គ្រូបង្រៀន​នៅ​ខេត្ត​ក្រចេះ​មិន​ទាន់​បើក​ប្រាក់​ម៉ោង​រយៈពេល​មួយ​ឆ្នាំ

ដោយ សូត សុខប្រាថ្នា
2014.09.30

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ​នៅ​ខេត្ត​ក្រចេះ នាំ​គ្នា​ត្អូញត្អែរ​ថា មន្ទីរ​អប់រំ​មិន​បាន​បើក​ប្រាក់​ម៉ោង​ជូន​ពួក​គាត់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ ពួក​គាត់​បញ្ជាក់​ថា ការ​បើក​ប្រាក់​ម៉ោង​យឺត​បែប​នេះ វា​ធ្វើ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​នឹង​លែង​ចង់​បង្រៀន​ថែម​ម៉ោង​ត​ទៅ​ទៀត។

ចំណែក​ខាង​មន្ទីរ​អប់រំ​វិញ​បញ្ជាក់​ថា ពិត​ជា​មាន​ការ​យឺតយ៉ាវ​បន្តិច​មែន ប៉ុន្តែ​វា​នឹង​អាច​បាន​ក្នុង​ពេល​ឆាប់ៗ។

ជិត​នឹង​ចូល​ឆ្នាំ​សិក្សា​ថ្មី​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​ក្រចេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ប្រាក់​ម៉ោង នៅ​ឆ្នាំ​សិក្សា​ចាស់​ចំនួន​បី​ត្រីមាស​នៅ​ឡើយ។ ពួក​គាត់​លើក​ឡើង​ថា ការ​បើក​ប្រាក់​ម៉ោង​មាន​ភាព​យឺតយ៉ាវ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​នៃ​ការ​បង្រៀន​របស់​ពួក​គាត់​ជា​ខ្លាំង។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​រូប​ក្នុង​ក្រុង​ក្រចេះ ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា រាល់​ឆ្នាំ​ពួក​គាត់​អាច​ទទួល​បាន​ប្រាក់​ម៉ោង​ក្នុង​រយៈពេល​មួយ​ត្រីមាស ឬ​បី​ខែ​ម្តង ហើយ​បើ​យូរ​ណាស់ គឺ​២​ត្រីមាស ប៉ុន្តែ​ឆ្នាំ​នេះ ពួក​គាត់​មិន​បាន​ទទួល​ប្រាក់​នោះ​រហូត​ដល់​បី​ត្រីមាស ដែល​ស្មើ​នឹង​មួយ​ឆ្នាំ។

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មិន​ដឹង​ថា វា​ជា​កំហុស​របស់​ខាង​មន្ទីរ ឬ​ក្រសួង​នោះ​ទេ ប៉ុន្តែ​បើ​កំហុស​ខាង​ក្រសួង​នោះ គឺ​គ្រប់​គ្រូ​ទាំងអស់​ទូទាំង​ប្រទេស គឺ​ជួប​បញ្ហា​នេះ​ដូច​គ្នា តែ​នេះ​មាន​តែ​ខេត្ត​ក្រចេះ ទេ ដោយ​ឡែក​ខេត្ត​ផ្សេងៗ​គេ​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង​រួច​រាល់​ហើយ៖ «អ៊ីចឹង​ទៅ​ដូចជា​អត់​មាន​បាក់​ទឹក​ចិត្ត​លែង​ចង់​បង្រៀន។ អ៊ីចឹង​ទៅ ធ្វើ​ឱ្យ​សិស្ស​ហ្នឹង​ក៏​ពិបាក គ្រូ​ហ្នឹង​ក៏​ពិបាក។ គ្រូ​បើក​លុយ​អត់​បាន​សិស្ស​ក៏​អត់​ចេះ​ដែរ គ្រូ​ក៏​អត់​ចង់​បង្រៀន។ ប្រសិន​បើ​យើង​ធ្វើ​ការ​ហ្នឹង​មួយ​ខែ​បាន​មក​មួយ​ខែ ម៉ោង​លើស​យើង​ធ្វើ​បាន​មួយ​ត្រីមាស​បាន​មួយ​ត្រីមាស អា​ហ្នឹង​គ្រូ​ចេះ​តែ​ចង់​បាន​ហើយ​ម៉ោង​លើស ព្រោះ​អា​ហ្នឹង​ដូច​ថា​លុយ​សន្សំ​ណា​បង»

