ថ្លែងនៅក្នុងសន្និសីទកាសែត នាទីស្នាក់ការសមាគមក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងអប់រំ ពិចារណាដោះស្រាយចំពោះកង្វល់របស់ក្រុមគ្រូបង្រៀនឲ្យបានត្រឹមត្រូវ។ បើមិនដូច្នេះទេ ក្រុមគ្រូបង្រៀននឹងប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
លោក រ៉ុង ឈុន ឲ្យដឹងថា ចក្ខុវិស័យ ឬតម្រូវការរបស់ក្រុមគ្រូបង្រៀននាថ្ងៃអនាគត គឺទាមទារឲ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមក្នុងវិស័យអប់រំ ដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនឲ្យបានយ៉ាងតិច ១លានរៀលក្នុង១ខែ និងទាមទារឲ្យរដ្ឋាភិបាល ផ្តល់សេវាសុខភាពជូនគ្រូបង្រៀន ឬត្រូវបណ្ដុះបណ្ដាលសមត្ថភាពគ្រូឲ្យមានចំណេះដឹងខ្ពស់ជាដើម៖ «ត្រូវតែផ្តល់ឲ្យលោកគ្រូអ្នកគ្រូលោកហូបគ្រប់គ្រាន់។ ទោះបីមិនបានសល់ ក៏ឲ្យគ្រូបង្រៀនហូបឲ្យគ្រប់គ្រាន់ ដើម្បីឲ្យអារម្មណ៍របស់ពួកគាត់ហ្នឹងមិនខ្វល់អំពីជីវភាពរស់នៅ។ អាហ្នឹងហើយដែលយើងអាចធ្វើឲ្យការអប់រំហ្នឹងល្អប្រសើរ។ យើងចម្លែកតែនៅក្នុងសង្គមខ្មែរ បើយើងគិតពីឆ្នាំ១៩៧៩ មកដល់ពេលនេះមានរយៈពេលជាង ៣០ឆ្នាំ តែបើគិតពីការបោះឆ្នោតឆ្នាំ១៩៩៣ មានរយៈពេល ២០ឆ្នាំ ហើយអ្វីៗមិនទាន់បានកែលំអទេ»។
បន្ថែមលើនេះ តំណាងគ្រូបង្រៀនមកពី ១៨រាជធានី-ខេត្ត ក៏បានស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់កាំជូនគ្រូបង្រៀនឲ្យបាន ២ម៉ឺនរៀលក្នុងមួយកាំ ដំឡើងប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ ឲ្យបាន ២ម៉ឺនរៀលក្នុង១ថ្ងៃសម្រាប់គ្រូបឋម និងគ្រូមត្តេយ្យ ដំឡើងប្រាក់បង្រៀនថែមម៉ោងឲ្យបានចាប់ពី ១ម៉ឺនរៀល ដល់ ១ម៉ឺន ៥ពាន់រៀលក្នុង ១ម៉ោង សម្រាប់គ្រូមធ្យមសិក្សាបឋមភូមិ និងគ្រូមធ្យមសិក្សាទុតិយភូមិ ស្នើឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗ មានដូចជា បុណ្យភ្ជុំ និងបុណ្យចូលឆ្នាំចំនួន ១សែន ៥ម៉ឺនរៀល ដល់គ្រូបង្រៀនម្នាក់។
ចំណែកគ្រូបង្រៀនតាមខេត្តមួយចំនួន បានរិះគន់រដ្ឋាភិបាលថា ស្របពេលប្រាក់បៀវត្សគ្រូបង្រៀនប្រចាំខែបានទទួលតិចតួច ប៉ុន្តែបែរជារដ្ឋាភិបាល ឬក្រសួងអប់រំ បើកជូនពួកគាត់មិនបានទៀងទាត់តាមខែនីមួយៗថែមទៀត។
តំណាងគ្រូបង្រៀនខេត្តឧត្តរមានជ័យ បានរអ៊ូរទាំថា មកថ្ងៃទី១៨ ខែធ្នូ ទៅហើយ ប្រាក់បៀវត្សសម្រាប់ខែវិច្ឆិកា ក្រសួងអប់រំ មិនទាន់បើកជូនគ្រូបង្រៀននៅឡើយទេ។
យ៉ាងនេះក្តី មន្ត្រីក្រសួងអប់រំ ថ្លែងថា មិនទាន់ទទួលបានឯកសាររបស់សមាគមគ្រូបង្រៀនផ្ញើជូនថ្នាក់ដឹកនាំក្រសួងអប់រំ ទេ នៅថ្ងៃពុធ ទី១៨ ខែធ្នូ។
ទោះជាបែបណាក្តី លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនបានព្រមានថា នឹងកៀរគរក្រុមគ្រូបង្រៀនធ្វើកូដកម្មមិនចូលបង្រៀននៅទូទាំងប្រទេស បើសិនជារដ្ឋាភិបាលគ្មានការឆ្លើយតបពីកង្វល់របស់គ្រូបង្រៀន៖ «បើសិនជាស្ថានភាពហ្នឹងនៅតែអូសបន្លាយ យើងនឹងអាចឈានទៅដល់ប្រកាសឲ្យគ្រូបង្រៀននៅទូទាំងប្រទេស ឬតាមសាលានីមួយៗហ្នឹងធ្វើកូដកម្ម ដើម្បីដាក់សម្ពាធទៅដល់រដ្ឋាភិបាល ឲ្យជួយគិតគូរពីប្រាក់ខែជូនគ្រូបង្រៀន ឬមន្ទីររាជការ»។
លោក រ៉ុង ឈុន អះអាងថា នៅដើមឆ្នាំ២០១៤ ខាងមុខ នឹងមានកូដកម្មពីក្រុមគ្រូបង្រៀនពាសពេញប្រទេស ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយគិតគូរពីកង្វល់ ពិសេសការដំឡើងប្រាក់ខែជូនគ្រូបង្រៀន។ សមាគមគ្រូបង្រៀន បានឲ្យដឹងថា គ្រូបង្រៀននៅទូទាំងប្រទេសមានចំនួនសរុបប្រមាណ ១១ម៉ឺននាក់។ គ្រូបង្រៀនកម្រិតបឋមទទួលបានប្រាក់ខែជាមធ្យមជាង ៣០ម៉ឺនរៀលក្នុង១ខែ។ គ្រូអនុវិទ្យាល័យជាមធ្យមទទួលបានជាង ៤០ម៉ឺនរៀល និងគ្រូវិទ្យាល័យទទួលបានជាង ៥០ម៉ឺនរៀលក្នុង ១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
