គ្រូបង្រៀន​៦០​នាក់​នៅ​ខេត្ត​ព្រះវិហារ​ទាមទារ​បើក​ប្រាក់​ថ្លៃ​ធ្វើ​មេ​ប្រយោគ​ប្រឡង​សិស្ស​ពូកែ

0:00 / 0:00

គ្រូបង្រៀន​ខ្លះ​នៅ​ខេត្ត​ព្រះវិហារ បាន​ចោទ​សួរ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ថា តើ​ការ​ប្រឡង​សិស្ស​ពូកែ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ក្រសួង​បាន​ចំណាយ​ថវិកា​សម្រាប់​ថ្លៃ​ភារកិច្ច​ឲ្យ​គ្រូៗ​ដែល​ទៅ​ធ្វើ​ជា​មេ​ប្រយោគ ឬ​ក៏​តម្រូវ​ឲ្យ​ចាយ​លុយ​ក្នុង​ហោប៉ៅ​របស់​ខ្លួន​ឯង?

ការ​ចោទ​សួរ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​ជាច្រើន​នាក់​ដែល​ទៅ​ធ្វើ​មេ​ប្រយោគ នៃ​ការ​ប្រឡង​សិស្ស​ពូកែ បាន​រង់ចាំ​បើក​ប្រាក់​ថ្លៃ​ភារកិច្ច​រយៈពេល​ជាង ២​ខែ​មក​ហើយ ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះវិហារ នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

ក្រុម​គ្រូបង្រៀន​ប្រមាណ ៦០​នាក់​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន រួម​ទាំង​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ កំពុង​ទាមទារ​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា ប្រញាប់​បើក​ប្រាក់​ថ្លៃ​ធ្វើ​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ ឲ្យ​ពួក​គេ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់។

ការ​ទាមទារ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​ខ្លះ​ដែល​ខំ​ស្កាត់​មក​ពី​ស្រុក​ឆ្ងាយៗ ហើយ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​ធ្វើ​ជា​មេ​ប្រយោគ សម្រាប់​ការ​ប្រឡង​សិស្ស​ពូកែ​នៅ​ក្នុង​ទី​រួម​ខេត្ត កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ កន្លង​ទៅ ក៏ប៉ុន្តែ​ពួក​គេ​បាន​រង់ចាំ​រយៈពេល​ជាង ២​ខែ​មក​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះវិហារ បើក​ប្រាក់​ថ្លៃ​ភារកិច្ច​ទាំង​នោះ​មក​ឲ្យ​ពួក​គេ​នៅ​ឡើយ។

គ្រូបង្រៀន​ម្នាក់​មក​ពី​ស្រុក​សង្គមថ្មី ក្នុង​ចំណោម​គ្រូ​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​ជា​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ គឺ​លោក សេង សារឿន។ លោក​មាន​ប្រសាសន៍​ថា រូប​លោក​ដែល​មាន​ជីវភាព​ក្រីក្រ​ផង កំពុង​រង់ចាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះវិហារ បើក​ប្រាក់​ថ្លៃ​ភារកិច្ច​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់។ គ្រូបង្រៀន​ដដែល​បញ្ជាក់​ថា តាម​លោក​ដឹង គឺ​មេ​ប្រយោគ​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ថ្លៃ​ភារកិច្ច​ជាង ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ គាត់​បាន​ធ្វើ​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ​នោះ​រយៈពេល ២​ថ្ងៃ ដោយ​ត្រូវ​ចំណាយ​លុយ​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន។ គាត់​រង់ចាំ​មើល​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះវិហារ បើក​ប្រាក់​ថ្លៃ​ភារកិច្ច​មេ​ប្រយោគ​នោះ ក៏ប៉ុន្តែ​រយៈពេល​ជាង ២​ខែ​ទៅ​ហើយ នៅ​មិន​ទាន់​ដឹង​យ៉ាង​ណា​ទេ៖ « គ្រូ​នៅ​តាម​ស្រុក គ្នា​មក​ដេក​ផ្ទះ​សំណាក់ ហូប​ចុក ចាយ​វាយ ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​វិញ​ដូចជា​អត់​មាន​ប្រាក់​ថ្លៃ​អ្វី​សោះ »

