គ្រូបង្រៀនមិនហ៊ានបង្ហាញអត្តសញ្ញាណមួយចំនួននៅខេត្តព្រៃវែង បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួយជំរុញប្រាក់បង្រៀនពីរវេន និងប្រាក់បៀវត្សរ៍ប្រចាំខែបើកឲ្យបានទៀងទាត់តាមខែនិមួយៗ។
គ្រូបង្រៀននៅស្រុកពាមជ័រ និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានអះអាងថា ប្រាក់បង្រៀនពីរវេនរបស់គាត់ មិនទាន់បានបើកតាំងពីចុងឆ្នាំ២០១២ មកម្ល៉េះ។ ក្រុមគ្រូបង្រៀនបានស្នើឲ្យផ្នែកពាក់ព័ន្ធ ជួយអន្តរាគមន៍បើកប្រាក់បៀវត្សរ៍ទាំងនេះជូនគ្រូបង្រៀនដែលមិនទាន់បានបើកប្រាក់បង្រៀនពីរវេនដោយអនុគ្រោះ។
គ្រូបង្រៀនបន្តថា ក្រៅពីប្រាក់បង្រៀនពីរវេនមិនទាន់បើក ប្រាក់ប្រចាំខែនិមួយៗ ក៏បើកមិនទៀងទាត់ដែរ។ ផ្ដើមពីបញ្ហានេះ គ្រូបង្រៀនខេត្តព្រៃវែង បានស្នើឲ្យស្ថាប័នពាក់ព័ន្ធចាប់ពីពេលនេះតទៅ ត្រូវបើកឲ្យបានទៀងទាត់តាមខែនិមួយៗ៖ «ប្រាក់បង្រៀនពីរពេលក្នុងរយៈពេល ៨ខែមកហើយ តាំងពីខែតុលា ចូលកងរហូតមកដល់ខែមិថុនា ទៅហើយ អត់ទាន់បើកប្រាក់បង្រៀនពីរពេល»។
ក្រុមគ្រូបង្រៀនបានរអ៊ូរទាំថា នៅគ្រាប្រាក់ខែគ្រូទទួលបានប្រចាំខែមានចំនួនតិចតួចនោះ មិនគួរស្ថាប័នពាក់ព័ន្ធបើកជូនគ្រូបង្រៀនយឺតយ៉ាវទៀតទេ។
មន្ត្រីក្រសួងអប់រំ មិនធ្វើអត្ថាធិប្បាយទេជុំវិញកង្វល់បើកប្រាក់ខែយឺតរបស់គ្រូបង្រៀនខេត្តព្រៃវែង តាមទូរស័ព្ទនៅថ្ងៃទី១៨ ខែមិថុនា ព្រោះជាប់រវល់។ ប៉ុន្តែ លោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្តព្រៃវែង មានប្រសាសន៍ដោយទទួលស្គាល់ថា ប្រាក់បង្រៀនពីរវេនបើកជូនគ្រូបង្រៀនយឺតពិតមែន ដោយសារបញ្ហាឯកសារ។ ទោះយ៉ាងណា លោកថាទាំងប្រាក់បង្រៀនពីរវេន និងប្រាក់ខែគ្រូ មន្ទីរបានរៀបចំ និងផ្តល់ជូនគ្រូបង្រៀនរួចហើយ៖ «ដោយសារតែបញ្ចូលពីរពេលបានជារាងយឺតបន្តិច ប៉ុន្តែមិនយឺតពេកទេ ដូចរាល់ខែអ៊ីចឹង។ អត់យឺតទេ បើនិយាយពីពេលវេលាបើកជាប្រចាំរាល់ខែហ្នឹង វាជាងថ្ងៃទី១០ ហ្នឹង វាក្នុងកំឡុងពេលហ្នឹងដូចគ្នាទេ។ ចង់និយាយថា ឯកសារដែលយើងបើកប្រចាំខែហ្នឹង វាអត់ដែលមានពីរវេន ដល់ខែនេះយើងបន្ថែមពីរវេនបញ្ចូល»។
ទាក់ទិនបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ប្រមុខដឹកនាំ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលសូម្បីតែប្រាក់ខែគ្រូបង្រៀនបើកមិនបានទៀងទាត់តាមខែនិមួយៗនោះ។ លោកថា ប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនទទួលបានតិច ហើយបើកមិនទាន់ពេល អាចនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍គ្រូបង្រៀន និងប៉ះពាល់ដល់ការសិក្សារបស់សិស្សថែមទៀត៖ «បញ្ហាប្រាក់បៀវត្សរ៍ បញ្ហាប្រាក់ពីរពេលហ្នឹង វាជារឿងចាស់ដដែលៗ។ យើងគិតថា រដ្ឋាភិបាលមួយគ្រាន់តែផ្តល់ប្រាក់ខែ ឬក៏ប្រាក់ពីរពេលដល់គ្រូបង្រៀន មិនបានទាន់ពេលវេលា។ នេះក៏ជាការឆ្លុះបញ្ចាំងអំពីការអសមត្ថភាពក្នុងការគ្រប់គ្រង ឬក្នុងការដឹកនាំប្រទេសមួយដែរ ដោយគ្រាន់តែរឿងតូចតាច យើងមិនបំពេញតួនាទី មិនបំពេញឲ្យបានទាន់ពេលវេលាដល់គ្រូបង្រៀនផងនោះ»។
ប្រាក់ខែគ្រូបឋមជាមធ្យមទទួលបានប្រមាណ ២៤ម៉ឺនរៀលក្នុងមួយខែ ឬប្រហាក់ប្រហែល ៦០ដុល្លារសហរដ្ឋអាមេរិក។ គ្រូអនុវិទ្យាល័យទទួលបានប្រមាណជិត ៤០ម៉ឺនរៀលក្នុង១ខែ ឬប្រហាក់ប្រហែល ៨០ដុល្លារ និងគ្រូវិទ្យាល័យជាមធ្យមទទួលបានជាង ៤០ម៉ឺនរៀលក្នុង១ខែ ឬប្រហែលជាង ១០០ដុល្លារក្នុងមួយខែ។ គ្រូបង្រៀនសរុបនៅទូទាំងប្រទេសកម្ពុជា មានជាង ១០ម៉ឺន ៤ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