គ្រូបង្រៀន​ដដែល​ចង់​ឱ្យ​មន្ទីរ ឬ​ក្រសួង បើក​ប្រាក់​បន្ថែម​ម៉ោង​ជូន​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ឱ្យ​បាន​ទៀង​ទាត់ ជៀសវាង​ធ្វើ​ឱ្យ​ពួក​គាត់​បាក់​ទឹក​ចិត្ត ដែល​វា​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បង្រៀន​ទៀត​ផង ព្រោះ​គិត​មក​ដល់​ពេល​នេះ ប្រាក់​ម៉ោង​ទាំង​បី​ត្រីមាស អ្នកស្រី​ថា​អាច​បាន​ជាង ២​លាន​រៀល។ ក្រៅ​ពី​គ្រូបង្រៀន​នៅ​ក្រុង​ក្រចេះ ក៏​មាន​គ្រូបង្រៀន​នៅ​តាម​ស្រុក​ជាច្រើន​ទៀត ក៏​បាន​ត្អូញត្អែរ​ចំពោះ​បញ្ហា​នេះ​ដូចៗ​គ្នា​ដែរ។ ពួក​គាត់​ចង់​ឱ្យ​មន្ទីរ គប្បី​ប្រាប់​ពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ដល់​គ្រូ​ទាំងអស់ ដោយ​មិន​ត្រូវ​ឱ្យ​ពួក​គាត់​រង់ចាំ​ដោយ​គ្មាន​ដំណឹង​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ក្រចេះ លោក ឡាយ បូរ៉ា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ថា លោក​ទទួល​ស្គាល់​ថា វា​ពិត​ជា​មាន​ភាព​យឺតយ៉ាវ​មែន ប៉ុន្តែ​ដោយសារ​តែ​ការ​បំពេញ​បែបបទ​របស់​លោកគ្រូ​អ្នកគ្រូ​ទាំង​នោះ នៅ​មាន​កំហុស ដែល​ត្រូវ​ការ​កែ​តម្រូវ​ជាច្រើន​លើក​ច្រើន​សា ទម្រាំ​បញ្ជូន​ទៅ​ខាង​រតនាគារ។ លោក​បន្ថែម​ថា លុយ​ទាំង​នោះ​មិន​បាត់​ឡើយ ហើយ​ខាង​មន្ទីរ​ក៏​បាន​បញ្ជូន​សំណុំ​បែបបទ​ទៅ​រតនាគារ​ជាង​មួយ​ខែ​ទៅ​ហើយ​ដែរ ប៉ុន្តែ​អាច​មាន​បញ្ហា​នៅ​ខាង​រតនាគារ​ទៅ​វិញ​ទេ។

លោក ឡាយ បូរ៉ា៖ «អើ! កន្លង​មក​យើង​ធ្លាប់​ការ​យឺតយ៉ាវ​អ៊ីចឹង​ដែរ ដោយសារ​យើង​ត្រូវ​ការ​ត្រួត​ពិនិត្យ​ច្រើន​កុំ​ឱ្យ​វា​ខុស។ វា​មិន​មែន​ជា​រឿង​បាត់​លុយ​អី​ទេ វា​មិន​មែន​ជា​រឿង​អី​មួយ​ដែល​កើត​ឡើង។ យើង​ខាង​មន្ទីរ​ហ្នឹង ពិនិត្យ​មើល​កុំ​ឱ្យ​ខុស កុំ​ឱ្យ​មាន​បញ្ហា​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ចុះ​អធិការកិច្ច​អី​ទៅ យើង​វាៗ​ពិបាក​ដោះស្រាយ​ណា៎! បាទ! អ៊ីចឹង​ទេ ជម្រាប​ជូន​គាត់​ផង​ថា​វា​មិន​បាត់​ទេ​លុយ​ហ្នឹង តែ​វា​គ្រាន់​តែ​យឺតយ៉ាវ​បន្តិច ដោយសារ​ការងារ​ធ្វើ​ទូទាត់​មក​របស់​នាយក​សាលា​មួយ​ចំនួន​ធំ វា​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស»

លោក​បន្ត​ថា លោក​បាន​ប្រាប់​ទៅ​គ្រប់​នាយក​សាលា​ជុំវិញ​បញ្ហា​នេះ ដើម្បី​ឱ្យ​គ្រូ​ទាំងអស់​បាន​ដឹង ប៉ុន្តែ​អាច​នាយក​មិន​បាន​ប្រាប់​ទៅ​គ្រូ​ទាំង​នោះ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​យឺតយ៉ាវ​នេះ។ ប្រាក់​ម៉ោង​សម្រាប់​គ្រូបង្រៀន​នៅ​វិទ្យាល័យ ឬ​កម្រិត​ឧត្តម ទទួល​បាន ១​ម៉ោង ៥.២០០​រៀល ចំណែក​គ្រូ​កម្រិត​មធ្យម ឬ​អនុវិទ្យាល័យ គឺ​ទទួល​បាន ១​ម៉ោង ២.៦០០​រៀល ហើយ​គ្រូ​ដែល​បង្រៀន​នៅ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ក្នុង​ខេត្ត​ក្រចេះ គឺ​មាន​ប្រមាណ​ជិត ១​ពាន់​នាក់។

កន្លង​ទៅ គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម ក៏​បាន​ជួប​បញ្ហា​នេះ​ដែរ គឺ​ប្រាក់​ម៉ោង​ពីរ​ត្រីមាស​របស់​ពួក​គាត់​មិន​បាន​ទទួល ប៉ុន្តែ​ក្រោយ​ពេល​ខាង​មន្ទីរ​បញ្ជូន​សំណុំ​ឯកសារ​ទៅ​ខាង​រតនាគារ​រួច ព្រម​ទាំង​មាន​ប្រតិកម្ម​ពី​សំណាក់​គ្រូ​ជាច្រើន ចំពោះ​ការ​យឺតយ៉ាវ​នោះ ប្រាក់​ម៉ោង​របស់​គ្រូបង្រៀន​នៅ​ខេត្ត​កំពង់ចាម ក៏​ទទួល​បាន​ចំនួន​មួយ​ត្រីមាស​កាល​ពី​ដើម​ខែ​កញ្ញា។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​របស់​គ្រូបង្រៀន​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ចំពោះ​រឿង​ប្រាក់​ម៉ោង​វិញ គឺ​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល។ លោក​ចង់​ឱ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ ចំពោះ​បញ្ហា​នេះ និង​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា បញ្ហា​ប្រាក់​ម៉ោង​ក្តី បញ្ហា​ផ្សេងៗ​ទៀត​ក្តី គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គ្រូ ហើយ​វា​ក៏​ធ្វើ​ប៉ះពាល់​ការ​បង្រៀន ឬ​វិស័យ​អប់រំ​ទាំង​មូល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។