ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅស្រុកមេមត់ រិះគន់ចំពោះការកាត់ប្រាក់ខែដែលពួកគាត់បានបង្រៀនបន្ថែមម៉ោង ដោយមិនមានបញ្ជាក់មូលហេតុច្បាស់លាស់។ គ្រូបង្រៀនទាំងនោះបញ្ជាក់ថា ពួកគាត់ជាអ្នកបង្រៀន បែរជាពេលខ្លះត្រូវទទួលបានប្រាក់តិចជាងនាយិកាសាលាទៅវិញ។ ចំណែកនាយិកាសាលា រួមនិងការិយាល័យអប់រំស្រុក បានបដិសេធថា ការលើកបញ្ហានេះឡើងជាការមួលបង្កាច់ឱ្យពួកគាត់ខូចកិត្តិយស។
ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សា តេជោ សែន ផ្លាកសំរោង ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បានថ្លែងស្រដៀងគ្នាថា ពួកគាត់មានការអាក់អន់ចិត្តចំពោះការកាត់ប្រាក់បង្រៀនលើសមួយវេនរបស់ពួកគាត់ដោយកាត់យកមួយខែ។
ក្រុមគ្រូបង្រៀនពន្យល់ថា ការកាត់ប្រាក់បន្ថែមម៉ោងមួយខែនេះ ត្រូវបែងចែកទៅខាងការិយាល័យកន្លះខែ និងខាងនាយិកាកន្លះខែ។ ក្រុមគ្រូបង្រៀនបន្ថែមថា ក្រៅពីការកាត់ប្រាក់ពីរវេនពីលោកគ្រូអ្នកគ្រូថ្មីៗនេះ ស្រាប់តែបែកធ្លាយរឿងនាយិកាលាក់ថ្នាក់បង្រៀនមួយសម្រាប់ខ្លួនឯង ដោយមិនបានបង្រៀននោះទេ គឺទុកដើម្បីទទួលប្រាក់ខែ ទើបធ្វើឱ្យគ្រូទាំងនោះរឹតតែមិនសប្បាយចិត្តថែមទៀត៖ «មុននឹងឱ្យពួកខ្ញុំបង្រៀនពីរវេន គាត់សុំគាត់ហៅពួកខ្ញុំទៅជួបតែពីរនាក់សិនទេ ហៅតែពីរនាក់ទៅបន្ទប់គាត់ហ្នឹង គាត់និយាយថា គាត់សុំកន្លះខែ។ គាត់សុំកន្លះខែ ការិយាល័យសុំកន្លះខែ។ ពេលខ្ញុំបើកប្រាក់ខែនៅការិយាល័យៗខាងនោះគេសុំកន្លះខែ តែមិនដឹងថា គេយកទៅធ្វើអីដែរ។ ចា៎! គាត់លួចថ្នាក់មត្តេយ្យហ្នឹងមួយវេនហើយ ហើយគាត់នាយកហ្នឹងមួយវេនហើយ ហើយគាត់មកយកជាមួយខ្ញុំហ្នឹងពាក់កណ្ដាលឆ្នាំទៀត។ ដល់ពេលគាត់មិនបង្រៀនគាត់ជួលខ្ញុំបង្រៀនក្នុងមួយខែ ២០ម៉ឺនរៀល»។
ក្រុមគ្រូបង្រៀនទាំងនោះបន្តថា កន្លងមកនាយិកាធ្លាប់បានគំរាមដល់លោកគ្រូអ្នកគ្រូណាមួយ ដែលបង្កការលំបាកដល់សាលានោះ គាត់នឹងចាត់ការទៅតាមនីតិវិធី។ ក្រុមគ្រូបង្រៀនទាំងនោះស្នើសុំឱ្យនាយិកា រួមនឹងការិយាល័យអប់រំស្រុក គប្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់ ក្នុងការកាត់ប្រាក់បន្ថែមម៉ោងរបស់ពួកគាត់ ដើម្បីតម្លាភាពទាំងអស់គ្នា និងជាការលើកទឹកចិត្តដល់គ្រូបង្រៀនទាំងអស់ ដើម្បីឱ្យវិស័យអប់រំមានការរីកចម្រើន។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយិកាសាលាបឋមសិក្សា តេជោ សែន ផ្លាកសំរោង អ្នកស្រី អ៊ឹម វុឌ្ឍានី បានបញ្ជាក់ថា មិនមានការកាត់ប្រាក់ខែបង្រៀនពីរវេនរបស់លោកគ្រូអ្នកគ្រូនោះឡើយ។ ហើយអ្នកស្រីហៅការចោទប្រកាន់នេះថា ជារឿងដើម្បីបង្ខូចកិត្តិយសរបស់គាត់។ ចំណែករឿងលាក់ថ្នាក់បង្រៀននោះវិញ អ្នកស្រីក៏បានបញ្ជាក់ថា ជារឿងមិនពិតនោះទេ ពីព្រោះកន្លងមកអ្នកស្រីបានស្នើសុំទៅខាងការិយាល័យអប់រំស្រុក ដើម្បីបែងចែកថ្នាក់មត្តេយ្យឱ្យបានប្រាំថ្នាក់ ប៉ុន្តែខាងស្រុកមិនទាន់មានឆ្លើយតបយ៉ាងណានោះទេ ទើបតែថ្មីៗនេះបានខាងស្រុកឆ្លើយតបយល់ព្រមឱ្យមានការបំបែកថ្នាក់។ អ្នកស្រីបញ្ជាក់ថា ឋានៈត្រឹមនាយិកាគ្មានសិទ្ធិណាមួយកាត់ប្រាក់ខែគ្រូ និងគ្មានសិទ្ធិលាក់ថ្នាក់នោះដែរ។
