មន្ត្រី​មន្ទីរ​អប់រំ​នៅ​ព្រៃវែង​រង​ការ​រិះគន់​ថា​យក​ប្រាក់​ធ្វើ​លិខិត​បញ្ជាក់​ប្រឡង​ត​ជំនាញ

0:00 / 0:00

គ្រូបង្រៀន​អនុវិទ្យាល័យ​នៅ​ខេត្ត​ព្រៃវែង មួយ​ចំនួន រិះគន់​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ថា​បាន​យក​ប្រាក់​ថ្លៃ​ធ្វើ​លិខិត​បញ្ជាក់​ពី​អង្គភាព​របស់​គ្រូបង្រៀន​ម្នាក់ ៥​ពាន់​រៀល ដោយ​ពុំ​មាន​វិក្កយបត្រ។

គ្រូបង្រៀន​ស្នើ​ឲ្យ​ក្រសួង​អប់រំ កំណត់​ពី​តម្លៃ​នៃ​ការ​ធ្វើ​លិខិត​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ជៀសវាង​កុំ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ពី​ការ​ធ្វើ​លិខិត​ស្នាម។ ប៉ុន្តែ មន្ត្រី​អប់រំ​ខេត្ត បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

គ្រូបង្រៀន​អនុវិទ្យាល័យ​ដែល​បង់​ថ្លៃ​ធ្វើ​លិខិត​ស្នាម​នោះ លើក​ឡើង​ថា មន្ទីរ​អប់រំ​ខេត្ត​មិន​គួរ​យក​ប្រាក់​ធ្វើ​លិខិត​បញ្ជាក់​ពី​គ្រូបង្រៀន​ឡើយ ពីព្រោះ​ថា ពួក​គាត់​មាន​ប្រាក់​ខែ​តិច ហើយ​ម្យ៉ាង​ទៀត ការ​បញ្ជាក់​ធ្វើ​លិខិត​ស្នាម​នោះ ក្នុង​គោល​បំណង​ទៅ​ប្រឡង​ត​ជំនាញ​គ្រូ ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​បន្ថែម​មួយ​កម្រិត​ទៀត។

