គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​ថា​មិន​បាន​បើក​ប្រាក់​ម៉ោង​ជិត​២​ត្រីមាស

0:00 / 0:00

ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម មិន​បាន​ទទួល​ប្រាក់​ម៉ោង​ជិត ២​ត្រីមាស​មក​ហើយ ដោយ​ពុំ​ដឹង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់។ ក្រុម​គ្រូបង្រៀន​បញ្ជាក់​ថា បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ម៉ោង​នេះ កើត​ឡើង​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ នៅ​តែ​មិន​ឃើញ​មាន​ដំណោះស្រាយ។ យ៉ាង​ណា ប្រធាន​មន្ទីរ​អប់រំ​អះអាង​ថា វា​ជា​កំហុស​របស់​សាលា​ខ្លះ​ទៅ​វិញ​ទេ ដែល​បញ្ជូន​ឯកសារ​មក​មិន​ទាន់​ពេលវេលា។

គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​របៀប​ធ្វើ​ការងារ​របស់​មន្ទីរ​អប់រំ​ខេត្ត ដែល​ចេះ​តែ​បណ្ដោយ​ឲ្យ​បញ្ហា​ប្រាក់​ម៉ោង​របស់​ពួក​គាត់​ចោទ​ឡើង​ដដែលៗ។ គ្រូបង្រៀន​ទាំង​នោះ ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ប្រាក់​ម៉ោង​នោះ​វា​តិចតួច​សម្រាប់​ពួក​គាត់​ក៏ដោយ ប៉ុន្តែ​ប្រសិន​បើ​បើក​បាន​ទាន់​ពេលវេលា ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​បង្រៀន​របស់​ពួក​គាត់ និង​ម្យ៉ាង​ក៏​អាច​សម្រួល​ការ​ពិបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែរ។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ស្រុក​បាធាយ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​ចូល​កង​ឆ្នាំ​សិក្សា​២០១៤-២០១៥ មក គឺ​គ្រូបង្រៀន​ទាំងអស់​នៅ​មិន​ទាន់​បាន​ប្រាក់​ម៉ោង​ទេ។ បើ​ទោះ​បី​ជា​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​បញ្ហា​នេះ​កើត​ឡើង​ដដែលៗ ទើប​លោក​យល់​ថា អាច​ជា​កំហុស​ខាង​មន្ទីរ​អប់រំ​ច្រើន​ជាង៖ «សំខាន់​គោលការណ៍​ខាង​យើង គឺ​សុំ​ឲ្យ​ខាង​មន្ទីរ ឬ​ក្រសួង​ហ្នឹង​សុំ​មេត្តា​បើក​ប្រាក់​ហ្នឹង​ឲ្យ​ទាន់​ពេលវេលា​មក»

ស្រដៀង​គ្នា​នេះ គ្រូបង្រៀន​ម្នាក់​ទៀត​នៅ​វិទ្យាល័យ សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានជ័យ នៅ​ស្រុក​ជើងព្រៃ លោក នុត សឿន ក៏​បាន​ត្អូញត្អែរ​ចំពោះ​បញ្ហា​ប្រាក់​ម៉ោង​ដែរ។ លោក​ចង់​ឲ្យ​ខាង​ក្រសួង ឬ​មន្ទីរ​អប់រំ​ពន្លឿន​ការ​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ ពីព្រោះ​គ្រូបង្រៀន​ជាច្រើន​ខិតខំ​យក​ពេល​ដើម្បី​ទៅ​បង្រៀន​សិស្ស​សម្រាប់​ម៉ោង​លើស ដើម្បី​បាន​ប្រាក់​ខ្លះ​គ្រាន់​ឧបត្ថម្ភ​ជីវភាព​គ្រួសារ។

ប្រាក់​ម៉ោង​សម្រាប់​គ្រូ​កម្រិត​ឧត្តម​សិក្សា គឺ​បាន​មួយ​ម៉ោង ៥.២០០​រៀល និង​កម្រិត​មធ្យម​សិក្សា​បាន​មួយ​ម៉ោង ២.៦០០​រៀល។

ក្រៅ​ពី​បញ្ហា​ប្រាក់​ម៉ោង​យឺតយ៉ាវ​ហើយ ក៏​មាន​បញ្ហា​ប្រាក់​តំបន់​សម្រាប់​ឧបត្ថម្ភ​សាលា​ដាច់​ស្រយាល​ចំពោះ​គ្រូ​នៅ​ខេត្ត​កំពង់ចាម ក្នុង​មួយ​ខែ ៤​ម៉ឺន​រៀល ហើយ​បី​ខែ​បើក​ឲ្យ​ម្តង​នោះ ក៏​មិន​ឃើញ​បើក​ជូន​ពួក​គាត់​ដែរ​មក​ទល់​ពេល​នេះ។

