គ្រូបង្រៀនបឋមសិក្សាជាច្រើននាក់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្អូញត្អែរមិនបានបើកប្រាក់ខែបង្រៀនពីរពេល និងប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ ចំនួន ៩ខែមកហើយ។ ពួកគាត់កំពុងជួបការខ្វះខាត ហើយនាំគ្នាទន្ទឹងរង់ចាំបើកប្រាក់បង្រៀនបន្ថែមម៉ោងនោះ ដើម្បីយកទៅដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
គ្រូបង្រៀននៅស្រុកមោងឫស្សី អំពាវនាវសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធ បើកប្រាក់ខែបង្រៀនពីរពេល និងប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ ឲ្យបានឆាប់ ដើម្បីសម្រួលដល់ការរស់នៅរបស់គ្រូបង្រៀន។
ក្រុមគ្រូបង្រៀនទាំងនេះអះអាងនៅថ្ងៃទី២០ កក្កដា ថា គ្រូបង្រៀនកម្រិតបឋមសិក្សាទូទាំងខេត្តបាត់ដំបង ពុំទាន់បើកប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ និងប្រាក់ខែបង្រៀនពីរពេលរយៈពេល ៩ខែមកហើយ គឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ រហូតមក។ ពួកគាត់បញ្ជាក់ថា ក្រសួងពន្យារពេលបើកប្រាក់ទាំងនេះជូនពួកគាត់នោះ បានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់គ្រូបង្រៀន។ សព្វថ្ងៃ ពួកគាត់កំពុងជួបការខ្វះខាត ហើយកំពុងទន្ទឹងរង់ចាំប្រាក់ខែបង្រៀននោះយកទៅដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ៖ «ពួកខ្ញុំធ្វើការងារសព្វថ្ងៃសង្ឃឹមទៅលើប្រាក់ខែបង្រៀនបន្ថែមម៉ោងនេះ ដើម្បីរកប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ ពួកខ្ញុំជាគ្រូបង្រៀនតូចតាច គ្មានប្រាក់ឲ្យកូនទៅរៀនសូត្រចេះដឹងនឹងគេទេ បើអត់បើកប្រាក់ខែបង្រៀនបន្ថែមម៉ោង»។
ក្រុមគ្រូបង្រៀនឲ្យដឹងថា ប្រាក់បង្រៀនពីរពេលជាប្រាក់ខែបង្រៀនជំនួសថ្នាក់ដែលខ្វះគ្រូ ក្នុងនោះគ្រូបង្រៀនបន្ថែមម៉ោងម្នាក់ទទួលបានប្រាក់ប្រមាណ ៥០ម៉ឺនរៀលក្នុងមួយខែ។ ចំណែកឯប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ ជាប្រាក់បង្រៀនបន្ថែមម៉ោងនៅថ្ងៃព្រហស្បតិ៍ ដែលគ្រូបង្រៀនម្នាក់ទទួលបានប្រមាណជិត ៤ម៉ឺនរៀលក្នុងមួយខែ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យគណនេយ្យនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង លោក ស៊ិន សុវុទ្ធ ទទួលស្គាល់ថា គ្រូបង្រៀនពីរពេល និងគ្រូបង្រៀនថ្ងៃព្រហស្បតិ៍ នៅខេត្តបាត់ដំបង ពិតជាពុំទាន់បើកប្រាក់ខែបង្រៀនបន្ថែមម៉ោងប្រាកដមែន។ លោកអះអាងថា ការយឺតយ៉ាវនេះដោយសារអស់កញ្ចប់ថវិកា ហើយម្យ៉ាងទៀតប្រាក់បង្រៀននោះពុំទាន់ធ្លាក់ពីក្រសួងអប់រំ យុវជន និងកីឡា នៅឡើយ៖ «ព្រោះយើងកំពុងខ្វះកញ្ចប់ថវិកា ហើយយើងកំពុងរត់ការទៅក្រសួងអប់រំ សុំថវិកាបន្ថែមនេះយកមកបើកឲ្យគ្រូបង្រៀន ពីព្រោះថវិកាកន្លងមក យើងគ្រោងទៅវាតិចជាងចំនួនគ្រូបង្រៀនដែលមានចំនួនច្រើន»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តបាត់ដំបង លោក ម៉ែន សុខធៃ មានប្រសាសន៍ថា ប្រាក់បង្រៀនបន្ថែមម៉ោង និងប្រាក់ខែបង្រៀនពីរពេលនេះ ជាប្រាក់ចេញពីកម្លាំងកាយ និងកម្លាំងទឹកចិត្តស្នេហាប្រទេសជាតិរបស់គ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធ ត្រូវដោះស្រាយជូនពួកគាត់ឲ្យបានឆាប់៖ «យើងកោតសរសើរដែលលោកគ្រូអ្នកគ្រូគាត់ចំណាយពេលវេលា បង្រៀនម៉ោងបន្ថែម ដើម្បីឲ្យកូនខ្មែរមានចំណេះដឹង»។
លោកបន្តថា កន្លងទៅ គ្រូបង្រៀនគ្រប់កម្រិតសិក្សានៅខេត្តបាត់ដំបង ទាំងគ្រូបង្រៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម ក៏តែងតែជួបបញ្ហាបើកប្រាក់បង្រៀនបន្ថែមម៉ោងយឺតយ៉ាវជាប្រចាំដូចគ្នា ហើយរហូតមកទល់ពេលនេះ គ្រូបង្រៀនបន្ថែមម៉ោងរាប់រយនាក់ ខាងមន្ទីរអប់រំខេត្តបាត់ដំបង ក៏ពុំទាន់ដោះស្រាយជូនពួកគាត់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
