មន្ត្រីរាជការដែលបានចុះធ្វើការនៅតំបន់លំបាក ដូចជា តំបន់គ្រុនចាញ់ តំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លិចទឹកជាប្រចាំ ជាដើម ត្រូវរាជរដ្ឋាភិបាលលើកទឹកចិត្តឧបត្ថម្ភប្រាក់បន្ថែមទៅលើប្រាក់ខែ ដោយផ្តល់ជូនមន្ត្រីរាជការម្នាក់ក្នុង១ខែ ៤ម៉ឺនរៀលទៀត។
ប៉ុន្តែ មន្ត្រីរាជការនៅក្នុងខេត្តតាកែវ កំពុងធ្វើការនៅតំបន់ជួបការលំបាកនោះ អះអាងថា មិនទទួលបានប្រាក់នោះនៅឆ្នាំ២០១២។
មន្ត្រីមួយចំនួនធ្វើការនៅក្នុងតំបន់ជួបការលំបាកនៃខេត្តតាកែវ ត្អូញត្អែរនៅថ្ងៃទី២៥ ខែមេសា ថា ប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែក្នុង១ខែ ៤ម៉ឺនរៀលនោះ មិនទាន់បានបើកឲ្យឡើយប្រមាណ ១០ខែមកនេះ។
គ្រូបង្រៀននៅស្រុកកោះអណ្ដែត ថ្លែងដោយមិនបញ្ចេញឈ្មោះថា តាំងពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០១២ ប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែសម្រាប់គាត់ដែលស្ម័គ្រធ្វើការតំបន់ដាច់ស្រយាលជួបការលំបាក ចំនួន ១ខែ ៤ម៉ឺនរៀលនោះ ខាងគណនេយ្យប្រាប់ថា ថ្នាក់លើមិនបានផ្តល់ឲ្យទេ។ ប៉ុន្តែបើកប្រាក់ឧបត្ថម្ភនោះចំនួន ២ខែ ឲ្យវិញ សម្រាប់ឆ្នាំ២០១៣ គិតពីខែមករា និងខែកុម្ភៈ៖ «ហើយលុយតំបន់ជួបការលំបាកនេះ គឺប្រគល់ឲ្យគ្រូដែលបង្រៀននៅតំបន់ជួបការលំបាក។ អីចឹង ខ្ញុំចង់ឲ្យខាងក្រសួង ឬក៏ខាងមន្ទីរដែលពាក់ព័ន្ធហ្នឹង គឺបកស្រាយអំពីលុយហ្នឹង។ តើលុយហ្នឹងបាត់ទៅណា?»។
មន្ត្រីរាជការខ្លះទៀតថ្លែងថា នៅស្រុកអង្គរបុរី និងស្រុកព្រៃកប្បាស ក៏មិនទទួលបានដូចគ្នា។
លោក សុខ ចាន់ ថ្លែងថា មន្ត្រីរាជការប្រាក់ខែទាប ធៀបនឹងទំនិញទីផ្សារសេរីដែលឡើងថ្លៃស្រេចចិត្ត គឺគាត់មិនអាចចាយគ្រាន់ឡើយ។ តែពួកគាត់ស្ម័គ្រចិត្តទៅធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងធ្វើការដោយឆ្លងកាត់តំបន់ទឹកលិច។ ទោះលំបាកធ្វើដំណើរយ៉ាងណាក្តី ក៏ខិតខំបម្រើជាតិដែរ ហើយរំពឹងប្រាក់នោះ។ ប៉ុន្តែបើរាជរដ្ឋាភិបាលបានឧបត្ថម្ភដល់ពួកគាត់ហើយ សូមឲ្យមន្ត្រីគណនេយ្យគ្រប់លំដាប់ថ្នាក់ គិតគូរគាត់ផង៖ «ស្ទះអាហ្នឹង ឆ្នាំទៅហ្នឹង ទើបបើកបាន ២ខែ វាជំពាក់តាំងពីអាឆ្នាំចាស់មកដល់ឆ្នាំថ្មីហ្នឹង វាបើកបានតែ ២ខែ វាបាត់ប្រហែលជា១០។ យើងសរុបតាំងពីឆ្នាំចាស់ និងឆ្នាំថ្មីហ្នឹង បើ១ខែ ៤ម៉ឺន វា ៤០ម៉ឺនដែរហ្នឹង»។
ពាក់ព័ន្ធបញ្ហាលើកឡើងរបស់មន្ត្រីរាជការធ្វើការនៅតំបន់ជួបការលំបាក មិនទាន់បានបើកប្រាក់ឧបត្ថម្ភបន្ថែមនេះ អភិបាលរងខេត្តតាកែវ លោក ឡាយ វណ្ណៈ មានប្រសាសន៍ថា ប្រាក់នោះរាជរដ្ឋាភិបាលបានឧបត្ថម្ភសម្រាប់មន្ត្រីរាជការដែលហ៊ានធ្វើការនៅកន្លែងដែលមន្ត្រីរាជការខ្លះមិនហ៊ានទៅ។ ហេតុនេះ ប្រាក់នោះត្រូវតែពួកគេទទួលបាន។ លោកសន្យាថានឹងសាកសួរមន្ត្រីគណនេយ្យ ឬក្រសួងពាក់ព័ន្ធ ដើម្បីឲ្យមន្ត្រីទាំងនោះទទួលបានប្រាក់លើកទឹកចិត្តទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