គ្រូបង្រៀន​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​៨ សីហា ថា មន្ត្រី​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ព្រៃវែង យក​ថ្លៃ​ធ្វើ​លិខិត​បញ្ជាក់​ពី​អង្គភាព​គ្រូ ដែល​យក​ទៅ​ប្រឡង​ត​ជំនាញ​ក្នុង​តម្លៃ​ក្រដាស ៣​សន្លឹក ៥​ពាន់​រៀល​ពី​គ្រូបង្រៀន​ម្នាក់ ដោយ​ពុំ​បាន​បញ្ជាក់​ហេតុផល ដែល​យក​ប្រាក់​នោះ​ទៅ​ប្រើប្រាស់​ថា​យ៉ាង​ណា​ច្បាស់​លាស់​ឡើយ។ គ្រូបង្រៀន​រូប​នេះ​ចាត់​ទុក​ការ​យក​ប្រាក់​ធ្វើ​លិខិត​ស្នាម​ក្នុង​អង្គភាព ថា​ជា​ទង្វើ​មួយ​ផ្ដេសផ្ដាស យក​ប្រាក់​ខ្ពស់​ហួស​ហេតុ មិន​សមស្រប​ទៅ​នឹង​ប្រាក់​ខែ​របស់​គ្រូបង្រៀន​ដែល​តិចតួច​ស្រាប់​នោះ​ទេ៖ «ដូច​ថា ដើរ​ខ្សែ​លើ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការ​យក​អ៊ីចឹងៗ បើ​សិន​មាន​ច្បាប់​ទម្លាប់​ចេញ​មាន​អ៊ីចឹង​មក វា​ស្រួល ខ្ញុំ​ប្រតិបត្តិ​តាម​ទៅ។ ហើយ​បើ​សិន​ជា​អត់​មាន ខ្ញុំ​គិត​ថា នេះ​ជា​ការ​ដើរ​ខ្សែ​លើ ហើយ​មាក់ងាយ​គ្រូបង្រៀន ដូច​ជា​ពួក​ខ្ញុំ​ហ្នឹង យក​អត់​ប្រាប់​គ្នា​យក​ទៅ​ធ្វើ​អីៗ ចេះ​តែ​យក​តែ​ផ្ដេសផ្ដាស។ គ្រូបង្រៀន​ប្រាក់​ខែ ៥០​ម៉ឺន ចាយ​វា​មិន​គ្រាន់​ផង ហើយ​ទៅ​ធ្វើ​អ៊ីចឹង​ទៀត បើ​សិន​ជា​រិះថាំ​បាន​សាំង​មួយ​លីត្រ ៥​ពាន់​ហ្នឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ការិយាល័យ​បុគ្គលិក​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រៃវែង លោក លី ហឿង បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​គ្រូបង្រៀន​នោះ ដោយ​លើក​ឡើង​ថា ខាង​មន្ទីរ​ពុំ​បាន​កំណត់ ឬ​តម្រូវ​ឲ្យ​គ្រូបង្រៀន​ណា​ម្នាក់​បង់​ប្រាក់​ថ្លៃ​ធ្វើ​លិខិត​បញ្ជាក់​ណា​មួយ​នោះ​ទេ៖ «បើ​សិន​ជា​លោកគ្រូ​អ្នកគ្រូ​សរសេរ​ហ្វម​តាម​របស់​ក្រសួង អ៊ីចឹង​លោកគ្រូ​អ្នកគ្រូ​សរសេរ​ទៅ​ហើយ មក​ដាក់​មក គឺ​អត់​មាន​ប៉ះពាល់​លុយ​ម៉ា​រៀល​មួយ​រយ​អី​ទេ។ ប៉ុន្តែ​បើ​សិន​ជា​អស់​លោក​ថា​ហេ! ខ្ជិល​ណាស់ សុខ​ចិត្ត​ទិញ​ជំនួស​ពាក្យ​អី​ទៅ អា​ហ្នឹង​មាន​គេ​ចែក​ជូន បាទ! អា​ហ្នឹង​សុំ​តែ​ថ្លៃ​ក្រដាស​វិញ​ទេ ថ្លៃ​ក្រដាស​ប៉ុន្មាន​ដែរ? ថ្លៃ​ក្រដាស​ឧទាហរណ៍​មួយ​ចំហៀង យើង​យក ៥០ យក​ទៅ​ថត​គេ ឬ​កាន់​ទៅ​ខ្លួន​ឯង​ក៏​បាន​ដែរ អត់​បញ្ហា​ទេ ម៉ា​ចំហៀង​ហ្នឹង ៥០​រៀល​បាទ!»

ចំណែក​ឯ​មន្ត្រី​សង្គម​ស៊ីវិល​វិញ ចាត់​ទុក​ការ​លើក​ឡើង​របស់​មន្ត្រី​អប់រំ​ខេត្ត​នេះ​ថា ជា​លេស​មួយ​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន កត់​សម្គាល់​ថា រាល់​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​ពី​មន្ត្រី​អប់រំ មិន​ថា​ជា​គ្រូបង្រៀន ឬ​ជា​លិខិត​បញ្ជាក់​របស់​សិស្ស​សាលា​នោះ​ទេ គឺ​ជៀស​មិន​ផុត​ពី​ការ​បង់​ប្រាក់​ឡើយ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​អំពើ​ពុក​រលួយ​ដដែលៗ ដោះស្រាយ​មិន​ចេញ ដោយសារ​ប្រាក់​ខែ​របស់​គ្រូបង្រៀន​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ក្រសួង​ត្រូវ​តែ​ពិនិត្យ​មើល​រឿង​ហ្នឹង កុំ​ឲ្យ​ចេះ​តែ​ជំរិត​យក​លុយ​ពី​គ្រូបង្រៀន ឬ​មួយ​បើ​មាន​ការ​ណែនាំ​ណា​មួយ ត្រូវ​ប្រកាស​ជា​សាធារណៈ ឬ​មួយ​ឲ្យ​មន្ទីរ ឬ​ការិយាល័យ​នីមួយៗ សរសេរ​បម្លែង​ដាក់​នៅ​ក្ដារខៀន​តែ​ម្ដង​ទៅ ដើម្បី​ឲ្យ​មាន​តម្លាភាព​បាទ!»

លោក​បន្ត​ថា ក្រសួង​អប់រំ ពុំ​បាន​តម្រូវ​ឲ្យ​គ្រូបង្រៀន​បង់​ប្រាក់​ថ្លៃ​បញ្ជាក់​ធ្វើ​លិខិត​ស្នាម ដើម្បី​យក​ទៅ​ប្រឡង​បន្ត​ជំនាញ​គ្រូ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។