គ្រូបង្រៀន​ចោទ​នាយក​វិទ្យាល័យ​មួយ​នៅ​ខេត្ត​កណ្ដាល​ថា​បក្ខពួក​និយម​និង​ពុក​រលួយ

0:00 / 0:00

ក្រោយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​កែ​ទម្រង់​វិស័យ​អប់រំ ៨​ចំណុច​មក អ្នក​គ្រប់គ្រង​សាលា​មួយ​ចំនួន ត្រូវ​បាន​បុគ្គលិក​នៅ​ក្រោម​ឱវាទ​លាត​ត្រដាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម។

ស្រប​ពេល​គ្នា​នេះ​ដែរ គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ស្នើសុំ​ឲ្យ​មន្ត្រី​មន្ទីរ ឬ​ក្រសួង​អប់រំ ចុះ​អង្កេត និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់គ្រង​នៅ​សាលា​មួយ​នេះ។

គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា​មួយ​រូប​បង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន ឲ្យ​ដឹង​ថា នាយក និង​នាយក​រង​មួយ​ចំនួន​នៅ​ក្នុង​វិទ្យាល័យ​នោះ បង្ក​បក្ខពួក ហើយ​បំបាត់​លុយ​ទ្រទ្រង់​សាលា និង​លុយ​ប្រជុំ​ក្នុង​សាលា។

លោក សឹម សាវណ្ណ គ្រូបង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា​នៃ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន បន្ត​ថា អ្នក​គ្រប់គ្រង​សាលា​លាក់​ឈ្មោះ​គ្រូបង្រៀន ៣​នាក់ មិន​ឲ្យ​បង្រៀន ហើយ​ប្រកាស​ថា សាលា​ខ្វះ​គ្រូ តែ​ប្រាក់​ខែ​គ្រូ​ទាំង​នោះ​មាន​ឈ្មោះ​បើក​លុយ​រាល់​ខែ៖ «លាក់​បុគ្គលិក​នៅ​ក្នុង​សាលា​រៀន​មិន​ឲ្យ​បង្រៀន មាន​តែ​ឈ្មោះ​នៅ​ក្នុង​សាលា​បើក​លុយ តែ​អត់​មក​បង្រៀន​ឈ្មោះ ចន សុភា។ ហើយ​មួយ​ទៀត លោក​នាយក​ហ្នឹង​គាត់​រៀប​កាលវិភាគ បុគ្គល​ណា​គ្នា​គេ គេ​រៀប​ជ្រើស​រើស​ថ្ងៃ​បង្រៀន​បាន ហើយ​គេ​ទៅ​ប្រកប​មុខ​របរ​ផ្សេង មុខ​របរ​ទី​ពីរ​បាន គឺ​ទៅ​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ»

លោក​បន្ត​ថា លើស​ពី​នេះ​ទៀត មាន​ការ​បង្កើន​ឋានៈ​គ្រូបង្រៀន​ម្នាក់​ឲ្យ​ឡើង​ជា​នាយក​រង ដោយ​ពុំ​មាន​ការ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​បច្ចេកទេស​ការងារ ហើយ​ឲ្យ​នាយក​រង​នោះ​បង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា ដោយ​ជ្រើស​រើស​យក​តែ​សិស្ស​ពូកែៗ​ទៅ​បង្រៀន។ លោក​ថា ក្រៅ​ពី​នេះ អ្នក​គ្រប់គ្រង​សាលា បាន​បំបាត់​លុយ​ជំនួយ​ទ្រទ្រង់​សាលា​ច្រើន​លាន​រៀល និង​លុយ​ក្រសួង​អប់រំ ដែល​ផ្តល់​ឲ្យ​១​ឆ្នាំៗ​សម្រាប់​បើក​ឲ្យ​គ្រូ​នៅ​រាល់​ពេល​ប្រជុំ​ម្តងៗ​ចំនួន ៥.០០០​រៀល​ក្នុង​ម្នាក់​ទៀត។ ប៉ុន្តែ ក្នុង​ពេល​ប្រជុំ និង​រាល់​ពេល​បិទ​បញ្ជី ថ្នាក់​ដឹក​នាំ​ជំរុញ​ឲ្យ​គ្រូៗ​ក្នុង​សាលា ចុះ​ហត្ថលេខា​ទទួល​ស្គាល់​លើ​ក្រដាស​ចំណាយ​ទៅ​វិញ៖ «មួយ​ខែៗ​ឃើញ​តែ​ឲ្យ​ពួក​ខ្ញុំ​ស៊ីញេ​បុង តែ​បុង​នោះ​គឺ​មាន​តែ​ក្រដាស»

