គ្រូបង្រៀន​វិទ្យាល័យ​កំពង់ធំ​បារម្ភ​ថា​ការ​ជ្រើស​រើស​នាយក​សាលា​គ្មាន​តម្លាភាព

0:00 / 0:00

គ្រូបង្រៀន​នៅ​វិទ្យាល័យ​កំពង់ធំ ខេត្ត​កំពង់ធំ បារម្ភ​ថា​ការ​វាយ​តម្លៃ​លើ​បេក្ខជន ដើម្បី​ជ្រើស​រើស​ជា​នាយក​គ្រប់គ្រង​សាលា នឹង​មិន​មាន​តម្លាភាព​ឡើយ។ ការ​លើក​ឡើង​ដូច​នេះ បន្ទាប់​ពី​ក្រដាស​វាយ​តម្លៃ​របស់​គ្រូ​ទាំង​នោះ ត្រូវ​ខាង​មន្ទីរ​ប្រមូល​ទៅ​ពិនិត្យ ដោយ​មិន​ឲ្យ​ពួក​គាត់​ដឹង​នោះ​ទេ។ យ៉ាង​ណា ប្រធាន​មន្ទីរ​អប់រំ បញ្ជាក់​ថា ដំណាក់​កាល​នេះ​គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​ប៉ុណ្ណោះ មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​ឡើយ។

ការ​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​មន្ទីរ​អប់រំ អាជ្ញាធរ​ខេត្ត រួម​ទាំង​លោកគ្រូ​អ្នកគ្រូ​ជាង ១០០​នាក់ ចូលរួម​វាយ​តម្លៃ​បេក្ខជន​បី​នាក់ ដែល​នឹង​អាច​ក្លាយ​ជា​គណៈ​គ្រប់គ្រង​សាលា​វិទ្យាល័យ​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ។ ក្រដាស​វាយ​តម្លៃ ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ធុង ហើយ​យក​ទៅ​ខាង​មន្ទីរ​អប់រំ​បាត់ ក្រោម​ហេតុផល​ថា​ធ្វើ​តាម​នីតិវិធី ដោយ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ​ទេ ទើប​ធ្វើ​ឲ្យ​គ្រូ​ជាច្រើន​យល់​ថា នឹង​អាច​មាន​ភាព​មិន​ប្រក្រតី។

គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​កំពង់ធំ ក្រុង​ស្ទឹងសែន លោក ឡេង ប៉េងសរ មាន​ប្រសាសន៍​ថា លោក​បាន​តវ៉ា​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការ​វាយ​តម្លៃ​នោះ ដោយ​លោក​ចង់​ឲ្យ​បង្ហាញ​លទ្ធផល​នៅ​ចំពោះ​អ្នក​ចូលរួម​ទាំងអស់​ភ្លាមៗ ពីព្រោះ​កាល​ពី​ពេល​កន្លង​ទៅ ការ​វាយ​តម្លៃ​ជ្រើស​រើស​នាយក​សាលា​បឋមសិក្សា​នៅ​ក្បែរ​នោះ គឺ​គេ​បង្ហាញ​លទ្ធផល​ពេល​វាយ​តម្លៃ​នៅ​ទីនោះ​តែ​ម្តង។ ប៉ុន្តែ​ការ​តវ៉ា​របស់​លោក ត្រូវ​អាជ្ញាធរ​បដិសេធ ហើយ​ថែម​ទាំង​បណ្ដេញ​លោក​ចេញ​ទៅ​ក្រៅ​ទៀត​ផង៖ «តាម​ខ្សែ​នេះ​ខ្សែ​នោះ​អ៊ីចឹង។ យើង​ឮ​អ៊ីចឹង ចេះ​តែ​ព្រួយ​បារម្ភ​ថា​វា​មិន​ប្រក្រតី។ នេះ​ជា​រឿង​កំសាក ហើយ​រឿង​កំសាក​របស់​អ្នក​មាន​អំណាច»

លោក​យល់​ថា អាជ្ញាធរ និង​ខាង​មន្ត្រី​នៅ​មន្ទីរ ហាក់​មើល​ងាយ​ទៅ​លើ​ការ​វាយ​តម្លៃ​របស់​លោកគ្រូ​អ្នកគ្រូ​ភាគ​ច្រើន ពីព្រោះ​វាយ​តម្លៃ​ហើយ​បែរ​ទៅ​បើក​មើល​លទ្ធផល​តែ​ក្រុម​គ្នា​ឯង។ លោក​បន្ត​ថា ប្រសិន​បើ​លទ្ធផល​ចេញ​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​ពួក​គាត់ នោះ​មាន​ន័យ​ថា ហៅ​លោកគ្រូ​អ្នកគ្រូ​ឲ្យ​ចូលរួម គឺ​គ្រាន់​តែ​ចង់​បំពេញ​តាម​លក្ខខណ្ឌ​របស់​គេ​ប៉ុណ្ណោះ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ធំ លោក ជូ វុនធី មាន​ប្រសាសន៍​ថា នោះ​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ទេ ប៉ុន្តែ​ជា​ការ​វាយ​តម្លៃ​ពិន្ទុ​សម្រាប់​បេក្ខជន ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​សាលា ហើយ​លោក​ថា ការ​វាយ​តម្លៃ​ក៏​មិន​ទាន់​អាច​បង្ហាញ​លទ្ធផល​ភ្លាមៗ​កើត​ដែរ៖ «វាយ​តម្លៃ​បើ​ពិន្ទុ​យើង​ស្អាត​បាន​ធ្វើ​តែ​បង្ហាញ​នៅ​ពេល​មុខ​ហ្នឹង គឺ​មិន​ទាន់​បាន​ទេ។ តែ​បើ​លោក​ចង់​មើល​គេ​ឲ្យ​មើល»

