ភាពយឺតយ៉ាវនេះ ធ្វើឱ្យពួកគាត់កាន់តែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឆ្លើយតបនឹងការយឺតយ៉ាវនេះ ប្រធានមន្ទីរអប់រំខេត្ត បានបញ្ជាក់ថា ដោយសារខាងមន្ទីរខ្វះខាតថវិកា ហើយខាងមន្ទីរបានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតប។
រយៈពេលជិតមួយឆ្នាំមកហើយ ដែលគ្រូបង្រៀននៅខេត្តកំពង់ចាម មិនទាន់ទទួលបានប្រាក់ម៉ោងក្នុងការបង្រៀនរបស់ពួកគាត់។
លោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យ មហាមង្គល ហ៊ុន សែន មហាសៀក ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសុំមិនបញ្ចេញឈ្មោះនោះ បានត្អូញត្អែរពីភាពយឺតយ៉ាវរបស់មន្ត្រីនៅមន្ទីរអប់រំខេត្ត ដែលមិនបានបើកប្រាក់បន្ថែមម៉ោងឱ្យពួកគាត់អស់រយៈពេលជាច្រើនខែមកហើយ។
លោកបន្តថា ការយឺតយ៉ាវក្នុងការបើកប្រាក់បន្ថែមម៉ោងនេះ ខាងមន្ទីរមិនបានជូនដំណឹងឱ្យពួកគាត់ដឹងនោះទេ ដែលជាហេតុធ្វើឱ្យពួកគាត់មិនស្ងប់ចិត្ត៖ «អត់មានជូនដំណឹងថាប្រាក់ម៉ោងត្រូវបើកថ្ងៃណាៗ ថាអត់មាន។ សួរទៅថាឮថាអត់ដឹងៗ សួរទៅអ្នកនៅទីចាត់ការ រួចទៅខ្ញុំអត់បានទាក់ទងទៅស្រុក ឬខេត្តដែរ គឺខ្ញុំអត់បានទាក់ទងទៅ ប៉ុន្តែប្រាក់ម៉ោងហ្នឹងតាំងពីខែមួយ ២០១៣ រហូតដល់ថ្ងៃហ្នឹង រហូតដល់ឆ្នាំហ្នឹង គឺពីរត្រីមាសបីត្រីមាសហើយ!»។
លោកគ្រូដដែលបានថ្លែងបន្តថា សម្រាប់ជីវភាពជាគ្រូបង្រៀន គឺនៅតែមានការខ្វះខាតជាប្រចាំ ពីព្រោះមិនបានរកស៊ីជួញដូរអ្វីផ្សេងនោះទេ ហើយប្រាក់ខែក៏នៅតិច ពិសេសនៅក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើន រួមទាំងលោកគ្រូអ្នកគ្រូដែរនោះ ត្រូវទទួលរងគ្រោះដោយទឹកជំនន់ ជាហេតុធ្វើឱ្យលោកគ្រូអ្នកគ្រូទាំងនោះ កាន់តែជួបការលំបាក៖ «វាពេលខ្ញុំបង្រៀនទៅគ្រាន់បាន អាហ្នឹងគ្រាន់បានដោះស្រាយម៉ាពេលវ៉ាកងវ៉ាអីហ្នឹង ព្រោះគ្រូបង្រៀនដូចខ្ញុំហ្នឹង មានតែមុខរបរជាគ្រូបង្រៀនមួយ អត់មានធ្វើការងារអីរកស៊ីអីក្រៅនោះទេ។ ដូចថា ធ្វើស្រែចម្ការអីអត់មានផង រួចទៅពេលវ៉ាកងទៅបានប្រាក់ម៉ោងហ្នឹងទៅ ហើយឆ្នាំហ្នឹងប៉ះទឹកលិចលង់ផងអីផង បើបានប្រាក់ម៉ោងគ្រាន់ដោះស្រាយជីវភាពរបស់យើងរាល់ថ្ងៃបង!»។
