គ្រូបង្រៀនបានអះអាងថា ប៉ុន្មានថ្ងៃមកនេះ មានការកោះប្រជុំគ្រូបង្រៀននៅតាមសាលានីមួយៗ ពីថ្នាក់ដឹកនាំស្ថាប័នអប់រំ និងបានគំរាមដាក់ពិន័យចំពោះគ្រូបង្រៀនទាំងឡាយណា ដែលហ៊ានចេញមុខធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។
គ្រូបង្រៀននៅតាមសាលាមួយចំនួនដែលហ៊ានចេញមុខធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១លានរៀល បានអះអាងថា នឹងមិនចុះញ៉មចំពោះការគំរាមដកតួនាទី ឬការគំរាមផ្សេងៗពីថ្នាក់ដឹកនាំស្ថាប័នអប់រំ និងផ្នែកពាក់ព័ន្ធទៅលើសកម្មភាពទាមទារដំឡើងប្រាក់ខែ ១លានរៀលនោះទេ។
អ្នកគ្រូ អ៊ុក ឆាយ៉ាវី បង្រៀននៅវិទ្យាល័យ ជ័យវរ្ម័នទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី១០ ខែមករា ថា រូបគាត់បានធ្វើកូដកម្មមិនចូលបង្រៀន ចាប់តាំងពីថ្ងៃទី៦ ខែមករា មកម្ល៉េះ។ អ្នកគ្រូឲ្យដឹងថា សកម្មភាពទាមទារប្រាក់ខែសមរម្យ ឬឲ្យបាន ១លានរៀលរបស់គាត់ ត្រូវថ្នាក់ដឹកនាំស្ថាប័នអប់រំ ចាប់ពីថ្នាក់ការិយាល័យស្រុកដល់មន្ទីរអប់រំខេត្ត គំរាមដកចេញពីក្របខ័ណ្ឌគ្រូ និងព្រមានដាក់ពិន័យផ្សេងៗ។
អ្នកគ្រូ អ៊ុក ឆាយ៉ាវី ថ្លែងបន្តថា ក្នុងនាមជាស្ត្រីខ្មែរម្នាក់ និងជាគ្រូបង្រៀនម្នាក់ នឹងមិនចុះញ៉ម ឬញញើតចំពោះការព្រមានពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធណាមួយទេ ព្រោះយល់ថា សកម្មភាព ឬការសម្ដែងមតិ ដើម្បីទាមទារប្រាក់ខែសមរម្យរបស់ខ្លួនធ្វើឡើងស្របច្បាប់ និងការពារដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
គ្រូបង្រៀនរូបនេះរំពឹងថា នៅថ្ងៃអនាគតនឹងអាចមានក្រុមគ្រូបង្រៀនច្រើនកុះករនៅទូទាំងប្រទេស ភ្ញាក់ខ្លួន និងនាំគ្នាតវ៉ាទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែយ៉ាងតិច ១លានរៀលជាមិនខាន៖ «ទោះបីគ្រូយើងទាំងអស់គាត់ភ័យខ្លាចក៏ដោយ តែចាប់ពីខ្លួនខ្ញុំទៅ ខ្ញុំត្រូវតែខំតស៊ូទាមទារ។ ខ្ញុំមិនឲ្យគេនិយាយថា គ្រូបង្រៀនមានតែចំណេះតែអន់ដូចអណ្ដើកក្នុងស្នូកនោះទេ។ ដូច្នេះ ខ្ញុំត្រូវតែតស៊ូចាប់ពីខ្ញុំតទៅ ទម្រាំតែលោកគ្រូអ្នកគ្រូទាំងអស់គាត់តស៊ូដូចខ្ញុំដែរ»។
ស្រដៀងគ្នាដែរ សម្រាប់គ្រូបង្រៀននៅតាមរាជធានីខេត្តមួយចំនួនទៀត ក៏បានអះអាងថា បានបន្តធ្វើកូដកម្មទាមទារឲ្យរដ្ឋាភិបាលពិចារណាដំឡើងប្រាក់ខែជូនគ្រូបង្រៀនយ៉ាងតិច ១លានរៀលនេះដែរ។
គ្រូបង្រៀននៅសាលាបឋមសិក្សា រំចេក ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លោក ញ៉ន សារ៉ុន មានប្រសាសន៍ថា នៅថ្ងៃសុក្រ ទី១០ ខែមករា យ៉ាងហោចមានគ្រូនៅតាមសាលាចំនួន៤ ក្នុងស្រុកអន្លង់វែង បានធ្វើកូដកម្មទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ ១លានរៀល។ លោកបន្តថា រូបភាពនៃការធ្វើកូដកម្មមានដូចជា សរសេរនៅលើបដា ឬក្រដាស ស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ១លានរៀល ឬមានខ្លឹមសារថា ក្រពះឃ្លានបង្រៀនមិនកើត តាមរយៈមិនចូលបង្រៀន ឬបង្រៀនមិនពេញម៉ោងជាដើម។
