ក្រុមគ្រូបង្រៀនអនុវិទ្យាល័យខេត្តព្រៃវែង បានស្នើឲ្យមន្ទីរអប់រំខេត្តព្រៃវែង ពន្យល់ និងដោះស្រាយបញ្ហាពួកគាត់ទទួលបានប្រាក់ខែតិចជាងប្រាក់ខែគ្រូបឋមសិក្សា។
ទោះបីពួកគាត់បានចេញទៅបង្រៀនអនុវិទ្យាល័យ អស់រយៈពេល ២ឆ្នាំមកហើយក្តី គ្រូបង្រៀនមធ្យមសិក្សាខេត្តព្រៃវែង សុំមិនបញ្ចេញឈ្មោះម្នាក់ បញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ តុលា ថា លោកមានការអាក់អន់ចិត្ត ដោយខ្លួនបានប្រឡងជាប់ជាគ្រូមធ្យមហើយ ហេតុអ្វីបានជាទទួលបានប្រាក់ខែតិចជាងគ្រូបឋមដដែល។
លោកថា ការប្រឡងពីគ្រូបឋមសិក្សា ទៅគ្រូមធ្យមសិក្សា ព្រោះចង់ពង្រីកចំណេះដឹងមានមុខងារខ្ពង់ខ្ពស់មួយកម្រិតទៀតក្នុងសង្គម និងដើម្បីឲ្យទទួលបានប្រាក់ខែប្រសើរឡើង៖ «ខ្ញុំចេញបង្រៀនអ៊ីចឹងមក ប្រាក់នៅតែប៉ុណ្ណឹងដដែលរយៈពេល ២ឆ្នាំហើយ ខុសពីវគ្គគ្រូបង្រៀនមុនៗ ដែលគេចេញបង្រៀនមក គេមានប្រាក់រំលឹកឲ្យវិញ ហើយប្រាក់ខែពេញជាគ្រូមធ្យម។ អ៊ីចឹង ខាងពួកខ្ញុំប៉ុន្មាននាក់ដែលជំនាន់ទី២១ ហ្នឹង ឲ្យជាគ្រូទាំងអស់ គឺអត់បានប្រាក់រំលឹកហ្នឹងទេ ហើយចេញបង្រៀនគ្រូមធ្យមហ្នឹង ២ឆ្នាំហើយ នៅតែអត់បានទៀត។ អ៊ីចឹង ទើបដល់ខែហ្នឹងទទួលគោលការណ៍ប្រាក់ខែ គេគ្រូបឋមគេដំឡើងបាន ៤០ម៉ឺនហ្នឹង ខាងខ្ញុំឡើងដែរ ប៉ុន្តែឡើងអត់បាន ៤០ម៉ឺននឹងគេទេ ឡើងនៅក្រោមគ្រូបឋមទៀត គឺបានតែ ៣២ម៉ឺនទេ»។
លោកថា ដើមឡើយក្រុមរបស់លោកជាគ្រូបង្រៀនបឋមសិក្សា ហើយគ្រូបឋមសិក្សានេះត្រូវចំណាយពេលរៀនគរុកោសល្យរយៈពេល ២ឆ្នាំ។ ចំណែកឯគ្រូមធ្យមសិក្សាវិញ ក៏រៀនគរុកោសល្យចំនួន ២ឆ្នាំដូចគ្នាដែរ។ ប៉ុន្តែ ការសិក្សាកម្រិតនេះ គឺរៀនផ្ដោតទៅលើជំនាញឯកទេសដែលគ្រូបានប្រឡងជាប់។ ហើយនៅពេលដែលពួកគាត់ចប់ពីការសិក្សារយៈពេល ២ឆ្នាំ គ្រូទាំងនោះត្រូវចេញទៅបង្រៀននៅតាមអនុវិទ្យាល័យ។ លោកថា ចំពោះគ្រូដែលមានបញ្ហាប្រាក់ខែតិចជាងគ្រូបង្រៀនបឋមសិក្សា ភាគច្រើនជាគ្រូបង្រៀនមធ្យមសិក្សាជំនាន់ទី២១ ដែលអតីតជាគ្រូបឋមសិក្សា។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំខេត្តព្រៃវែង លោក ហ៊ឹម សុផល មានប្រសាសន៍ថា លោកពុំទទួលបានព័ត៌មានស្ដីពីបញ្ហានេះនៅឡើយ ហើយបញ្ហាយឺតយ៉ាវក្នុងការដំឡើងប្រាក់ខែនេះ អាចមានការពាក់ព័ន្ធលើបច្ចេកទេស៖ «ដូចជាមិនមានអីទេ ដោយសារវាយឺត ដោយសារវាមានបញ្ហាបច្ចេកទេសអីខ្លះ ដោយសារឯកសារវាទាន់វាមិនអីអ៊ីចឹង។ ខ្ញុំគិតថា ឲ្យគាត់រក្សាកិច្ចការងារនេះរក្សាការធម្មតាទៅ ហើយខ្ញុំធ្វើការស្រាវជ្រាវថា វាមានមូលហេតុអីយ៉ាងម៉េចៗខ្លះ ខ្ញុំនឹងជម្រាបទៅខាងពួកជំនាន់គាត់ហ្នឹង ក្រែងលោវាយឺតយ៉ាវអីដោយបញ្ហាណាមួយ»។
យ៉ាងណាក៏ដោយ ក្រុមគ្រូបង្រៀនមធ្យមសិក្សា បង្ហាញថា ប្រាក់ខែរបស់ពួកគាត់បានរាំងស្ទះជាង ២ឆ្នាំមកហើយ។ ពួកគាត់ទទូចសុំឲ្យក្រសួងអប់រំ និងមន្ត្រីដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ ធ្វើយ៉ាងណា តាមដានជួយដោះស្រាយដល់ពួកគាត់ឲ្យបានឆាប់ ដើម្បីចៀសវាងកុំឲ្យបញ្ហានេះបន្តយឺតយ៉ាវទៅមុខទៀត ដែលបង្កផលប៉ះពាល់ដល់កិច្ចការបង្រៀន និងធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់គ្រូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