អ្នកស្រី អ៊ឹម វុឌ្ឍានី៖ «អ៊ីចឹងខ្ញុំចង់ដឹងណាស់ថា តើខ្ញុំកាត់ប្រាក់ខែគេតាមផ្លូវណា បើខ្ញុំមិនមែនជាអ្នកបើកលុយផង ហើយខ្ញុំនាយិកាមានសិទ្ធិអីទៅកាត់ប្រាក់ខែគេ។ ហើយថ្នាក់មត្តេយ្យ ខ្ញុំមានសិទ្ធិអីទៅលាក់ថ្នាក់។ អត់មានទេ មត្តេយ្យ ខ្ញុំដោយខ្ញុំអត់មានបន្ទប់។ ហើយអ៊ីចឹងមិនមែនមានន័យថា យើងសុំគេដប់គេឱ្យទាំងដប់ទេ។ ឧទាហរណ៍ សាលាខ្ញុំ បុគ្គលិកខ្ញុំតិចអ៊ីចឹង ខ្ញុំត្រូវការប្រើបុគ្គលិកពីរពេល ដើម្បីយកមកបង្រៀនតាមថ្នាក់ ដែលថ្នាក់ខ្លះគ្មានគ្រូ។ អ៊ីចឹង ខ្ញុំសុំទៅការិយាល័យ ការិយាល័យចំណារទៅមន្ទីរទៀត បើគេឯកភាពមក ទើបគាត់ឱ្យមកយើង។ ចុះបើគេមិនឯកភាពសុំដប់គេឱ្យតែប្រាំធ្វើម៉េច។ អ៊ីចឹង យើងមិនអាចបំបែកបានពីដើមឆ្នាំមកទេ»។
អ្នកស្រីបន្តថា អ្នកស្រីក៏ចង់ទាមទាររកយុត្តិធម៌ចំពោះការចោទប្រកាន់នេះ ពីព្រោះជារឿងមិនពិតទាំងស្រុង។
ដោយឡែកប្រធានការិយាល័យអប់រំស្រុកមេមត់ លោក កែវ គឹមស៊ុន បានមានប្រសាសន៍កាលពីថ្ងៃទី១០ កុម្ភៈ ថា ខាងការិយាល័យអប់រំស្រុកគ្មានសិទ្ធិកាត់ប្រាក់បន្ថែមម៉ោងគ្រូបង្រៀននោះទេ៖ «បាទៗៗការិយាល័យខ្ញុំមានរឿងអីទៅកាត់ប្រាក់ខែបុគ្គលិក វាដូចជាហួសហេតុពេលហើយ។ នាយករងម្នាក់ខ្ញុំដឹងជាអ្នកផ្តល់ព័ត៌មានទៅវិទ្យុអាស៊ីសេរី តែវាខុសរឿង តើការិយាល័យទៅកាត់ប្រាក់ខែគ្រូម៉េច ឱ្យវាមានរឿងប៉ុនមហាមេឃទៅ។ ខ្ញុំអត់ត្រូវរឿងអ៊ីចឹង»។
លោកបន្តថា ចំណែករឿងគ្រូបង្រៀនចោទនាយិកាសាលាលាក់ថ្នាក់នោះ ក៏ជារឿងមិនពិតនោះដែរ ពីព្រោះនាយិកាបានដាក់ពាក្យស្នើសុំបំបែកថ្នាក់មែន ប៉ុន្តែមិនទាន់មានការឯកភាពពីថ្នាក់លើ ដែលហៅថាជារយៈពេលអន្តរកាល ទើបនាយិកាគ្មានសិទ្ធិបង្រៀននោះឡើយ។
បញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា វាជារឿងដដែលៗ។ រីឯក្នុងនាមលោកជាអ្នកនិយាយ ក៏នៅតែដដែលៗ ថាមន្ត្រីក្រសួងអប់រំ គ្មានចំណាត់ការណាមួយឱ្យបានប្រសើរចំពោះមន្ត្រីថ្នាក់ក្រោមឱ្យមានប្រសិទ្ធភាពនោះទេ គឺនៅតែមានបញ្ហាចោទឡើង។ លោកបន្តថា វាជារឿងមិនត្រឹមត្រូវរបស់អ្នកដឹកនាំសាលាទាំងអស់ នៅពេលដែលមានការគំរាមគ្រូណាដែលហ៊ាននិយាយរិះគន់ខ្លួន ដូចជាការសួររកមុខគ្រូណាដែលផ្តល់ព័ត៌មានដល់កាសែត ជាដើម។ លោកសង្ឃឹមថា នៅពេលមន្ត្រីរាជការ ពិសេសក្រុមគ្រូបង្រៀនទទួលប្រាក់ខែពីធនាគារនោះ នឹងអាចកាត់បន្ថយការកាត់ប្រាក់ខែគ្រូបង្រៀនបានខ្លះ ប៉ុន្តែគុណភាពអប់រំវិញ លោកមិនសង្ឃឹមថា នឹងបានប្រសើរនោះទេ ពីព្រោះប្រាក់ខែរបស់គ្រូបង្រៀននៅតែតិច ធ្វើឱ្យកិច្ចការបង្រៀនសិស្សនៅតែមិនគ្រប់គ្រាន់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
