គ្រូបង្រៀនជាច្រើននៅខេត្តកំពង់ចាម ត្អូញត្អែរចំពោះមន្ទីរអប់រំដែលតែងតែយឺតយ៉ាវក្នុងការបើកប្រាក់បន្ថែមម៉ោងជូនពួកគាត់ ទន្ទឹមនឹងខេត្តផ្សេងៗគេមិនមានបញ្ហានេះកើតឡើងទេ។ ចំណែកខាងមន្ទីរបញ្ជាក់ថា ប្រាក់ម៉ោងនោះនឹងអាចបានក្នុងពេលឆាប់ៗ ពីព្រោះខាងមន្ទីរបានបញ្ជូនសំណើទៅខាងរតនាគារយូរហើយដែរ។
ការត្អូញត្អែរនេះ បន្ទាប់លោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យ អនុវិទ្យាល័យ នៅខេត្តកំពង់ចាម នៅតែមិនទាន់ទទួលបានបន្ថែមម៉ោងចំនួនពីរត្រីមាសមកហើយ។ គ្រូទាំងនោះយល់ថា អាចជាកំហុសរបស់មន្ទីរអប់រំ តែម្តង ពីព្រោះក្រៅពីខេត្តកំពង់ចាម គេមិនជួបបញ្ហានេះឡើយ។
គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានជ័យ នៅស្រុកជើងព្រៃ លោក នុត សឿន មានប្រសាសន៍ថា ក្នុងមួយខែលោកអាចបង្រៀនលើសពី ៣០ ទៅ ៤០ម៉ោង ហើយក្នុងមួយម៉ោងសម្រាប់លោកជាគ្រូកម្រិតមធ្យម គឺបាន ២.៦០០រៀល។ លោកបន្តថា ត្បិតតែប្រាក់បន្ថែមម៉ោងនោះតិចក៏ពិតមែន ប៉ុន្តែវាក៏អាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានមួយចំណែក តែប្រសិនបើតិចហើយ បើកមិនទៀងទាត់ទៀតនោះ កាន់តែធ្វើឱ្យជីវិតគ្រូបង្រៀនលំបាកថែមទៀត។
លោក នុត សឿន៖ «អានេះបើនិយាយឱ្យដល់ទៅ វាមិនដឹងធ្វើម៉េចផង ព្រោះកន្លងមកវាតាអ៊ីចឹង វាដូចជាស៊ាំទៅហើយ។ ចិត្តចង់ឱ្យបានថាផ្តល់ជូនឱ្យទាន់ពេលវេលា ពីព្រោះគ្រូបង្រៀនបានលុយកាក់បន្ថែមតិចតួចហ្នឹង ដើម្បីជួយជីវភាពឱ្យគ្រាន់បើ។ កន្លងមក សួរទៅចេះតែថាលុយហ្នឹងមិនទាន់ធ្លាក់មក ប៉ុន្តែធ្លាក់មកមិនធ្លាក់មកខាងណេះអត់ដឹង»។
ប្រាក់ម៉ោងដែលគ្រូបង្រៀនទាំងអស់ទទួលបានចែកចេញជាបីកម្រិត គឺកម្រិតឧត្តម ទទួលបានមួយម៉ោង ៥.២០០រៀល គ្រូកម្រិតមធ្យម ទទួលបាន ២.៦០០រៀល និងគ្រូកម្រិតបឋម ទទួលបាន ២.០០០រៀលក្នុងមួយម៉ោង។
គ្រូបង្រៀននៅអនុវិទ្យាល័យ ព្រីង ជ្រុំ ស្រុកជើងព្រៃ ម្នាក់ទៀត លោក អោម ងួន មានប្រសាសន៍ថា មានលោកគ្រូអ្នកគ្រូជាច្រើននៅខេត្តកំពង់ចាម នាំគ្នារអ៊ូរទាំចំពោះការយឺតយ៉ាវនេះ ប៉ុន្តែគ្រាន់តែមានគ្រូមួយចំនួនមិនហ៊ានលើកឡើងជាចំហប៉ុណ្ណោះ។ លោកបន្តថា ជិតនឹងចូលបង្រៀនឆ្នាំសិក្សាថ្មីទៅហើយ តែប្រាក់ម៉ោងតាំងពីខែមករា មក នៅតែមិនឃើញស្រមោលទៀត។ លោកមិនដឹងច្បាស់ពីមូលហេតុនៃការយឺតយ៉ាវនេះទេ ប៉ុន្តែខ្លាចក្រែងតែមានអំពើពុករលួយកើតមានឡើង៖ «វាលើៗប្រព័ន្ធមួយ គេហៅថាប្រព័ន្ធពុករលួយ ក្រែងលោលុយហ្នឹងទៅចងការ ឬក៏យកទៅប្រើប្រាស់ផ្សេងៗខុសខ្ទង់ ព្រោះប្រាក់ខែឥឡូវវាលឿនដែរ ត្រង់ប្រាក់ម៉ោងក៏វាយឺត ហើយខេត្តគេក៏វាលឿនអ៊ីចេះ»។
