គ្រូបង្រៀន​មួយ​ចំនួន​នៅ​បាត់ដំបង​មិន​ទាន់​បើក​ប្រាក់​ខែ​បង្រៀន​ពីរ​ពេល​ជាង​មួយ​ឆ្នាំ

0:00 / 0:00

ក្រុម​គ្រូបង្រៀន​បឋម​សិក្សា​ប្រមាណ ២៧២​នាក់​នៅ​ខេត្ត​បាត់ដំបង ត្អូញត្អែរ​ថា​មិន​បាន​បើក​ប្រាក់​ខែ​បង្រៀន​ពីរ​ពេល និង​បង្រៀន​ផ្គួប​ថ្នាក់​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។ ពួក​គាត់​កំពុង​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​ទាំង​នោះ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ក្រុម​គ្រូបង្រៀន​ដែល​ពុំ​ទាន់​បើក​ប្រាក់​ខែ​នោះ អំពាវនាវ​ឲ្យ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​ពន្លឿន​បើក​ប្រាក់​ខែ​បង្រៀន​ឲ្យ​បាន​ឆាប់ ពីព្រោះ​សព្វថ្ងៃ​ជីវភាព​គ្រួសារ​កំពុង​ជួប​ការ​ខ្វះខាត។

តំណាង​គ្រូបង្រៀន​បឋម​សិក្សា​ម្នាក់​នៅ​ស្រុក​ថ្មគោល ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ប្រាក់​ខែ​បង្រៀន​បន្ថែម​ពីរ​ពេល គឺ​ពេល​ព្រឹក និង​ពេល​រសៀល​កាល​ពី​បង្រៀន​មុន​ឆ្នាំ​២០១៣ ពុំ​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៣ មក គឺ​ទៅ​បើក​ប្រាក់​ខែ​បង្រៀន​មិន​បាន​នោះ​ទេ។ លោក​បន្ត​ថា ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ស្រុក​នានា​ទូទាំង​ខេត្ត​បាត់ដំបង ជាច្រើន​នាក់ ចេះ​តែ​ទន្ទឹង​រង់ចាំ​ប្រាក់​ខែ​បង្រៀន​របស់​ខ្លួន​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​បាន​ទៅ​សាកសួរ​នៅ​ការិយាល័យ​អប់រំ​ស្រុក​រៀងៗ​ខ្លួន​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖ «យើង​ខំ​ប្រឹង​ធ្វើ​ការងារ​ជូន​សង្គម​ជាតិ តែ​រដ្ឋ​មិន​ផ្ដល់​ថវិកា​ឲ្យ​យ៉ាង​នេះ ធ្វើ​ឲ្យ​យើង​ជា​គ្រូបង្រៀន​គ្មាន​កម្លាំង​ចិត្ត​ទៅ​បង្រៀន​សិស្ស​នោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ស្រុក​ថ្មគោល លោក អួន ប៊ុនជៀន ទទួល​ស្គាល់​ថា ពិត​ជា​មាន​គ្រូបង្រៀន​មួយ​ចំនួន​ពុំ​បាន​បើក​ប្រាក់​បង្រៀន​ពីរ​ពេល​ប្រាកដ​មែន ហើយ​ថា​បាន​នាំ​រឿង​នេះ​ទៅ​ជម្រាប​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ដើម្បី​ដោះស្រាយ​ដល់​គ្រូបង្រៀន​ទាំង​នោះ​រួច​ទៅ​ហើយ៖ «នៅ​ក្នុង​ករណី​នេះ ខ្ញុំ​មិន​ដឹង​ថា​ជា​មូលហេតុ​អ្វី បាន​ជា​ក្រសួង​អប់រំ មិន​ព្រម​ទម្លាក់​ប្រាក់​មក​បើក​គ្រូបង្រៀន​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី អនុប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់​សម្គាល់​ថា ការ​យឺតយ៉ាវ​មិន​បើក​ប្រាក់​ខែ​បង្រៀន​ពីរ​ពេល​ដល់​ក្រុម​គ្រូបង្រៀន​នេះ ជា​ករណី​ដដែលៗ ហើយ​ក្រសួង​អប់រំ គួរ​គិតគូរ​បើក​ប្រាក់​ខែ​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​គ្រូបង្រៀន ដែល​ពួក​គាត់​មាន​ប្រាក់​បៀវត្សរ៍​តិចតួច​មិន​គ្រប់គ្រាន់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ៖ «ខ្ញុំ​ថា​មូលហេតុ​ចម្បង​ដែល​បើក​ប្រាក់​ខែ​បន្ថែម​ម៉ោង​របស់​គ្រូបង្រៀន​យឺតយ៉ាវ​នេះ ដោយសារ​ក្រសួង​អប់រំ ចាយ​វាយ​ថវិកា​ផ្ដេសផ្ដាស និង​អាច​មាន​អំពើ​ពុក​រលួយ»

ប្រាក់​ខែ​បង្រៀន​ពីរ​ពេល ជា​ប្រាក់​បង្រៀន​បន្ថែម​ពី​លើ​ភារកិច្ច​បង្រៀន​ប្រចាំ​ថ្ងៃ​របស់​គ្រូបង្រៀន ក្នុង​នោះ​មាន​ការ​បង្រៀន​ផ្គួប​ថ្នាក់ និង​ការ​បង្រៀន​ពីរ​ពេល​ជាដើម ដែល​ប្រាក់​ខែ​ទាំង​នោះ​ទទួល​បាន​ប្រហាក់​ប្រហែល​ប្រាក់​ខែ​របស់​គ្រូបង្រៀន​ដែរ។ គ្រូបង្រៀន​នៅ​ខេត្ត​បាត់ដំបង ដែល​ពុំ​ទាន់​បើក​ប្រាក់​បង្រៀន​បន្ថែម​នេះ ប្រមាណ ២៧២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។