិន​បញ្ហា​នេះ លោក ភួង សុវណ្ណ អគ្គលេខាធិការ​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា ក៏​គាំទ្រ​ចង់​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លើ​លទ្ធភាព​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​បុគ្គលិក​មន្ត្រី​រាជការ​នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ ចូល​មក​ដល់​នេះ​ដែរ។ លោក​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ គួរ​លើក​យក​សំណើ​នេះ​ទៅ​ពិនិត្យ​ពិចារណា និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ៖ «បញ្ហា​សំណើ​សុំ​ឲ្យ​មាន​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូបង្រៀន ក៏ដូចជា​មន្ត្រី​រាជការ​ទូទៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហ្នឹង​កន្លង​ទៅ យើង​មាន​គោលការណ៍​ដែរ​ពី​រឿង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ ក្នុង​ពេល​បុណ្យ​ជាតិ​ធំៗ​ហ្នឹង។ សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល មេត្តា​យល់​ព្រម​ជាមួយ​នឹង​សំណើ​របស់​សមាគម​គ្រូបង្រៀន​ហ្នឹង​ទៅ ដើម្បី​ឲ្យ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​បៀវត្ស​តិចតួច អាច​ទៅ​លេង​ស្រុក​កំណើត​បាន​ដូចជា​រូប​ខ្ញុំ​ជាដើម»

សមាគម​គ្រូបង្រៀន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​មន្ត្រី​រដ្ឋាភិបាល លើ​ការ​ស្នើសុំ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រី​រាជការ​សម្រាប់​បុណ្យ​ជាតិ​នេះ​ទេ។

កន្លង​មក រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ខកខាន​មិន​បាន​ផ្តល់​ជូន​គ្រូបង្រៀន និង​មន្ត្រី​រាជការ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​បាន​បន្ត​ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ជាតិ​នេះ ជូន​មន្ត្រី​រាជការ​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ទោះ​យ៉ាង​ណា បុគ្គលិក​មន្ត្រី​រាជការ​រំពឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ពិចារណា​ទៅ​លើ​សំណើ​សុំ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុណ្យ​ជាតិ ជូន​មន្ត្រី​រាជការ​ជា​ថ្មី​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។