សមាគមគ្រូបង្រៀននៅខេត្តកំពត ឲ្យដឹងថា ក្រោយពីក្រសួងអប់រំ កែទម្រង់វិស័យអប់រំចាប់ពីចុងឆ្នាំ២០១៤ មកនោះ ការសិក្សាតាមសាលានានាមានការប្រែប្រួលទៅរកភាពល្អប្រសើរច្រើន ព្រោះគ្រូៗបានគោរពម៉ោងពេលបង្រៀន និងមិនមានការសុំលុយពីសិស្ស ឬលក់ឯកសារឲ្យសិស្សដូចមុនឡើយ។
ទន្ទឹមនេះ ក៏នៅមានបញ្ហាមួយចំនួនដែលធ្វើឲ្យគ្រូបង្រៀននៅខេត្តកំពត មិនសប្បាយចិត្ត ដោយសារតែប្រាក់បន្ថែមឲ្យគ្រូបង្រៀនលើសម៉ោង និងប្រាក់បង្រៀនសម្រាប់ថ្ងៃព្រហស្បតិ៍ បែរជាយឺតមិនបានបើកចាប់ពីចុងឆ្នាំ២០១៤ មកដល់ខែឧសភា ឆ្នាំ២០១៥។ សមាគមគ្រូ និងលោកគ្រូអ្នកគ្រូ សុំឲ្យក្រសួងអប់រំ ពន្លឿនការបើកប្រាក់បង្រៀន ក្រៅពីប្រាក់ខែនោះឲ្យបានឆាប់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ពន្យល់នៅថ្ងៃទី២៧ ខែឧសភា ថា បានជាប្រាក់បង្រៀនលើសម៉ោង និងប្រាក់ថ្ងៃព្រហស្បតិ៍ របស់គ្រូៗមិនទាន់បានបើកទៀងទាត់ មកពីក្រសួងនេះកំពុងធ្វើការជាមួយក្រសួងដទៃ ដើម្បីដាក់បញ្ចូលប្រាក់បន្ថែមទាំងនោះទៅក្នុងគណនេយ្យធនាគារគ្រូៗ ដូចប្រាក់ខែរបស់ពួកគាត់ដែរ។ លោក រស់ សាលីន ថ្លែងយ៉ាងដូច្នេះ ក្រោយពីគ្រូៗជាច្រើននៅតាមបណ្ដាខេត្ត ត្អូញពីបញ្ហាប្រាក់បង្រៀនលើសម៉ោង និងប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ មិនបានបើកសោះចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤ មកបច្ចុប្បន្ន។
លោក រស់ សាលីន ឲ្យដឹងថា ប្រាក់បង្រៀនលើសម៉ោង និងប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍ ដែលគ្រូៗភាគច្រើនមិនទាន់បានបើក នឹងទទួលបានប្រាក់នោះនៅពេលឆាប់ៗ៖ «ចំពោះប្រាក់ម៉ោងដែលលើសនេះ ជាគោលការណ៍ គឺខាងខេត្តគាត់អ្នករៀបចំ ហើយដោយសារវាមានលក្ខណៈដាច់ដោយឡែកជាមួយនឹងប្រាក់បៀវត្សរ៍ យើងកំពុងតែរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធ អេធីអឹម (ATM) តែម្តង។ ហើយឥឡូវនេះ កំពុងតែពន្លឿនការងារនេះជាមួយនឹងក្រសួងមុខងារសាធារណៈ ដើម្បីធ្វើយ៉ាងណាឲ្យប្រាក់ដែលគាត់ត្រូវបាននេះ វាចូលទៅក្នុងប្រព័ន្ធអេធីអឹម ដូចបៀវត្សរ៍អ៊ីចឹងដែរ»។