បំភ្លឺ​តប​នឹង​ការ​ចោទ​នេះ នាយក​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន លោក ជឺ វណ្ណា ឲ្យ​ដឹង​ថា អ្វី​ដែល​នាំ​ឲ្យ​មាន​ទំនាស់ គឺ​មក​ពី​ការ​បែង​ចែក​កាលវិភាគ​បង្រៀន​បណ្ដោះអាសន្ន នៅ​ពេល​សិស្ស​ប្រឡង​ធ្លាក់​បាក់​ឌុប​ថ្មីៗ​មិន​ទាន់​មក​ដាក់​ពាក្យ​សុំ​រៀន​ថ្នាក់​ទី​១២​ឡើង​វិញ។ លោក​ថា នឹង​បែង​ចែក​កាលវិភាគ​បង្រៀន​ត្រឹមត្រូវ នៅ​ពេល​សិស្ស​ចូល​រៀន​ជាប់​លាប់។ លើស​ពី​នេះ​ទៀត លោក​សន្យា​ថា​នឹង​ផ្តល់​សិទ្ធិ​ដល់ លោកគ្រូ សឹម សាវណ្ណ ឲ្យ​បង្រៀន​មុខ​វិជ្ជា​គណិតវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ និង​ថ្នាក់​ទី​១១។ លោក​នាយក​បន្ត​ថា ចំពោះ អ្នកគ្រូ ចន សុភា ដែល​អវត្តមាន​ច្រើន​ឆ្នាំ​មិន​មក​បង្រៀន ព្រោះ​គាត់​ឈឺ ទើប​សាលា​ជួល​គ្រូបង្រៀន​ជំនួស ដោយ​យក​ប្រាក់​ខែ អ្នកគ្រូ ចន សុភា បើក​ឲ្យ​គ្រូ​ជំនួស​នោះ៖ «ក្រសួង​ដាក់​ទិសដៅ​មក ព្រោះ​គាត់​ឈឺ ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច។ គាត់​ឈឺ​ហ្នឹង មិន​មែន​ថា​គាត់​យក​ប្រាក់​ខែ​ទេ គាត់​ជួល​គ្រូ​ចូល​និវត្តន៍​ហ្នឹង ឲ្យ​បង្រៀន​ជំនួស​គាត់ ឲ្យ​ប្រាក់​ខែ​របស់​គាត់»

ចំណែក​នាយក​រង​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន លោក ខួយ សុភាព ឲ្យ​ដឹង​ថា លោក សឹម សាវណ្ណ បង្រៀន​សិស្ស​ថ្នាក់​ទី​១២ ពេល​ប្រឡង គឺ​សិស្ស​ធ្លាក់​គណិតវិទ្យា​ច្រើន ទើប​គណៈ​គ្រប់គ្រង​សាលា​បន្ថែម​គ្រូ​នាយក​រង​ឈ្មោះ ឈាន លាងហួរ ឲ្យ​បង្រៀន​សិស្ស​ថ្នាក់​ទី​១២ ជាមួយ លោកគ្រូ សឹម សាវណ្ណ។ លោក​បន្ទោស​ថា តាំង​ពី លោកគ្រូ សឹម សាវណ្ណ ផ្ទេរ​ពី​វិទ្យាល័យ​ផ្សេង​ចូល​មក​បង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន គឺ​លោក សឹម សាវណ្ណ តែង​តែ​បង្ក​រឿង​ចាប់​កំហុស​គ្រូ​មិន​មក​បង្រៀន កំហុស​ចំណាយ​លុយ​កាក់​ក្នុង​សាលា កំហុស​បច្ចេកទេស​បង្រៀន ការ​បែង​ចែក​កាលវិភាគ ជាដើម៖ «សម្រាប់​គ្រូ សាវណ្ណ នៅ​ក្នុង​សាលា​ខ្ញុំ​បើ​សិន​ជា​មាន​គ្រូ​គ្រប់គ្រាន់ ខ្ញុំ​អត់​ឲ្យ​បង្រៀន​ទេ តែ​វា​អត់​គ្រូ គឺ​សាលា​ខ្ញុំ​វា​អត់​គ្រូ​សោះ»

ទាក់ទង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ថ្លែង​ថា ក្រសួង​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន ប្ដឹង​ពី​កំហុស​ថ្នាក់​ដឹក​នាំ​នៅ​ឡើយ៖ «ក្នុង​ករណី​ដែល​មាន​ភាព​មិន​ប្រក្រតី ហើយ​មាន​លិខិត​ស្នើសុំ និង​មាន​បណ្ដឹង​ណា​មួយ​ជា​មូលដ្ឋាន ក្រសួង​នឹង​ពិនិត្យ​មើល​ស្ថានភាព និង​ហេតុការណ៍​ជាក់ស្តែង ហើយ​បញ្ជូន​ក្រុម​អធិការកិច្ច​ដើម្បី​ចុះ​ទៅ​ពិនិត្យ»

លោក សឹម សាវណ្ណ ឲ្យ​ដឹង​ថា គាត់​ទើប​ចូល​មក​បង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន សំពៅ​ពូន រយៈពេល ៣​ឆ្នាំ​ទេ តែ​គាត់​ឃើញ​ថ្នាក់​ដឹក​នាំ​ក្នុង​វិទ្យាល័យ​នោះ​ប្រព្រឹត្ត​កំហុស​ច្រើន ដែល​គួរ​តែ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជូន​ក្រុម​អធិការកិច្ច​ចុះ​ពិនិត្យ​គ្រប់​សាលា ដើម្បី​កែលំអ​កំហុស​ថ្នាក់​ដឹក​នាំ​ឲ្យ​ស្រប​នឹង​ការ​ប្រកាស​កែ​ទម្រង់​វិស័យ​អប់រំ ដែល​កន្លង​មក​ច្រើន​កើត​មាន​អំពើ​ពុក​រលួយ និង​បក្ខពួក​ក្នុង​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។