គ្រូបង្រៀនមត្តេយ្យនៅសាលាបឋមសិក្សា ហ៊ុន សែន អាចារ្យលាក់ អ្នកស្រី ថោង ចាន់រី នៅថ្ងៃទី២៤ កក្កដា បានរិះគន់ថា គណៈកម្មការគ្រប់គ្រងសាលាហាក់មិនចាប់អារម្មណ៍ក្នុងការដំឡើងកាំប្រាក់ជូនអ្នកស្រី ដែលជាគ្រូបង្រៀនបានបំពេញភារកិច្ចជាង ២០ឆ្នាំហើយនោះទេ។
អ្នកស្រីបន្តថា គណៈអ្នកគ្រប់គ្រងសាលាមិនផ្ដល់ភាពយុត្តិធម៌ដល់បុគ្គលិក ពីព្រោះថា ប្រសិនបើគ្រូណាពូកែអែបអប យកចិត្ត ទើបគ្រូនាយកវាយតម្លៃប្រចាំឆ្នាំថាល្អ ហើយសរសេររបាយការណ៍ទៅមន្ទីរអប់រំ ដើម្បីដំឡើងកាំប្រាក់ ឬប្រាក់លើកទឹកចិត្តឲ្យក្នុងរយៈពេល ២ឆ្នាំម្ដង តែបើគ្រូណាមិនចេះអែបអប ទោះបីខំធ្វើការល្អយ៉ាងណាក៏ដោយ ក៏មិនទទួលបានការដំឡើងកាំប្រាក់ក្នុងរយៈពេល ២ឆ្នាំម្ដង តាមគោលការណ៍របស់ក្រសួងនោះដែរ។
អ្នកស្រី ថោង ចាន់រី៖ «ខ្ញុំ! ខ្ញុំធ្វើការស្មោះត្រង់។ ខ្ញុំអត់ចេះអែបអបអ្នកណា យកចិត្តយកថ្លើមអ្នកណាទេ។ ខ្ញុំទៅសាលាទៀងពេលទៀងម៉ោង។ ហើយខ្ញុំមិនចេះរណេបរណបនឹងអ្នកណា ស៊ីសំណូកសូកប៉ាន់ហុចនេះហុចនោះដូចគេទេ ព្រោះប្រាក់ខែប៉ុណ្ណឹងទៅរកអែបអបអ្នកណាទៅរកយកចិត្តយកថ្លើមនឹងអ្នកណា ប្រាក់ខែខ្ញុំហ្នឹង។ ខ្ញុំចិញ្ចឹមឪពុកម្តាយខ្ញុំចាស់ហ្នឹង»។
គ្រូបង្រៀនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេងម្នាក់ទៀត មានប្រសាសន៍ថា រូបគាត់ក៏ធ្លាប់ទទួលរងភាពអយុត្តិធម៌ពីការវាយតម្លៃប្រចាំឆ្នាំដែរ ហើយថា ក្រុមថ្នាក់ដឹកនាំសាលាហាក់មិនអនុវត្តតាមបទបញ្ជារបស់ក្រសួង តែបែរប្រើមនោសញ្ចេតនាបក្ខពួកទៅវិញ។
ឆ្លើយតបនឹងការរិះគន់របស់ក្រុមគ្រូបង្រៀនទាំងនោះ នាយិកាសាលាបឋមសិក្សា ហ៊ុន សែន អាចារ្យលាក់ អ្នកស្រី ហៃ ម៉ូលី បានបដិសេធថា ការគ្រប់គ្រងសាលារបស់អ្នកស្រី មិនប្រកាន់បក្ខពួកអ្វីទេ។ អ្នកស្រីពន្យល់ថា អ្នកស្រីមិនមែនជាអ្នកមានសិទ្ធិវាយតម្លៃលើកាំប្រាក់ប្រចាំឆ្នាំរបស់គ្រូបង្រៀននោះទេ។ អ្នកស្រីបញ្ជាក់ថា ការវាយតម្លៃប្រចាំឆ្នាំនោះ គឺសាលាបានបង្កើតក្រុមប្រឹក្សាវិន័យច្បាស់លាស់ក្នុងការវាយតម្លៃគ្រូទាំងអស់ ក្នុងការដំឡើងកាំប្រាក់ជូនពួកគាត់។
អ្នកស្រី ហៃ ម៉ូលី៖ «ខ្ញុំអត់គិតបក្ខពួកនិយមទេ។ គណៈកម្មការ គឺចម្រុះទាំងអស់ មើលតាមការងារហ្នឹងទាំងអស់។ រឿងបក្ខពួកនិយមមិនអាចទៅរួចទេ។ ការវាយតម្លៃដំឡើងកាំប្រាក់ គឺមានសិទ្ធិតែគណៈកម្មការដែលត្រូវវាយតម្លៃហ្នឹង។ ប៉ុន្តែ បើពេលអង្គប្រជុំជាធម្មតា គឺឲ្យមានសិទ្ធិតវ៉ា មានសិទ្ធិនិយាយ មានសិទ្ធិអ្វីៗទាំងអស់»។
យ៉ាងណាក្តី អ្នកស្រី ថោង ចាន់រី ថ្លែងថា អ្នកស្រីតវ៉ាលើបញ្ហានេះតាំងពីខែមេសា មកម្ល៉េះ។ តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយជូនអ្នកស្រី និងក្រុមគ្រូបង្រៀនដទៃទៀតនៅឡើយ។
បន្ថែមលើបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ធ្លាប់បានបញ្ជាក់ថា ភាពអយុត្តិធម៌នេះបានកើតមាននៅតាមសាលាមួយចំនួន ដែលបញ្ហាបង្កើតបក្ខពួកនិយមនេះ មិនអាចលុបបំបាត់អស់នោះទេ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំស្រឡាញ់បុគ្គលិករបស់ខ្លួនដែលជាអ្នកពូកែអែបអបនេះ ជារឿងមួយដែលធ្វើឲ្យការគ្រប់គ្រងនោះមិនមានប្រសិទ្ធភាព ហើយបញ្ហាធ្ងន់ធ្ងរនឹងកើតមាន ពិសេសបញ្ហាបាក់ទឹកចិត្តរបស់គ្រូបង្រៀនដទៃទៀត ដែលមិនចេះអែបអប។
របាយការណ៍ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា គ្រូបង្រៀនសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេសមានជាង ៦សែននាក់។ លោក រ៉ុង ឈុន ធ្លាប់បានអះអាងថា ក្នុងចំណោមគ្រូបង្រៀនទាំងនោះមានគ្រូមួយចំនួនដែលហ៊ានតវ៉ា ឬបញ្ចេញមតិទាក់ទងនឹងការដឹកនាំមិនល្អរបស់ថ្នាក់គ្រប់គ្រងសាលានោះ ត្រូវបានគណៈគ្រប់គ្រងសាលាចោទប្រកាន់ថា មាននិន្នាការទៅគណបក្សប្រឆាំង ហើយគ្រូបង្រៀនទាំងនោះទទួលរងនូវការគាបសង្កត់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