ចំណែកឯលោកគ្រូមួយរូបទៀតដែលមានស្រុកកំណើតនៅឯខេត្តតាកែវ ហើយមកបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តកំពង់ចាម ដោយសុំមិនបញ្ចេញឈ្មោះដែរនោះ ក៏បានសម្ដែងការមិនពេញចិត្តទៅនឹងការយឺតយ៉ាវនេះដែរ ដោយលោកត្រូវការប្រាក់បន្ថែមម៉ោង ដើម្បីយកដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកគ្រូដដែលបានបន្ថែមទៀតថា ចំពោះការយឺតយ៉ាវនេះ គឺអាចជាកំហុសខាងមន្ទីរអប់រំខេត្ត ពីព្រោះនៅខេត្តផ្សេង គឺមិនមានបញ្ហានេះកើតឡើងឡើយ៖ «ខ្ញុំគិតថា ជាកំហុសខាងមន្ទីរ ហើយតាមមើល ពីព្រោះនៅខេត្តតាកែវ អី ពីរខែគេបើកម្តង។ កំពង់ចាម ខ្ញុំនេះ បីបួនខែប្រាំប្រាំមួយខែ ទើបឃើញគេបើកម្តង មានការយឺតយ៉ាវជាងខេត្តគេ ពីព្រោះនៅខេត្តតាកែវ មិត្តភក្ដិខ្ញុំគេធ្វើការនៅហ្នឹង គឺថាពីរខែបើកម្តងប្រាក់ម៉ោងគេ»។
ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម លោក ស្វាយ ផល្លា បានមានប្រសាសន៍នៅថ្ងៃទី១៩ តុលា ថា ចំពោះការមិនបានបើកប្រាក់ម៉ោងជូនគ្រូបង្រៀនឱ្យទាន់ពេលវេលានេះ គឺមន្ទីរអប់រំខេត្តខ្វះថវិកា ដោយសារការចំណាយកន្លងទៅអស់ប្រាក់ឥណទានសម្រាប់ផ្គត់ផ្គង់។ លោកបន្ថែមថា ខាងមន្ទីរក៏បានស្នើសុំប្រាក់ឥណទានបន្ថែមពីខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចរាល់ហើយ ប៉ុន្តែលោកមិនប្រាកដថាថវិកានោះនឹងអាចធ្លាក់មកពេលណានោះទេ។
លោក ស្វាយ ផល្លា៖ «អាហ្នឹង គឺយើងខ្វះឥណទាន កន្លងមកយើងបានលើកស្នើសុំគម្រោងថវិកាហ្នឹងដែរ ប៉ុន្តែទាល់តែថវិកាហ្នឹងធ្លាក់មក ទើបយើងចំណាយទៅវាខ្វះ ហើយយើងធ្វើការហៅថាបំពេញបន្ថែមណាបង! បំពេញបន្ថែម ប៉ុន្តែឥឡូវយើងបានអានែគម្រោងត្រូវបានស្នើសុំទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ»។
ជុំវិញការយឺតយ៉ាវក្នុងការបើកប្រាក់ម៉ោងជូនគ្រូបង្រៀននេះ ត្រូវបានប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន មើលឃើញថា កើតមានស្ទើរគ្រប់ទីកន្លែង ហើយមូលហេតុធំ គឺអាចបណ្ដាលមកពីអំពើពុករលួយក្នុងប្រព័ន្ធអប់រំ៖ «ធម្មតាថវិកាវាមានសម្រាប់ចំណាយទៅលើក្រសួងអប់រំ ហ្នឹង វាមានហើយៗហើយ! ចំពោះលុយប្រាក់បន្ថែមម៉ោង ចំពោះគ្រូបង្រៀនដែលត្រូវលើសម៉ោងហ្នឹង ប៉ុន្តែបញ្ហាត្រង់ថា អាលុយហ្នឹងវាមានអំពើពុករលួយ មានការកិបកេងលុយដែលទទួលបាន ហើយមកដល់មន្ទីរ ឬមកដល់ការិយាល័យអប់រំស្រុកហ្នឹង ត្រូវបង្វិលចូលទីផ្សារអីអ៊ីចឹងទៅ»។
លោកបញ្ជាក់ថា ប្រសិនបើមានការយឺតយ៉ាវតទៅទៀត អ្វីដែលគួរឱ្យព្រួយបារម្ភ គឺស្ថានភាពរស់នៅរបស់គ្រូបង្រៀនកាន់តែជួបការលំបាក ហើយគ្រូបង្រៀនកាន់តែលំបាក គុណភាពអប់រំក៏កាន់តែចុះខ្សោយ ដូចនេះ ក្រសួងអប់រំ ត្រូវមានចំណាត់ការចំពោះបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