គ្រូមួយរូបបង្រៀននៅវិទ្យាល័យអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក តុំ សំអាត ថ្លែងថា ពួកគាត់មិនបានបើកប្រាក់បង្រៀនលើសម៉ោងចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន៖ «ក្នុង១សប្ដាហ៍ គ្រូម្នាក់អាចលើសបានតែ ១២ម៉ោងទេច្រើនបំផុត។ ហើយចំណែកមធ្យមសិក្សាទុតិយភូមិ ដែលយើងហៅថាគ្រូបង្រៀនវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ គឺក្នុង ១ម៉ោងយើងទទួលបានម៉ោងលើស បើគិតជាលុយ គឺ ៥.២០០រៀល ហើយក្នុង១សប្ដាហ៍ យើងអាចលើសបានតែ ១២ម៉ោងទេ»។
គ្រូមួយរូបទៀតបង្រៀននៅសាលាបឋមសិក្សាសេរីសង្គម ស្រុកអង្គរជ័យ ខេត្តកំពត លោក យឹម ចំរើន ឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៥ មក គាត់មិនបានបើកប្រាក់បង្រៀនសិស្សសម្រាប់ថ្ងៃព្រហស្បតិ៍ ទេ។ លោកថា ក្នុងមួយខែគាត់បង្រៀនបានតែ ៣អាទិត្យទេ ហើយមួយអាទិត្យ ក្រសួងអប់រំ ឧបត្ថម្ភបាន ១ម៉ឺន ២ពាន់រៀល៖ «បង្រៀនហ្នឹងខែ១ ខែ២ ខែ៣ និងខែ៥ បើអ៊ីចឹងតាំងពីខែ១ ដល់ខែ៥ អត់ទាន់ឃើញមានលុយហ្នឹងធ្លាក់មកទេ»។
ពាក់ព័ន្ធការបើកប្រាក់នេះ មន្ត្រីការិយាល័យអប់រំ ស្រុកដងទង់ លោក នាក់ ដាវិត ឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា កែទម្រង់វិស័យអប់រំមក ការងាររបស់ការិយាល័យអប់រំបានផ្លាស់ប្ដូរពីការបើកសាច់ប្រាក់ផ្ទាល់ទៅគ្រូៗ មកធ្វើការងារត្រឹមតែធ្វើសំណើពីម៉ោងបង្រៀនលើសម៉ោងរដ្ឋរបស់គ្រូៗ ហើយបញ្ជូនទៅមន្ទីរអប់រំ៖ «ប្រាក់ខែគាត់បើកនៅធនាគារ ខ្ញុំធ្វើតែបែបបទបញ្ជូនទៅទេ ហើយក្រៅពីហ្នឹងវិញ ស្រុកអត់មានលុយអីបើកទេ។ ឥឡូវគេទៅធនាគារអស់ហើយ»។
ដូចគ្នានេះដែរ ប្រធានមន្ទីរអប់រំ ខេត្តកំពត លោក តាក ហាប់ ឲ្យដឹងថា ការងារបើកប្រាក់ជូនគ្រូៗ គឺបច្ចុប្បន្នទៅបើកនៅធនាគារតាមគណនេយ្យគ្រូម្នាក់ៗ ដូច្នេះមិនពាក់ព័ន្ធនឹងមន្ទីរអប់រំទៀតទេ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា កែទម្រង់វិស័យអប់រំចាប់ពីឆ្នាំសិក្សា២០១៣-២០១៤ មកនោះ ការសិក្សានៅឆ្នាំ២០១៥ មានការប្រែប្រួលសិស្សក៏នាំគ្នាខំរៀន និងមករៀនទៀងទាត់។ ឯគ្រូៗវិញគោរពម៉ោងពេលបង្រៀន គ្មានការសុំលុយពីសិស្ស ឬលក់វិញ្ញាសាដូចមុន។ ការកែប្រែទាំងនេះ ក៏មានជំនួយពីការផ្សព្វផ្សាយព័ត៌មានតាមហ្វែសប៊ុក (Facebook) ធ្វើឲ្យក្រសួងអប់រំ បានដឹងរឿងល្អ និងអាក្រក់តាមសាលានានា ហើយគ្រូ និងសិស្សដែលប្រព្រឹត្តខុស បានកែប្រែកំហុសនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