ជាការប្រសើរ លោកចង់ឱ្យក្រសួងដាក់ថវិកាម៉ោងបន្ថែមនេះចូលទៅក្នុងថវិកាប្រាក់បៀវត្សប្រចាំខែតែម្តង ទើបអាចជៀសវាងបាននូវភាពយឺតយ៉ាវ និងម្យ៉ាង ដើម្បីតម្លាភាពលើកញ្ចប់ថវិកាមួយនេះ ពីព្រោះការបើកប្រាក់ម៉ោងមិនទៀងទាត់ ក៏វាអាចប៉ះពាល់លើការបង្រៀនរបស់លោកគ្រូអ្នកគ្រូទាំងនោះដែរ។
ឆ្លើយតបនឹងការត្អូញត្អែរនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម លោក ស្វាយ ផល្លា មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី៩ កញ្ញា ថា ខាងមន្ទីរបានបញ្ជូនសំណើប្រាក់បន្ថែមម៉ោងទាំងពីរត្រីមាសនោះ ទៅខាងរតនាគាររួចរាល់ហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបមកវិញ ហើយលោកក៏មិនដឹងថាមានបញ្ហាអ្វីនៅរតនាគារដែរ។ លោកបន្ថែមទាំងអស់សំណើចថា គ្មាននរណាហ៊ានយកលុយទាំងនោះទៅប្រើប្រាស់ទេ៖ «ហឺស! អត់ទេបង គ្មាននរណាទៅប្រើប្រាស់លុយហ្នឹង គាត់អត់សូវយល់ការងារហ្នឹង! ហាសៗ លុយរបស់គាត់តាបើកពីរតនាគារភ្លាមមក មិនដែលទុកយូរទេបងអើយ! គឺហៅមកបើកភ្លាមហ្នឹង មិនដល់ម៉ាល្ងាចផង»។
ទាក់ទងបញ្ហានេះដែរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា វាមិនមានអ្វីពិបាកដោះស្រាយនោះឡើយ ប៉ុន្តែដោយសារតែមានអំពើពុករលួយ រួមនឹងផែនការមិនច្បាស់លាស់របស់ក្រសួងអប់រំ ទៀតនោះ ទើបធ្វើឱ្យបញ្ហានេះនៅតែកើតឡើងដដែលៗ៖ «អាហ្នឹងតាមការពិតវានៅក្នុងកញ្ចប់ថវិការបស់ក្រសួង ហើយមានន័យថា កញ្ចប់ថវិកាហ្នឹងវាមានហើយៗវាអត់មានផលលំបាកអីទេ ប៉ុន្តែបានការឆ្លើយដាក់គ្នា ហើយនិងការគ្មានទទួលខុសត្រូវសំខាន់ការកេងប្រវ័ញ្ច ដើម្បីលាភសក្ការៈ ឬមួយយើងថាពុករលួយ តាមរយៈការប្រាក់អ៊ីចឹងទៅបាទ»។
លោកចង់ឱ្យលោកគ្រូបង្រៀនទាំងឡាយដែលជួបប្រទះបញ្ហានេះ ចូលរួមទាំងអស់គ្នា ពិសេសជាមួយសមាគមរបស់លោក ដើម្បីលុបបំបាត់នូវចំណុចអសកម្មរបស់ក្រសួង ចំពោះគ្រូបង្រៀន ជាជាងការស្ងៀមស្ងាត់នោះ។ លោកបញ្ជាក់ថា បញ្ហាប្រាក់ម៉ោងក្តី បញ្ហាផ្សេងៗទៀតក្តី គឺសុទ្ធតែប៉ះពាល់ដល់អារម្មណ៍របស់គ្រូ ហើយវាក៏ធ្វើឱ្យប៉ះពាល់ការបង្រៀន ឬវិស័យអប់រំទាំងមូលទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