គ្រូបង្រៀន​ម្នាក់​ទៀត​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ដែល​ធ្វើ​ជា​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ​ដែរ លោក ជា រ៉ុម មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​សម័យ​ប្រឡង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​រយៈពេល​ជាង ២​ខែ​ហើយ រូប​លោក​នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​ថ្លៃ​ភារកិច្ច​ធ្វើ​ជា​មេ​ប្រយោគ​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា ទេ។ រូប​លោក​ធ្លាប់​ទៅ​សួរ​ដេញដោល​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ ដែរ ប៉ុន្តែ​មន្ត្រី​ឆ្លើយ​ថា សំណុំ​បែបបទ​នៃ​ការ​ចំណាយ​ថវិកា​នេះ គឺ​ទើរ​នៅ​មន្ទីរ​ហិរញ្ញវត្ថុ។ លោក ជា រ៉ុម បញ្ជាក់​ថា លោក​មិន​យល់​ពី​នីតិវិធី និង​សំណុំ​បែបបទ​រឿង​លុយ​កាក់​ដែល​មន្ទីរ​អប់រំ និយាយ​នោះ​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​គ្រូបង្រៀន​ដូច​រូប​លោក​ត្រូវ​ការ​ជា​ចាំបាច់ គឺ​បើក​ប្រាក់​ថ្លៃ​ភារកិច្ច ដើម្បី​យក​មក​ដោះស្រាយ​ជីវភាព​ដែល​កំពុង​តែ​ខ្វះខាត៖ « ខ្ញុំ​មិន​ដឹង​រឿង​ទេ គ្រាន់​តែ​ថា​យើង​ជា​គ្រូ កាល​ណា​អត់​បើក​លុយ សួរ​ទៅ​មន្ទីរ​អប់រំ ហើយ​មន្ទីរ​អប់រំ គេ​ឆ្លើយ​ថា​សំណុំ​បែបបទ​គេ​ដាក់​ទៅ​មន្ទីរ​ហិរញ្ញវត្ថុ ហើយ​មន្ទីរ​ហិរញ្ញវត្ថុ គេ​អត់​ស៊ីញេ មិន​ដឹង​ថា​ខុស​អ្វី​ទេ »

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះវិហារ លោក ហន ឆន បាន​ឆ្លើយ​តប​បញ្ហា​នេះ​យ៉ាង​ខ្លី​ថា រូប​លោក​កំពុង​តែ​ប្រឹងប្រែង​ដោះស្រាយ​រឿង​ថវិកា​នេះ៖ « យើង​ដាក់​សំណុំ​បែបបទ​ទៅ​មន្ទីរ​ហិរញ្ញវត្ថុ ហើយ ក៏ប៉ុន្តែ​គេ​មិន​ទាន់​សម្រេច​ឲ្យ »

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ទៅ​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សាខា​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ គឺ​មាន​គ្រូបង្រៀន​ប្រមាណ ៦០​នាក់​ត្រូវ​បាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ចាត់​តាំង​ឲ្យ​ធ្វើ​ជា​មេ​ប្រយោគ​នៃ​ការ​ប្រឡង​សិស្ស​ពូកែ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ កន្លង​ទៅ។ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​មេ​ប្រយោគ​ទាំងអស់​នោះ គឺ​ប្រមាណ​ជាង ១៨​លាន​រៀល។

ប្រធាន​សាខា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ខេត្ត​ព្រះវិហារ លោក ធួន ពុធ មាន​ប្រសាសន៍​ថា មាន​គ្រូបង្រៀន​ខ្លះ​បាន​ប្ដឹង​មក​រូប​លោក​ជុំវិញ​បញ្ហា​មិន​ទាន់​បើក​ប្រាក់​ថ្លៃ​មេ​ប្រយោគ​នោះ។ លោក ធួន ពុធ បញ្ជាក់​ថា ជា​ធម្មតា ការ​ប្រឡង​សិស្ស​ពូកែ គឺ​ជា​កម្មវិធី​ថ្នាក់​ជាតិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​លោក​មិន​ជឿ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា មិន​គិតគូរ​ពី​រឿង​ថវិកា​សម្រាប់​ចំណាយ​លើ​កម្មវិធី​នោះ​ទេ គឺ​មាន​តែ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់លាស់​ប៉ុណ្ណោះ៖ « បញ្ហា​យឺតយ៉ាវ​នេះ គឺ​ជា​ចេតនា​មួយ​ដែល​មិន​ទទួល​ខុស​ត្រូវ ហើយ​អ្នក​ដែល​មិន​ទទួល​ខុស​ត្រូវ គឺ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រះវិហារ »

លោក ធួន ពុធ សន្យា​ថា លោក​នឹង​ព្យាយាម​ជួប​ជាមួយ​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ ខេត្ត​ព្រះវិហារ ដើម្បី​ជំរុញ​ចំពោះ​ការ​បើក​ប្រាក់​ថ្លៃ​មេ​ប្រយោគ​ឲ្យ​គ្រូបង្រៀន​ឲ្យ​បាន​ឆាប់​រហ័ស។

មន្ត្រី​សាខា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដដែល​ឲ្យ​ដឹង​ថា នៅ​ខេត្ត​ព្រះវិហារ មិន​មែន​មាន​បញ្ហា​យឺតយ៉ាវ​តែ​ការ​បើក​ប្រាក់​ថ្លៃ​មេ​ប្រយោគ​ប្រឡង​សិស្ស​ពូកែ​នេះ​ទេ គឺ​ថវិកា​នៃ​កម្មវិធី​អាទិភាព ភី.ប៊ី (PB) សម្រាប់​ជួយ​ផ្គត់ផ្គង់​ឲ្យ​គ្រូបង្រៀន​នៅ​តាម​តំបន់​ដាច់​ស្រយាល ក៏​យឺតយ៉ាវ​រយៈពេល​ជាង ៧​ខែ​ហើយ នៅ​មិន​ទាន់​ផ្ដល់​ឲ្យ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។