លោក​បន្ថែម​ថា គ្រូ​ដែល​ចូលរួម​មាន ១១៨​នាក់ ក្នុង​នោះ​គ្រូ ១០៨​នាក់ យល់​ព្រម​តាម​លក្ខខណ្ឌ​វាយ​តម្លៃ ប៉ុន្តែ​មាន ១០​នាក់​ទេ​ដែល​មិន​ស្រប​តាម​គោលការណ៍​នោះ។ ដូច​នេះ លោក​ថា​មតិ​ភាគ​តិច​ត្រូវ​គោរព​មតិ​ភាគ​ច្រើន។

តែ​យ៉ាង​ណា គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ទៀត គឺ​លោក ថៅ វិភាគ​បញ្ជាក់​ថា មាន​គ្រូ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​នីតិវិធី​វាយ​តម្លៃ​នោះ ប៉ុន្តែ​ពួក​គាត់​ខ្លាច និង​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា គឺ​មាន​ការ​ស្ទាបស្ទង់​មតិ​នៅ​ការិយាល័យ​អប់រំ​ស្រុក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ខាង​មន្ទីរ​ទាមទារ​យក​ប្រអប់​វាយ​តម្លៃ​ទៅ​បើក​នៅ​កន្លែង​ខ្លួន តែ​ដោយ​មាន​គ្រូ​ជាច្រើន​តវ៉ា​ខ្លាំង ទើប​ដំណើរ​ការ​ជ្រើស​រើស​នាយក​ត្រូវ​ផ្អាក​ទៅ​វិញ។ លោក​យល់​ថា ការ​ធ្វើ​បែប​នេះ ហាក់​បង្ហាញ​ថា បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ត្រូវ​បាន​គេ​តែង​តាំង​រួច​ទៅ​ហើយ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​អស់​ចិត្ត​ប៉ុណ្ណោះ៖ «តែ​បើ​លក្ខណៈ​ទៅ​វាយ​តម្លៃ​ស៊ីសុះ​ស្ងាត់ៗ ទៅ​បើក​ក្រដាស​វាយ​តម្លៃ​មាន​ពិន្ទុ​ស្រាប់​នៅ​មន្ទីរ ហើយ​យក​ទៅ​វាយ​តម្លៃ​ម៉ា​ជាន់​ទៀត​នៅ​សាលា​ស្រុក ហើយ​ខេត្ត​ជា​អ្នក​សម្រេច​នោះ​ខាង​យើង​មិន​យល់​ព្រម​ទេ»

លោក​បារម្ភ​ថា ប្រសិន​បើ​រើស​អ្នក​គ្រប់គ្រង​ម្នាក់​ដែល​គ្រូ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត នឹង​អាច​ធ្វើ​ឲ្យ​ការងារ​សាលា​ត្រូវ​រាំង​ស្ទះ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ការ​បង្រៀន​ធ្លាក់​ចុះ។ លើស​ពី​នេះ​ទៀត នឹង​អាច​បង្ក​ការ​លំបាក​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​ចេញ​មុខ​តវ៉ា​ខ្លាំង ចំពោះ​នីតិវិធី​នេះ​នៅ​ពេល​ក្រោយ។

ទាក់ទង​បញ្ហា​នេះ អនុប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា កន្លង​មក​ការ​ជ្រើស​រើស​គណៈ​គ្រប់គ្រង​សាលា ភាគ​ច្រើន​គឺ​មិន​សូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​ពេញ​ចិត្ត​របស់​លោកគ្រូ​អ្នកគ្រូ​នៅ​ក្នុង​សាលា​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ខាង​ក្រសួង ឬ​មន្ទីរ​ជា​អ្នក​សម្រេច​ទៅ​វិញ៖ «ចា៎! អ្នក​ណា​និន្នាការ​គេ​ហ្នឹង​គេ​ឲ្យ​អ្នក​ហ្នឹង​ធ្វើ​អ្នក​ដឹក​នាំ​នៅ​កន្លែង​ហ្នឹង»

អ្នកស្រី​ថា ប្រសិន​បើ​លទ្ធផល​ចេញ​មក​ដោយ​គ្រូ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត ពួក​គាត់​អាច​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​បាន លុះ​ណា​មន្ទីរ​ព្រម​យក​មតិ​ភាគ​ច្រើន​របស់​ពួក​គាត់។ ជាង​នេះ​ទៀត អ្នកស្រី​ចង់​ឲ្យ​ក្រសួង​ចាត់​វិធានការ​លើ​បញ្ហា​នេះ ហើយ​ផ្ដល់​សិទ្ធិ​ជ្រើស​រើស​គណៈ​គ្រប់គ្រង​សាលា​ដល់​គ្រូ​ទាំងអស់ ជៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។