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ លោក អោម ងួន មាន​ប្រសាសន៍​ថា ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រូ​នៅ​សាលា​ដាច់​ស្រយាល គឺ​មាន​ខែ​ខ្លះ​កាល​ពី​ឆ្នាំ​មុនៗ គឺ​មិន​ឃើញ​បើក​ជូន​គាត់​ឡើយ ហើយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ គឺ​មិន​ឃើញ​ថែម​ទៀត៖ «ខ្ញុំ​យល់​ថា​មាន​មន្ត្រី​ខ្លះ​មាន​ភាព​មិន​ស្មោះ​ត្រង់ មិន​គោរព​តាម​វិជ្ជាជីវៈ​របស់​ក្រុម​ការងារ​ក្រសួង»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា មាន​ប្រសាសន៍​ថា មូលហេតុ​ប្រាក់​ម៉ោង​មិន​ទាន់​បើក​ជូន​គ្រូបង្រៀន​ទាំង​នោះ​ជិត​ពីរ​ត្រីមាស​មក​នេះ គឺ​ដោយសារ​កំហុស​នៅ​តាម​សាលា​ខ្លះ បញ្ជូន​ឯកសារ​មក​ខាង​មន្ទីរ​មាន​ភាព​យឺតយ៉ាវ។ តែ​យ៉ាង​ណា លោក​ថា ប្រាក់​ម៉ោង​សម្រាប់​ត្រីមាស​ទី​មួយ នឹង​អាច​បាន​ក្នុង​ពេល​ឆាប់ៗ ហើយ​ខាង​លោក​ក៏​បាន​ជំរុញ​ឲ្យ​គ្រូ​នៅ​តាម​សាលា​ទាំងអស់ បំពេញ​ឯកសារ​ឲ្យ​បាន​លឿន​សម្រាប់​ត្រីមាស​បន្តបន្ទាប់ ជៀសវាង​មាន​បញ្ហា​ទៀត៖ «អ៊ីចឹង​មក​ដល់​ខ្ញុំ​ហ្នឹង បើ​យឺត​តែ​មួយ ក៏​យើង​ធ្វើ​អត់​ចេញ​ដែរ។ ឥឡូវ​ហ្នឹង​លុយ​វា​មក​ដល់​ខាង​ខ្ញុំ​ហើយ។ ខ្ញុំ​បាន​បញ្ជូន​ទៅ​ខាង​មុខងារ​អា​ខែ​១១ ខែ​១២»

បន្ថែម​លើ​នេះ ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត លោក ប្លង់ វណ្ណប៉ាត់ ឲ្យ​ដឹង​ថា ឯកសារ​ដែល​បញ្ជូន​មក​ពី​តាម​សាលា​ខ្លះ គ្រាន់​តែ​យឺតយ៉ាវ គឺ​ជាង ៣​ខែ​ទៅ​ហើយ ទើប​ធ្វើ​ឲ្យ​ការងារ​នេះ​ត្រូវ​រាំង​ស្ទះ។ ចំណែក​រឿង​ប្រាក់​ឧបត្ថម្ភ​តាម​សាលា​ដាច់​ស្រយាល​វិញ លោក ប្លង់ វណ្ណប៉ាត់ បញ្ជាក់​ថា ដោយសារ​តែ​ថ្មីៗ​នេះ​ខាង​ក្រសួង​បាន​កោះ​ហៅ​គ្រប់​ប្រធាន​មន្ទីរ​អប់រំ​ទាំងអស់ ទៅ​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅ​បន្ថែម​ចំនួន​ទឹក​ប្រាក់​ពី ៤​ម៉ឺន​រៀល ទៅ ៨​ម៉ឺន​រៀល ទើប​ធ្វើ​ឲ្យ​ជួប​បញ្ហា​នេះ៖ «ខ្ញុំ​ធ្វើ​កិច្ចការ​ហ្នឹង​ទើប​ខែ​បួន​ទេ គ្រាន់​តែ​យឺត​ពី​គាត់ ៣​ខែ​ហើយ។ ខ្ញុំ​បាន​ជម្រាប​គាត់​ជា​រឿយៗ។ ហើយ​ប្រាក់​តំបន់​ដូច​ខ្ញុំ​បាន​ជម្រាប​មិញ​ហ្នឹង គឺ​ក្រសួង​ចង់​កែ​លេខ​លុយ​ពី ៤​ម៉ឺន​ទៅ ៨​ម៉ឺន»

ទាក់ទង​បញ្ហា​ទាំង​នេះ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់​សម្គាល់​ថា បញ្ហា​ប្រាក់​ម៉ោង ពេល​ខ្លះ​គឺ​កើត​ចេញ​ពី​គ្រូ​ខ្លះ​មែន ប៉ុន្តែ​ពេល​ខ្លះ​ទៀត គឺ​អាច​ជា​ចេតនា​របស់​ខាង​មន្ទីរ ឬ​ក្រសួង ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​រស់នៅ​របស់​លោកគ្រូ​អ្នកគ្រូ​តែ​ម្តង។ អ្នកស្រី​ស្នើ​ឲ្យ​ខាង​ក្រសួង គប្បី​ពិនិត្យ​លើ​បញ្ហា​ទាំង​នេះ ដោយ​បើក​ប្រាក់​ទាំង​នោះ​ជូន​គ្រូបង្រៀន​ឲ្យ​ទាន់​ពេលវេលា ពិសេស​សុំ​ឲ្យ​បញ្ចូល​ប្រាក់​ទាំង​នោះ​ទៅ​ក្រុម​ប្រព័ន្ធ​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។