គ្រូបង្រៀនរូបនេះបញ្ជាក់ថា ការទាមទារដំឡើងប្រាក់ខែសមរម្យរបស់គ្រូបង្រៀននៅខេត្តឧត្តរមានជ័យ មិនសូវរងការគំរាមកំហែងពីនាយកតាមសាលានីមួយៗទេ ប៉ុន្តែបែរជាទទួលបានការលើកទឹកចិត្តពីនាយករបស់ខ្លួនថែមទៀត៖ «នាយកសាលាភាគច្រើនគាត់ឲ្យគ្រូៗហ្នឹងចូលរួមធ្វើកូដកម្ម ឬសម្ដែងមតិរៀងៗខ្លួន ព្រោះគាត់យល់ថា នេះជាសិទ្ធិរបស់គ្រូម្នាក់ៗក្នុងការទាមទារប្រាក់បៀវត្ស ដើម្បីឲ្យមានជីវភាពធូរ និងធ្វើឲ្យគុណភាពអប់រំប្រសើរឡើងនាថ្ងៃអនាគត»។
លោក ញ៉ន សារ៉ុន ថ្លែងថា នាថ្ងៃអនាគតទំនងជានឹងអាចមានគ្រូបង្រៀនចូលរួមធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១លានរៀល មានចំនួនច្រើនកុះករ ជាពិសេសអាចនឹងមាននាយក ឬថ្នាក់ដឹកនាំតាមសាលានីមួយៗចូលរួមផង។
យ៉ាងណាក៏ដោយ កូដកម្មនេះ សម្រាប់មន្ត្រីក្រសួងអប់រំ និងមន្ត្រីរដ្ឋាភិបាល បានថ្លែងចាត់ទុកសកម្មភាពធ្វើកូដកម្មទាមទារប្រាក់ខែ ១លានរៀលរបស់ក្រុមគ្រូបង្រៀនតាមសាលាមួយចំនួនប៉ុន្មានថ្ងៃមកនេះថា ដោយសារមានការញុះញង់ពីបុគ្គលខ្លះ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា ទោះមានគ្រូបង្រៀនតិចតួចហ៊ានចេញមុខទាមទារដំឡើងប្រាក់ខែបែបណាក្តី ក៏ប៉ុន្តែចំនួនតិចតួចនេះ ដោយសារតែក្រុមគ្រូបង្រៀនបានរងការគំរាមកំហែងពីថ្នាក់លើខ្លួន។ យ៉ាងនេះក្តី លោករំពឹងថា ក្រុមគ្រូបង្រៀននឹងភ្ញាក់ខ្លួន ហើយក្រោកឈរទាមទារប្រាក់បៀវត្សរស់នៅសមរម្យរបស់ខ្លួន នាថ្ងៃអនាគត៖ «នៅតែប្រកាន់ជំហរធ្វើយ៉ាងណា ជំរុញឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ហ្នឹង ត្រូវតែដោះស្រាយបញ្ហាដំឡើងប្រាក់ខែជូនគ្រូបង្រៀនឲ្យបានសមរម្យ។ ហើយថ្ងៃណាមួយ យើងនឹងរៀបចំផែនការថ្មី ហើយនឹងប្រកាសសាជាថ្មី សូមឲ្យលោកគ្រូអ្នកគ្រូរង់ចាំ និងត្រៀមលក្ខណៈចូលរួមធ្វើមហាកូដកម្មបន្តទៀតនាថ្ងៃអនាគត»។
ការតវ៉ាដំឡើងប្រាក់ខែ ១លានរៀល របស់ក្រុមគ្រូបង្រៀននៅតាមសាលាមួយចំនួន ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ទី៦ ខែមករា។ គ្រូបង្រៀនចាប់ពីកម្រិតបឋមដល់វិទ្យាល័យ នៅទូទាំងប្រទេស សរុបមានប្រមាណ ១១ម៉ឺននាក់។ ប៉ុន្តែ ការធ្វើកូដកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ ១លានរៀលក្នុង១ខែសម្រាប់គ្រូបង្រៀនម្នាក់ៗ មានគ្រូបង្រៀនភាគតិចទេដែលហ៊ានចេញមុខតវ៉ា ឬហ៊ានលើកបដាទាមទារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
